ក្រសួង​មហា​ផ្ទៃ​​ជំរុញ​​ប្រសិទ្ធ​ភាព​​ទប់​ស្កាត់​​បទ​ល្មើស​និង​​សន្តិ​សុខ​​ក្នុង​​ពន្ធនាគារ​

សមត្ថកិច្ចអាជ្ញាធរយាមនៅពីមុខមណ្ឌលអប់រំកែប្រែទី២ (ព្រៃស) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

អគ្គនាយក​ដ្ឋា​នព​ន្ធ​នា​គារ​នៃ​ក្រសួងមហាផ្ទៃ និយាយ​ថា គណៈកម្មការ​ថ្មី​មួយ​ត្រូវ​បាន​ប្រកាស​សុពលភាព​ក្នុង​គោលបំណង​ទប់ស្កាត់​បទល្មើស​ក្នុង​ពន្ធនាគារ។

គេហទំព័រ​របស់​អគ្គនាយក​ដ្ឋា​នព​ន្ធ​នា​គារ លើកឡើង​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ក្រសួងមហាផ្ទៃ​បាន​ប្រកាស​សុពលភាព​គណៈកម្មការ​ដឹកនាំ​ការងារ​ត្រួតពិនិត្យ ឆែកឆេរ ដើម្បី​ពង្រឹង​ការងារ​សន្តិសុខ​សុវត្ថិភាព​នៅ​តាម​មណ្ឌល​អប់រំ​កែប្រែនិង​ពន្ធនាគារ​រាជធានី​-ខេត្ត។

គេហទំព័រ​ដដែល​នេះបាន​បញ្ជាក់​ថា កាលពី​ថ្ងៃទី១៤ ខែសីហា​កន្លងមក ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​គណៈកម្មការ ដើម្បី​ទប់ស្កាត់​ការប្រព្រឹត្ត​បទល្មើសនិង​ពង្រឹង​ការងារ​សន្តិសុខសុវត្ថិភាព​ពន្ធនាគារ។

VOD មិន​អាច​រក​ការ​បញ្ជក់​ពី​អ្នកនាំពាក្យ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ លោក នុត សវនា ដើម្បី​ចង់​ដឹង​ថា វា​មាន​បញ្ហា​ចម្បង​អ្វីខ្លះ​កើតឡើង​ក្នុង​ពន្ធនាគារ​ទើប​ក្រសួង​ត្រូវការ​បង្កើត​គណៈកម្មការ​នេះ ដើម្បី​ទប់ស្កាត់​បទល្មើសក្នុង​ពន្ធនាគារនិង​ស្ថិរភាព​ពន្ធនាគារ​នោះ​ទេ ខណៈ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដែល​ធ្វើ​កិច្ចការ​នេះ លោក ប៉ាវ ហម​ផាន អះអាង​ថា ជាប់រវល់។

ប៉ុន្តែរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​អគ្គនាយក​ពន្ធ​នា​គារថ្មីកា​លពី​ថ្ងៃទី១០ ខែសីហា បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ទៅលើ​ការ​បន្ត​កើនឡើង​យ៉ាង​គំហុក​អ្នកជាប់ឃុំ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ខណៈ​អ្នកជាប់ឃុំ​កើន​ដល់៤ម៉ឺន​នាក់ មាន​មន្ត្រី​ពន្ធនាគារ​តែ​ជាង៣ពាន់​នាក់ (៣០៧១​) ដែល​គិតជា​មធ្យម មន្ត្រី​ពន្ធនាគារ​ម្នាក់​ត្រូវ​ទទួលខុសត្រូវ​លើ​អ្នកជាប់ឃុំ​ប្រហែល១៣នាក់។

លោក ស ខេង ថ្លែង​ថា៖ «បញ្ហា​ប្រឈម​ធំ​បំផុត​ឥលូវនេះ ជន​ជាប់ឃុំ​នៅ​បន្ត​កើនឡើង ​[…] ឥលូវឧបមា​ថា ពន្ធនាគារ​ហ្នឹង​វា​ធ្លាយ​វឹប​មក មិនដឹង​ថាដោះស្រាយ​យ៉ាងម៉េច​ទេ ប្រសេចប្រសាច​មក ចោរលួច ចោរប្លន់ វា​បញ្ហា​អ៊ឺចឹង។ ឥលូវយើង​មិន​មើល! ពិតតែ​យើង​គ្រប់គ្រង​មនុស្ស​នៅក្នុង​អគារ​មែន កន្លែង​ឃុំខ្លួន​មែន ប៉ុន្តែ៤ម៉ឺន​នាក់អ៊ីចឹង យើង​ចែក​ទៅជាមួយ​នឹង៣ពាន់ ម្នាក់​ទទួលខុសត្រូវ​ប៉ុន្មាន​?»

នាយករង​អង្គការ​លី​កាដ​ូ​ដែល​ឃ្លាំមើល​សិទ្ធិមនុស្ស និង​ពន្ធនាគារ លោក អំ សំអាត និយាយ​ថា ប៉ុន្មាន​ឆ្នាំ​មកនេះ​ ពន្ធនាគារ​ស្ទើរ​ទូទាំង​ប្រទេស មាន​ភាព​ចង្អៀត​ណែន ដោយ​ថា អ្នកជាប់ឃុំ​ភាគច្រើន​ពាក់ព័ន្ធ​គ្រឿងញៀន។ លោក​ថា វិធានការ​នេះនឹង​មិន​ជោគជ័យ​ទេ បើ​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​មន្ត្រី​នៅ​ពីក្រោយ​បទល្មើសនិង​ទប់ស្កាត់​អំពើពុករលួយ​បានទេ​នោះ។

អ្នកឃ្លាំមើល​ពន្ធនាគារ​រូប​នេះ អះអាង​ដែរ​ថា កន្លងទៅ មន្ត្រី​រដ្ឋាភិបាល​ក៏​ធ្លាប់​ដាក់ចេញ​នូវ​វិធានការ​ផង​ដែរ កុំឱ្យ​ឧក្រិដ្ឋជន​គ្រឿងញៀន​យកពន្ធ​នា​គារ​នៅ​កម្ពុជា​ធ្វើជា​កន្លែង​ចែកចាយ​គ្រឿងញៀន។

លោក អំ សំអាត ប្រាប់​ថា៖ «អ្វី​ដែល​សំខាន់ ត្រូវ​ដោះស្រាយ​បន្ទាន់ គឺ​អា​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ហ្នឹង ហើយ​អា​នៅ​ខាងក្នុង វា​ជា​រឿង​មួយ ប៉ុន្តែបញ្ហា​គ្រឿងញៀន​នេះ វា​ត្រូវតែ​បង្កើន​យុទ្ធសាស្ត្រនិង​បង្ក្រាប​ចរាចរណ៍​គ្រឿងញៀន​នៅ​ខាងក្រៅ​នេះ​ឱ្យ​វា​មានប្រសិទ្ធភាព ល្អជា​ជាង​ការដែល​យើង​ទប់ស្កាត់​ក្នុង​ពន្ធនាគារ​ផង​ដែរ»។

រដ្ឋាភិបាល​បាន​ធ្វើ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ចាប់ពី​ឆ្នាំ២០១៧មក ដែល​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អះអាង​ថា ជា​មូលហេតុ​ចម្បង​មួយ​ធ្វើ​ឱ្យ​ពន្ធនាគារ​ចង្អៀត​ណែន​ពុំ​ទាន់​អាច​ដោះស្រាយ​បាន។

ប៉ុន្តែអង្គការលើ​កលែងទោស​អន្តរជាតិ (Amnesty International​) កាលពី​ថ្ងៃទី១៣ ខែឧសភា បាន​ចេញ​របាយការណ៍​វាយតម្លៃ​ថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រយៈពេល៣ឆ្នាំ​របស់​រដ្ឋាភិបាល​កម្ពុជា បរាជ័យ។

Amnesty ថា ភាព​បរាជ័យ​នេះ វា​បាន​ជំរុញ​ឱ្យ​មានការ​កើនឡើង​នូវ​ការរំលោភ​សិទ្ធិមនុស្ស ការប្រើ​មធ្យោបាយ​ឃុំឃាំង​ហួស​កម្រិត ​បង្ក​ឱ្យ​មាន​ហានិភ័យ​ដល់​សេវា​សុខភាព​សាធារណៈ និង​បង្កើត​ឱកាស​ឱ្យ​ប្រព្រឹត្ត​អំពើពុករលួយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ