បក្សមូលដ្ឋានប្រចាំខេត្តកណ្តាលអំពាវនាវឱ្យអាជ្ញាធរបើកទូលាយព័ត៌មានព្រំដែន​

ក្រុមការងារគណបក្សប្រជាធិបតេយ្យមូលដ្ឋានខេត្តកណ្តាល និងសមត្ថកិច្ចការពារព្រំដែននៅឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។​ រូបពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានខេត្តកណ្តាល

ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រចាំខេត្តកណ្តាល អំពាវនាវដល់អាជ្ញាធរខេត្តនេះ ឱ្យស្វាគមន៍ និងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ ចំពោះអ្នកដែលមានបំណងចង់ដឹងពីបញ្ហាព្រំដែននៅកន្លែងដែលវៀតណាម​រៀបចំទីតាំងឱ្យយោធាប្រចាំការ។​

ក្នុងហ្វេសប៊ុករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខេត្តកណ្តាល បានផ្សព្វផ្សាយសារកាលពីថ្ងៃទី៥ ខែកញ្ញា ម្សិលមិញថា ក្រុមការងារ បានបំពេញការងារគណបក្ស នៅក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែសីហា។ បន្ទាប់ពីបំពេញការងារចប់ ក្រុមការងារបក្សនោះ បានធ្វើដំណើរទៅកាន់វត្តខេមរៈរាជាការា ឬហៅវត្តប៉ាក់ណាម ស្ថិតក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ក្បែរព្រំដែនកម្ពុជា-វៀតណាម ដើម្បីចង់មើល ស្វែងយល់ពីបញ្ហាដែលវៀតណាមបានបោះតង់នៅក្បែរព្រំដែន និងបោះតង់នៅកន្លែងមិនទាន់មានការឯកភាពគ្នា។

គណបក្សនេះបញ្ជាក់ថា នៅពេលចុះទៅដល់តំបន់ព្រំដែនកម្ពុជា-វៀតណាមនោះ មន្ត្រីប៉ុស្តិ៍នគរបាលមួយកន្លែងប្រចាំការនៅក្បែរវត្តប៉ាក់ណាម បានហៅប៉ូលីសមកកាន់តែច្រើន សួរនាំមន្ត្រីគណបក្សរបស់ខ្លួន និងគំរាមចាប់ខ្លួនផងដែរ។

ហ្វេសប៊ុនបក្សសសេរដូចនេះថា៖ «ពេលដែលក្រុមការងារយើងធ្វើដំណើរទៅដល់ប៉ុស្តិ៍នគរបាលមួយកន្លែងនៅក្បែរវត្តប៉ាក់ណាម ដើម្បីសាកសួរព័ត៌មាន ត្រូវនគរបាលនៅទីនោះមកថតរូបពួកយើង និងព្យាយាមសួរនាំត្រឡប់មកយើងវិញថា មកពីណា? មានបំណងអី? ហើយបានហៅកម្លាំងប្រដាប់អាវុធមកថែមហាក់ប្រុងប្រយ័ត្នខ្លាំងជាមួយពួកយើង។ ក្នុងពេលនោះក៏មានកម្លាំងសមត្ថកិច្ចមកបំភ័យក្រុមការងារយើងពីការចាប់ខ្លួនផងដែរ»

ករណីនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានខេត្តកណ្តាល​ អំពាវនាវទៅសមត្ថកិច្ចប្រចាំការនៅព្រំដែន ត្រូវតែស្វាគមន៍ពលរដ្ឋឱ្យមានភាពកក់ក្តៅ និងផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ បើពួកគាត់ចង់ដឹងរឿងព្រំដែន ពីព្រោះប្រជាពលរដ្ឋ ក៏មានចំណែកជាម្ចាស់ប្រទេស នឹងមានសិទ្ធិស្វែងយល់ពីបញ្ហាព្រំដែន នៃប្រទសរបស់ខ្លួនផងដែរ។

ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រចាំខេត្តកណ្តាល លោក ប៉ោ មករា លើកឡើងថា បើទោះជាការរារាំងនេះ ធ្វើឱ្យក្រុមការងារមានការភ័យខ្លាចខ្លះ ប៉ុន្តែលោកថា  លោក និងក្រុមការងារនៅតែបន្តចុះទៅស្វែងយល់ពីបញ្ហាព្រំដែននៅក្នុងខេត្តនេះទៀត ព្រោះថា ជាសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ។​

លោក ប៉ោ មករា៖«អ្វីដែលក្រុមការងារយើងធ្វើគឺស្របទៅតាមសិទ្ធិមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលបើកសិទ្ធិឱ្យពលរដ្ឋស្វែងយល់ពីរឿងទាំងអស់នេះ ពិសេសរឿងនយោបាយ ជីវភាពនយោបាយ​»។​

លោក ប៉ោ មករា ក៏បានសរសើរមន្ត្រីការពារព្រំដែនមួយចំនួនដែលព្យាយាមពន្យល់មូលហេតុមិនឱ្យទៅជិតកន្លែងវៀតណាមបោះទីតាំងយោធាដោយថា ជាកាតព្វកិច្ចតាមបញ្ជាថ្នាក់លើ ខណៈមន្ត្រីខ្លះទៀតប្រើពាក្យបំភ័យ។​

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ មានប្រសាសន៍ថា លោក មិនបានដឹងពីការរារាំងនេះទេ ប៉ុន្តែលោកថា ជាគោលការណ៍គ្មានការហាមឃាត់ទេឱ្យតែមានការបានជូនដំណឹងទៅអាជ្ញាធរនៅប្រចាំការទីនោះ។​លោក បន្តថា ពេលនេះអាជ្ញាធរមានការរឹតបន្តឹងបន្តិចដោយសារការពារការឆ្លងមេរោគកូវីដ១៩។​

លោកមានប្រសាសន៍ថា៖ «ប្រហែលជាក្រុមគណបក្សនោះគាត់ទៅអត់បានប្រាប់អាជ្ញាធរ ការងារនៅព្រំដែនជារឿងដែលយើងយកចិត្តទុកដាក់  ទីមួយការទប់ស្កាត់រីករាលដាលជំងឺកូវីដ យើងប្រយ័ត្នការឆ្លងដែនពីមនុស្សមួយ ទៅមនុស្ស ពីខេត្តមួយទៅខេត្តមួយ ជាពិសេសទាំងប្រទេសកម្ពុជានិងវៀតណាម មិនអាចឲ្យយើងចេញចូលខ្វះការសហការជាមួយសមត្ថកិច្ចព្រំដែនទេ ត្រូវការសហការគ្នា ក្នុងនាមយើងគោរពកិច្ចការរដ្ឋបាល និងច្បាប់»។​

កម្ពុជា-វៀតណាម មានព្រំប្រទល់ដីគោកប្រវែង១២៧០គីឡូម៉ែត បច្ចុប្បន្នបោះបាន៨៤ភាគរយនៅសស់១៤ភាគរយទៀតមិនទាន់ឯកភាពគ្នា ដែលភាគីទាំងពីររង់ចាំការគូរចម្លងផែនទីពីភាគីបារាំងពីខ្នាត «១លើ១០០ពាន់» មកខ្នាត «១លើ៥០ពាន់» វិញ។

បញ្ហាព្រំដែននៅក្នុងខេត្តត្បូងឃ្មុំនេះ រដ្ឋាភិបាលបានចាប់ខ្លួនអ្នកចោទថា បាត់ដីទៅវៀតណាមជាបន្តបន្ទាប់ ក្នុងនោះរួមទាំងអ្នកនយោបាយ សង្គមស៊ីវិល និងក្រុមយុវជន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ