ឥណ្ឌា​​ចោទ​​ថា​​កង​ទ័ព​​ចិន​​ចាប់​​ពល​រដ្ឋ​​ស៊ី​វិល​​ខ្លួន​៥​នាក់​

ទាហានចិនម្នាក់និងទាហានឥណ្ឌាម្នាក់ឈរទល់មុខគ្នាខណ្ឌដោយខ្សែលួសមួយនៅចំណុចព្រំប្រទល់រវាងចិននិងឥណ្ឌា ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០០៦។ (AP)

​ទំនាក់ទំនង​រវាង​ក្រុង​ដេលីនិង​ក្រុង​ប៉េកាំងកាន់តែ​មាន​ភាព​តានតឹង​ ក្រោយពី​ភាគី​ឥណ្ឌា​បាន​ចោទប្រកាន់​ថា ​កងទ័ព​ចិន​បាន​ចាប់ពង្រត់​ជនស៊ីវិល​ឥណ្ឌា​ចំនួន៥នាក់​នៅ​ព្រំប្រទល់​ប្រទេស​ទាំងពីរ​ក្នុង​តំបន់​ដែល​កំពុង​មាន​ជម្លោះ​ស្ថិតនៅ​ជួរភ្នំ​ហិមាល័យ។ 

ព័ត៌មាន​នៃ​ការ​ចាប់ខ្លួន​ពលរដ្ឋ​ស៊ីវិល​ឥណ្ឌា​ទាំង៥នាក់ ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជាលើកដំបូង​ដោយ​សមាជិកសភា​របស់​ឥណ្ឌា​មក​ពីរ​ដ្ឋ Arunachal Pradesh។ 

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន BBC លោក Tapir Gao សមាជិកសភា​រដ្ឋ Arunachal Pradesh របស់​ឥណ្ឌា បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​របស់​លោក​ថា ​ការចាប់ខ្លួន​នោះ​បាន​កើតឡើង​នៅ​ថ្ងៃទី៣ ខែកញ្ញា នៅ​ក្បែរ​ព្រំដែន។ ប៉ុន្តែ​លោក​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ។ កងទ័ព​ឥណ្ឌា​បាន​បញ្ជូន​សារ​សួរនាំ​បញ្ហា​នេះ​ទៅ​កងទ័ព​ចិន​រួចហើយ ប៉ុន្តែ​រហូតដល់​ពេលនេះ​ភាគី​ចិន​ពុំ​ទាន់បាន​ឆ្លើយតប​ថា​យ៉ាងណា​នោះ​ទេ។ 

បុរស​ជនជាតិ​ឥណ្ឌា​ទាំង៥នាក់​ត្រូវ​បាន​កងទ័ព​ចិន​ចាប់ខ្លួន​នៅពេល​ដែល​ពួក​គេ​ចូល​ទៅ​បរបាញ់​នៅ​តំបន់​ក្បែរ​ព្រំដែន​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន​ក្នុង​រដ្ឋ Arunachal Pradesh។ 

ប្រទេស​ឥណ្ឌាក៏​ធ្លាប់​បាន​ចោទប្រកាន់​ប្រទេស​ចិន​ថា ​បង្ក​ភាព​តានតឹង​ផ្នែក​យោធា​នៅ​តាម​បណ្តោយ​ព្រំដែន​ចំនួន​ពីរ​ដងក្នុងរយៈពេល​មួយ​សប្តាហ៍​កាលពី​ខែសីហា​កន្លងទៅ ក៏ប៉ុន្តែ​ការចោទប្រកាន់​ទាំងនេះត្រូវ​បាន​បដិសេធ​ដោយ​ទីក្រុង​ប៉េកាំង។

កាលពី​ថ្ងៃទី៥ ខែកញ្ញា នៅក្នុង​ទីក្រុង​មូស្គូ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ឥណ្ឌា​ លោក Rajnath Singh បាន​ជួប​ជាមួយ​សម​ភាគី​ចិន​ ក៏ប៉ុន្តែ​ការស្វែងរក​វិធី​ដោះស្រាយ​នោះ បាន​ក្លាយជា​សង្គ្រាម​ពាក្យ​សម្តី​ទៅវិញ។ 

ប្រទេស​ចិន​បាន​និយាយ​ថា ការ​ឈរជើង​នៅ​តាម​ព្រំដែនគឺជា​កំហុស​របស់​ឥណ្ឌា​ទាំងស្រុង។ ចំណែក​ប្រទេស​ឥណ្ឌា​វិញ បាន​ចោទប្រកាន់​ទៅ​ចិន​ពី​ការប្រមូល​ផ្តុំ​កងទ័ព​ជាច្រើន​លើសលុប រួម​នឹង​ឥរិយាបថ​ឈ្លានពាននិង​ការប៉ុនប៉ង​ផ្លាស់​ប្តូរ​ស្ថានភាព​ជាឯកតោភាគី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ