លោក Lee Hsien Loong មានប្រសាសន៍ក្នុងសភាថា រដ្ឋាភិបាលបើកចិត្តទទួលយកគំនិតពីក្រុមគណបក្សប្រឆាំង ដើម្បីយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងពង្រឹងផ្នែកនយោបាយកុំឱ្យមានការបែកបាក់ជាតិ។
លោកនាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា សម្រាប់គំនិតដែលទទួលយកបានគឺគប្បីត្រូវមានសេចក្តីត្រឹមត្រូវនិងសមហេតុផល រួមជាមួយនឹងបរិបទជាក់ស្តែងនិងបទពិសោធ។
ក្នុងថ្ងៃទី៣នៃការជជែកដេញដាលក្នុងសភា ស្តីអំពីដំណោះស្រាយរបស់អ្នកដឹកនាំ កាលពីថ្ងៃពុធ ទី២ ខែកញ្ញាកន្លងទៅ លោក Lee Hsien Loong បានលើកសរសើរលោក Pritam Singh ដែលជាប្រធានគណបក្សពលករ សម្រាប់ការថ្លែងសុន្ទរកថារបស់លោក ក្នុងការដាក់ចេញនូវរបៀបដែលគួរអនុវត្តក្នុងនាមជាមេដឹកនាំ។
តាមប្រភពសារព័ត៌មាន TODAY លោក Lee និយាយថា៖ «ខ្ញុំអបអរសាទរចំពោះគំនិតនិងវិធីសាស្ត្ររបស់គាត់ ហើយរដ្ឋាភិបាលនឹងចូលរួមជាមួយគាត់ សម្រាប់ការជជែកពិភាក្សាក្នុងវេទិកាស្ថាបនានេះ»។
បើទោះបីជាមានចំនួនសមាជិកនៃក្រុមប្រឆាំងច្រើនក្នុងសភាក៏ដោយ ក៏ប៉ុន្តែលោក Lee បាននិយាយថា នេះមិនមែនមានន័យថា ការជជែកដេញដាលគ្នានៅក្នុងសភានេះកាន់តែក្តៅនោះឡើយ។
ប្រភពដដែលបានឱ្យដឹងថា ក្រុមប្រឆាំងធំបំផុតររបស់សិង្ហបុរីត្រូវបានលេចឡើងម្តងទៀតក្នុងការជជែកដេញដាលក្នុងសភា ហើយនេះជាលើកដំបូងចាប់តាំងពីថ្ងៃប្រកាសឯករាជ្យរបស់ប្រទេសសិង្ហបុរីមក។
គួរបញ្ជាក់ថា សមាជិកដែលចូលរួមក្នុងការដេញដាលនេះ មានមកពីគណបក្សពលករចំនួន១០រូប និងសមាជិកសភាមិនមែនរដ្ឋធម្មនុញ្ញចំនួន២រូបដែលមកពីគណបក្សរីកចម្រើនសិង្ហបុរី។
លោក Lee មានប្រសាសន៍ថា៖ «ការប្រឆាំងមានថាមពលមួយដែលមាននៅក្នុងប្រព័ន្ធសភាអាចខុស។ យើងសង្ឃឹមថា ភាពចម្រុះគ្នានេះនឹងធ្វើឱ្យផ្កាមួយរយទងរីក ប៉ុន្តែតើយើងអាចការពារភាពចម្រុះគ្នានេះពីការបែកខ្ញែកយ៉ាងដូចម្តេច? តើយើងធ្វើយ៉ាងណាដើម្បីឱ្យប្រាកដថាការខ្វែងគំនិតគ្នាមិនបណ្តាលឱ្យមានជម្លោះ?»
គួរបញ្ជាក់ថា ប្រព័ន្ធនយោបាយរបស់ប្រទេសសិង្ហបុរី ត្រូវបានយកគំរូតាមលទ្ធិប្រជាធិបតេយ្យ បែបប្រទេសលោកខាងលិចដូចជានៅប្រទេសអង់គ្លេស តែមិនមានការអនុវត្តពេញលេញនោះទេ។
លោក Lee បានបន្ថែមទៀតថា អាសនៈរបស់មេដឹកនាំបក្សប្រឆាំងនៅក្នុងសភា គឺផ្ទុយស្រឡះពីលោកនាយករដ្ឋមន្ត្រី។
លោក Lee និយាយថា៖ «គាត់មិននៅទីនោះក្នុងនាមជាអ្នកលើកទឹកចិត្តជួយរដ្ឋាភិបាល ក្នុងការបំពេញការងារបានល្អប្រសើរនោះទេ។ គាត់នៅទីនោះ ដើម្បីប្រកួតប្រជែងជាមួយនាយករដ្ឋមន្រ្តីដែលកំពុងកាន់អំណាចនិងរដ្ឋាភិបាល ដើម្បីចង្អុលបង្ហាញពីកំហុសរបស់ពួកគេ ដើម្បីបង្ហាញពីកន្លែងដែលរដ្ឋាភិបាលបានធ្លាក់ចុះ ដើម្បីរក្សាភាពមិនទុកចិត្តរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី»។
លោកបានបន្តថា ក្នុងកម្រិតដែលសំខាន់បំផុតដើម្បីធ្វើឱ្យនយោបាយអាចដំណើរការបាន គឺទាមទារឱ្យរដ្ឋាភិបាលនិងគណបក្សប្រឆាំងត្រូវតែចែករំលែកពីបញ្ហាឬគោលបំណងរបស់ខ្លួនដែលពួកគេមានផ្ទុយគ្នា សម្រាប់ជាប្រយោជន៍ដល់ប្រទេសសិង្ហបុរីផ្ទាល់និងមិនមែនសម្រាប់តែគណបក្សឬអ្នកគាំទ្ររបស់ពួកគេនោះឡើយ៕