រដ្ឋាភិបាលកាត់ផ្ទៃដីបឹងតាមោក១៥ហិកតាបន្ថែមសាងសង់ស្ថាប័នរដ្ឋ

ទិដ្ឋភាពបឹងតាមោក ខណៈអាជ្ញាធររៀបចំចាក់បំពេញដី ដើម្បីអភិវឌ្ឍ កាលពីឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា

រដ្ឋាភិបាលសម្រេចកាត់ផ្ទៃដីបឹងតាមោកទំហំ ១៥០ ០០០ម៉ែត្រការ៉េ (មួយរយហាសិបពាន់ម៉ែត្រក្រឡា)ឬស្មើនឹង១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ ដើម្បីប្រើប្រាស់រៀបចំកសាងការិយាល័យស្ថាប័នរបស់រដ្ឋចំនួន​៣។​

ក្នុងអនុក្រឹត្យរបស់រដ្ឋាភិបាលស្តីពី ការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ចុះផ្សាយកាលពីថ្ងៃទី១ ខែកញ្ញាឱ្យដឹងថា រដ្ឋាភិបាលសម្រេចធ្វើប្រទានកម្មផ្ទៃដីទំហំ  ១៥០០០០មែត្រការ៉េ (មួយរយហាសិបពាន់ម៉ែត្រក្រឡា) ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជូនជាកម្មសិទ្ធដល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសាមីន។

កាលពីខែមិថុនា ឆ្នាំ២០១៨ រដ្ឋាភិបាលសម្រេចកាត់ផ្ទៃបឹងតាមោកចំនួន ២០ហិកតា តាមសំណើរបស់សាលារាជធានីភ្នំពេញ ដើម្បីអភិវឌ្ឍធ្វើផ្សារបន្លែ និងចំណតរថយន្ត។

ក្រោយមកនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលសម្រេចកាត់ផ្ទៃបឹងតាមោកចំនួន៧៥ហិកតា ធ្វើសួន និងឧទ្យានធម្មជាតិ។ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលសម្រេចកាត់ផ្ទៃបឹងតាមោកចំនួន៣០ហិកតា ដោះដូរដីគោកនៅទីតាំងផ្សេងៗគ្នាជាមួយដីបឹង និងថ្ងៃទី២២ ខែមិនុថា ឆ្នាំ២០២០ រដ្ឋាភិបាលកាត់ផ្ទៃបឹងនោះ៣០០ហិកតាបន្ថែមទៀត ជូនក្រសួងការពារជាតិ។

បើតាមរបាយការ​រណ៍សមាគមធាងត្នោត ឱ្យដឹងថា នៅជុំវិញបឹងតាមោកមានចំនួន ១៩ភូមិ ៥សង្កាត់ និងចំនួន២ខណ្ឌ (ព្រែកព្នៅ និងសែនសុខ)។ របាយការណ៍បញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងនោះបានអាស្រ័យផលពីបឹង មានដូចជា ការធ្វើស្រែ រកត្រី និងដាំដំណាំ ជាដើម។

កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការកំណត់ផ្ទៃបឹងតាមោកជាសម្បតិ្តរបស់រដ្ឋដែលមានផ្ទៃដីសរុបប្រមាណ ៣ ២៣៩ហិកតា សម្រាប់ស្តុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ