ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដំណឹងដល់ម្ចាស់ឬនាយករោងចក្រសហគ្រាសទាំងអស់ពីការអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកដោយមានប្រាក់ឈ្នួល ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ បានលើកឡើងថា ម្ចាស់ឬនាយករោងចក្រសហគ្រាស ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ឈប់សម្រាកបុណ្យភ្ជុំបិណ្ឌចំនួន៣ថ្ងៃ គិតពីថ្ងៃ១៦ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ដោយទទួលបានប្រាក់ឈ្នួលជាធម្មតា។
ក្រសួងបន្តថា ចំពេាះរោងចក្រសហគ្រាសដែលដំណើរការជាប្រចាំនិងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យព្រមគ្នារបស់កម្មករនិយោជិតក្នុងពេលតែមួយ អាចធ្វើឱ្យខូចប្រយោជន៍សាធារណជន ឬខូចដំណើរការរបស់រោងចក្រ នោះម្ចាស់រោងចក្រសហគ្រាសអាចរៀបចំបែងចែកឱ្យកម្មករនិយោជិតឈប់សម្រាកនៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់ប្ដូរវេនគ្នាបាន។
ក្រសួងបន្ថែមថា ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិងនិយោជក ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀតដែលខុសពីថ្ងៃឈប់សម្រាកបុណ្យបាន។
ក្រសួងបញ្ជាក់ថា កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ មានសិទ្ធិទទួលបាននូវប្រាក់ដំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា៕