ព្រះ​​មហា​​ក្សត្រ​ត្រាស់​​បង្គាប់​​ឱ្យ​​លោក ​សុន​ ឆ័យ​ ធ្វើ​នយោ​បាយ​​វិញ​​

លោក សុន ឆ័យ កាលពីពេលកន្លងទៅ។

អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​មួយ​រូបគឺ​លោក សុន ឆ័យ ត្រូវ​បាន​ព្រះមហាក្សត្រត្រាស់​បង្គាប់​ឱ្យធ្វើ​នយោបាយ​ឡើងវិញ ក្រោយពី​លោក​ដាក់​លិខិតស្នើ​សុំ​ក្រសួងមហាផ្ទៃ។

ព្រះរាជ​ក្រឹត្យចុះ​ថ្ងៃទី៣ ខែកញ្ញា ព្រះមហាក្សត្របាន​ត្រាស​់បង្គាប់​ឱ្យ​លោក សុន ឆ័យ ភេទប្រុស អាយុ៦៤ឆ្នាំ បាន​ធ្វើនយោបាយ​ឡើងវិញ។

លោក សុន ឆ័យ អតីត​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ក្នុង​លិខិត​ចុះ​ថ្ងៃទី១៧ ខែសីហា ដែល​ផ្ញើ​ទៅ​ក្រសួងមហាផ្ទៃ​ថា ផ្អែក​តាម​មាត្រា៤៥ថ្មីនៃ​ច្បាប់​គណបក្ស​នយោបាយ លោក​ស្នើរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ពិនិត្យ​តាម​នីតិវិធី ដើម្បី​ផ្តល់​កាយសម្បទា​ធ្វើនយោបាយ​ឡើងវិញ​ដោយ​ក្តី​អនុគ្រោះ។

លោក សុន ឆ័យ និង​មន្ត្រី១១៧រូ​បផ្សេងទៀត ត្រូវ​តុលាការ​កំពូល​ចេញ​សាលដីកា​ហាម​ធ្វើសកម្មភាព​នយោបាយ​រយៈពេល៥ឆ្នាំ ខណៈ​តុលាការ​ជាន់ខ្ពស់​មួយ​នេះប្រកាស​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ​ឆ្នាំ២០១៧។

អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ មាន​អ្នកបោះឆ្នោត​គាំទ្រ​ជាង៤០ភាគរយ មាន​អាសនៈ​ក្នុង​សភា​ចំនួន៥៥ និង​អាសនៈ​ឃុំ​-សង្កាត់ចំនួន៥០០៧ ជា​ចំនួន​ប្រហាក់​ប្រហែល​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ដែល​កាន់កាប់​ដោយ​គណបក្ស​កាន់អំណាច​បច្ចុប្បន្ន​ដែរ។

ការ​រំលាយ​នោះ អាសនៈ​ក្នុង​សភានិង​អាសនៈ​ឃុំ​-សង្កាត់​របស់​គណបក្ស​ប្រឆាំង ត្រូវ​បាន​រឹបអូស​យក​ទៅ​ចែក​ឱ្យ​គណបក្ស​ផ្សេងៗដែល​ពលរដ្ឋ​មិនបាន​បោះឆ្នោត​ឱ្យ។

គិត​ត្រឹម​ថ្ងៃសុក្រ​នេះ អតីតមន្ត្រី​បក្ស​ប្រឆាំង១២នាក់ បាន​ចេញ​លិខិត​សុំ​សិទ្ធិ​ធ្វើនយោបាយ ក្នុងចំណោម​មន្ត្រី១១៨នាក់​ដែល​បាន​ហាម​ធ្វើសកម្មភាព​នយោបាយ ខណៈ​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​ជិត៣ឆ្នាំ​រួចមក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ