អាជ្ញាធរ​​ខេត្ត​​ព្រះ​សីហនុ ​ឃាត់​ខ្លួន​​ជន​សង្ស័យ​១៧​នាក់​​ដែល​​លួច​​កាត់​​ខ្សែ​ភ្លើង​​បំភ្លឺ​​ផ្លូវ​​សាធារណៈ​

ជនសង្ស័យនិងវត្ថុតាងមួយចំនួនដែលរឹបអូសបានកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ករណីលួចកាត់ខ្សែភ្លើងអគ្គិសនីនិងខ្សែអ៊ុបទិច ខេត្តព្រះសីហនុ។ (អគ្គស្នងការនគរបាលជាតិ)

​សមត្ថកិច្ច​ជំនាញ​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជិត២០នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច​កាត់​ខ្សែ​ភ្លើង​អ៊ុ​បទិច​ដែល​តភ្ជាប់​សម្រាប់​បំភ្លឺ​តាម​មហាវិថី​មួយចំនួនក្នុង​ស្រុក​ព្រៃនប់និង​ក្រុង​ព្រះសីហនុ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍​ទោ ជួន ណា​រិន្ទ ត្រូវ​បាន​គេ​ហ​ទំព័រ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ ស្រង់​ប្រសាសន៍​មក​ផ្សាយ​កាលពី​ថ្ងៃម្សិលមិញ​ថា កម្លាំង​សមត្ថកិច្ច​ខេត្ត ដោយមាន​ការ​សហការ​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះទៅ​បង្ក្រាប​នៅ​ទីតាំង​ប្រមូល​ទិញ​អេតចាយ​ក្នុង​ក្រុង​ព្រះសីហនុ២កន្លែងនិង​ស្រុក​ព្រៃនប់៣កន្លែង ក្នុង​នោះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន១៧នាក់ ពាក់ព័ន្ធ​ករណី​លួច​កាត់​ទម្លុះទម្លាយនិង​កាត់​ខ្សែ​ភ្លើង​អ៊ុ​បទិច។ 

លោក​បន្ត​ថា ការ​ឈាន​ទៅដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ បាន​ធ្វើឡើង​ក្រោយពី​មា​នប​ណ្តឹ​ងរា​យកា​រណ៍ពី​ក្រុមហ៊ុន ឌុយ​រ៉ា​ល់ អេ​ឡិច​ត្រិ​ច ជុំវិញ​ករណី​លួច​កាត់​ខ្សែភ្លើង​របស់​ក្រុមហ៊ុន ដែល​តបណ្ដាញ​បំភ្លឺ​តាម​មហាវិថី​នានានៅ​តំបន់​ពយ​ម៉ា​ចូវ ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេ​ត្ដ​ព្រះសីហនុ និង​ការងារ​តបណ្ដាញ​អគ្គិសនី​បំភ្លឺ​តាម​ដងផ្លូវទូទាំង​ខេ​ត្ដ​ព្រះសីហនុ នា​ពេល​កន្លងមក។

លោក ​ជួន ណា​រិន្ទ បាន​បញ្ជាក់​ថា សម្ភារ​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ជំនាញ​រឹបអូស​បាន រួមមាន ស្ពាន់​ខ្សែភ្លើង​ទម្ងន់១៥គីឡូក្រាម ម៉ាក THIPHA Cable2020 CXV​/DSTA 4×12​-1x12mm2 ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ឌុយ​រ៉ាល់ អេ​ឡិច​ត្រិ​ច។

បើ​តាម​ស្នងការ​នគរបាល​ខេត្ត​រូប​នេះ ក្រោយពី​ប្រតិបត្តិ​ការ​បង្ក្រាប​នោះ សមត្ថកិច្ច​បាន​ធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំងនោះ ក្នុង​ការរៀបចំ​ឯកសារ​ដោយ​ភ្ជាប់​ជាមួយ​វត្ថុ​តាង​តាម​នីតិវិធី ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេ​ត្ដ ចាត់ការ​តាមច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ