ពលករចំណាកស្រុកទៅថៃវិលវិញអស់ផ្ទះរស់នៅដោយម្ចាស់បំណុលរឹបអូស

ផ្ទះដែលមានជម្លោះនៅភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ រូបពី ឆាន់ វឿន

ពលករចំណាកស្រុកធ្វើការនៅប្រទេសថៃមួយគ្រួសារចោទអាជ្ញាធរឃុំមួយនៅខេត្តកំពង់ធំថា បាន​ឃុបឃិតគ្នាជាមួយម្ចាស់បំណុល យកផ្ទះ​និងដីរបស់ខ្លួន លក់ទៅឲ្យអ្នកដទៃខុសច្បាប់ ធ្វើឱ្យគ្រួសារគាត់សុំផ្ទះគេរស់នៅ។​

អ្នកស្រី ឆាន់ វឿន រស់នៅភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ អះអាងថា រូបគាត់ រួមជាមួយប្តី និងកូនម្នាក់ទៅធ្វើការងារនៅប្រទេសថៃកាលពីឆ្នាំ២០១៥ ដើម្បីយកលុយសងបំណុលគេ ប៉ុន្តែពេលមកស្រុកវិញនៅដើមឆ្នាំ២០២០នេះ ត្រូវម្ចាស់បំណុលរឹបអូសយកផ្ទះ និងដីរបស់គាត់ដោយមិនត្រឹមត្រូវតាមច្បាប់។​

ពលករចំណាកស្រុក អ្នកស្រី ឆាន់ វឿន អះអាងថា គាត់ខ្ចីប្រាក់ពី ទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍និរន្តចំនួន១៤លានរៀល កាលពីថ្ងៃទី២៦​ ខែសីហា ឆ្នាំ២០១៤ និងបង់រំលោះទាំងដើមនិងការចំនួន២៤ខែ។ ប៉ុន្តែគាត់បានបង់រំលោះមិនទៀងទាត់។

ក្រោយមកនៅកំឡុងខែវិច្ឆិកា ឆ្នាំ២០១៥ មេភូមិអូរអង្គរ ឈ្មោះ គាន ហ៊ាន និងភរិយាឈ្មោះ ហ៊ូន ឡាញ់ មកប្រាប់អ្នកស្រី ឆាន់ វឿន ថា សុំជួយបង់ផ្តាច់ទៅភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍និរន្តរ ចំនួន៥លាន២៤ម៉ឺន៩ពាន់រៀល ដើម្បីដកប្លង់ដីទុក ហើយឲ្យឈ្មោះ ឆាន់ វឿន សងប្រាក់នោះមកពួកគេវិញជារៀងរាល់ខែ។

ពលកររូបនោះបញ្ជាក់ថា គាត់បានបង់ប្រាក់រំលោះទៅឲ្យមេភូមិអូរអង្គរ និងភរិយានោះតាមតារាងកំណត់ជារៀងរាល់ខែដែរ ប៉ុន្តែមួយរយៈក្រោយមក បែរជាពួកគេឃុបខិតជាមួយមេឃុំសាគ្រាម ឈ្មោះ ចាន់ សុផល យកផ្ទះរបស់គាត់លក់ទៅឲ្យជំទប់ទី១ឈ្មោះ គាន គឹមស៊ាន ដែលត្រូវជាសាច់ញាតរបស់មេភូមិអូរអង្គរទៅវិញ។

អ្នកស្រីនិយាយថា៖ «ខ្ញុំសងលុយគាត់[ឈ្មោះ គាន ហ៊ាន និងហ៊ូញ ឡាញ់] រាល់ខែ ប៉ុន្តែខែខ្លះខ្ញុំមិនបានបង់ ក៏ខ្ញុំបង់ឌុបខែឲ្យគាត់ដែរ ហេតុអីយកដីផ្ទះខ្ញុំលក់ឲ្យសាច់ញាតិមេភូមិនោះទៅវិញ ឥឡូវខ្ញុំឲ្យមេធាវីប្តឹងទៅតុលាការជួយរកយុត្តិធម៌ខ្ញុំហើយ»។

អ្នកស្រី ហ៊ូន ឡាញ់ ដែលជាភរិយារបស់មេភូមិអូរអង្គរ ឈ្មោះ គាន ហ៊ាន និយាយថា គាត់ពិតជាទទួលបានលុយដែលឈ្មោះ ឆាន់ វឿន សងរំលោះមែន តែសងមិនទៀងទាត់ទេ ហើយលុយដែលសងនោះសរុបមកដល់ពេលបច្ចុប្បន្ននេះប្រហែលជា១១លានរៀល គឺមិនទាន់រួចគ្នានៅឡើយ។

ចំណែក ដីនិងផ្ទះ អ្នកស្រី ឡាញ់ បញ្ជាក់ថា  គាត់មិនបានលក់នោះទេ គឺប្តីរបស់គាត់ បានឲ្យប្អូនដែលជាជំទប់ទី១រស់នៅបណ្តោះអាសន្ន ដើម្បីរង់ចាំម្ចាស់ផ្ទះ ចេញមុខសងប្រាក់ឲ្យរួចគ្នា ទើបប្រគល់ឲ្យម្ចាស់វិញ។

អ្នកស្រីនិយាយថា៖ «ដីនិងផ្ទះខ្ញុំអត់បានលក់ទេ ទុកឲ្យប្អូន[ជំទប់ទី១]គាត់នៅបណ្តោះអាសន្នសិន ប៉ុន្តែបើគាត់ចេញមុខសងលុយខ្ញុំឲ្យរួច ខ្ញុំប្រគល់ផ្ទះឲ្យវិញហើយ ព្រោះលុយដែលគាត់ខានបង់ឲ្យខ្ញុំនៅខ្វះជាង៥០ខែទៀត»។

ឆ្លើយតបនឹងករណីនេះ ពលករ ឆាន់ វឿន អះអាងថា គាត់មិនទៅសម្របសម្រួលជាមួយម្ចាស់បំណុលនោះទេ ដោយថាទុកឲ្យតុលាការជាអ្នកសម្រេច ដោយសារគាត់ដាក់ពាក្យប្តឹងទៅតុលាការ និងសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យជួយដោះស្រាយរឿងនេះហើយ។

អ្នកស្រីនិយាយថា «ខ្ញុំជំពាក់លុយសងលុយ ឲ្យបូកនៅមុខតុលាការមកខ្ញុំសងទាំងអស់ ប៉ុន្តែម៉េចបានជាគាត់យកផ្ទះខ្ញុំ ឥឡូវសំណុំរឿងខ្ញុំនៅតុលាការ បើគាត់ចង់ដោះស្រាយគ្នាចាំដោះស្រាយនៅតុលាការទៅ​ ខ្ញុំអត់ដោះស្រាយក្រៅប្រព័ន្ធតុលាការទេ»។

រីឯមេឃុំសាគ្រាម លោក ចាន់ សុផល ទទួលស្គាល់ថា កាលពីចុងឆ្នាំ២០១៩ គាត់ពិតជាបានចុះហត្ថលេខា និងបោះត្រាទទួលស្គាល់ថា មេភូមិអូរអង្គរ និងភរិយាលក់ដី និងផ្ទះ ឲ្យប្អូនដែលជាជំទប់ទី១ លោក គាន គឹមស៊ាន មែន ប៉ុន្តែដោយសារតែគាត់មិនបានពិនិត្យមើលឯកសារផ្លូវច្បាប់គ្រប់គ្រាន់ ព្រោះជាប់រវល់ប្រជុំ។

ទោះជាបែបនេះក្តីមេឃុំរូបនោះបញ្ជាក់ថា ក្រោយពីចុះហត្ថលេខាលើកិច្ចសន្យាទិញលក់នោះ បានប្រហែលជា២ម៉ោង គាត់បានយកឯកសារមកពិនិត្យ មិនឃើញមានលិខិតផ្ទេរសិទ្ធិពីម្ចាស់ដីដើម ទើបគាត់ចេញលិខិតបដិសេធលើលិខិតទិញលក់នោះវិញ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។

ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា ប្រាប់វីអូឌី នៅថ្ងៃនេះថា លោកនឹងចេញដីកាកោះហៅភាគីទាំងពីរមកជជែកគ្នានៅសប្តាហ៍ក្រោយនេះ ដើម្បីរកដំណោះស្រាយជូនគូវិវាទ។

លោកមានប្រសាសន៍ថា៖ «យើងនិងពិនិត្យមើល បើវាមានបញ្ហាធ្ងន់ធ្ងរ យើងនឹងធ្វើការចោទប្រកាន់ទៅលើជនសង្ស័យ [គាន ហ៊ាន និងភរិយាឈ្មោះ ហ៊ូន ឡាញ់] ប៉ុន្តែបើដើមបណ្តឹងមិនយល់ព្រម ប៉ុន្តែយើងពិនិត្យទៅលើផលប៉ះពាល់ នៃទំហំនៃការខូចខាត បើសិនវាមិនធំធេងទេ យើងអាចតម្កល់រឿងមិនចាត់ការ ព្រោះគោលការណ៍ច្បាប់ មិនថាឲ្យតែមានបទល្មើសត្រូវតែចោទគ្រប់ករណីទេ ខ្ញុំត្រូវពិនិត្យនិងវាយតម្លៃលើអង្គហេតុ និងអង្គច្បាប់បន្ថែមទៀត»

របាយការណ៍របស់ក្រសួងការងារសម្រាប់ឆ្នាំ២០១៨ ដែលចេញផ្សាយនៅដើមឆ្នាំមុន បញ្ជាក់ថា ពលករខ្មែរជាង ១លាន ១​សែន​នាក់​​ កំពុងធ្វើការនៅប្រទេសថៃ ដោយចំនួននេះ​ក្រសួង​មិន​បាន​បង្ហាញ​​ពីតួលេខនៃអ្នកដែលទៅ​ធ្វើការដោយខុសច្បាប់នៅប្រទេសថៃនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ