រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិកាចំនួន១៥០លានដុល្លារ សម្រាប់អភិវឌ្ឍកសាងផ្លូវចំនួន៣៨ខ្សែនៅក្នុងទីរួមខេត្តសៀមរាប ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រនេះថា ទោះបីពេលនេះកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ១៩ក៏ដោយ ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ ទើបរាជរដ្ឋាភិបាលសម្រេចបញ្ចេញកញ្ចប់ថវិកាចំនួន១៥០លានដុល្លារ សម្រាប់អភិវឌ្ឍកសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប។
លោកនាយករដ្ឋមន្ត្រីបន្តថា៖ «ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន៣៨ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩»។
លោករំពឹងថា នៅចុងឆ្នាំ២០២១ ខេត្តសៀមរាបនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បច្ចុប្បន្ន កម្ពុជាសន្សំបានថវិកាប្រមាណជាង៦០០លានដុល្លារ សម្រាប់ការអភិវឌ្ឍប្រទេស។
កាលពីថ្ងៃទី២៧ ខែមិថុនា ក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខេត្តសៀមរាប បានជួបពិភាក្សាពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅខេត្តសៀមរាបនេះផងដែរ។
យោងតាមរបាយការណ៍ដែលបង្ហាញក្នុងកិច្ចប្រជុំនោះ បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវមេចំនួន៣៨ខ្សែក្នុងក្រុងសៀមរាបនេះ មានប្រវែងសរុប៩៨,៣៤គីឡូម៉ែត្រ ត្រូវបានសិក្សាដោយរដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភ័ណភាពទីក្រុង ឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌និងប្រវត្តិសាស្ត្រ ព្រមទាំងតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅតំបន់ដាច់ស្រយាលនៅជាយក្រុង និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងខេត្តនេះ។
អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថា ខេត្តសៀមរាបជាខេត្តទេសចរណ៍វប្បធម៌និងប្រវត្តិសាស្ត្រ ហើយស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនត្រូវធ្វើការជួសជុលនិងកែលម្អឡើងវិញ។
លោកបន្តថា គម្រោងផ្លូវមេទាំង៣៨ខ្សែដែលគ្រោងនឹងជួសជុលនេះ ជាសរសៃឈាមនិងជាបេះដូងរបស់ខេត្ត ដើម្បីកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងសោភ័ណភាពរបស់ខេត្ត។
កាលពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលក៏បានសម្រេចទម្លាក់ថវិកាជាតិប្រមាណ៣០០លានដុល្លារអាមេរិក ដើម្បីជួសជុលកែលម្អផ្លូវចំនួន៣៤ខ្សែ មានប្រវែងសរុបជាង៨២គីឡូម៉ែត្រ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផងដែរ៕