ចិន​​ងាក​​ទៅ​​រក​​ម៉ាឡេស៊ី​​និង​​ឥណ្ឌូ​​នេ​ស៊ី​ នៅ​ពេល​​ភាព​​តាន​តឹង​​សមុទ្រ​​ចិន​​ខាង​ត្បូង​​កើន​ឡើង​

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe កាលពីថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។ (Xinhua)

​រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក Wei Fenghe ត្រូវ​បាន​រំពឹង​ថា នឹង​ចូល​ជួប​សម​ភាគី​ឥណ្ឌូណេស៊ី នៅ​ថ្ងៃអង្គារ​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ចា​កា​តា ស្រប​ពេល​ដែល​ទីក្រុង​ប៉េកាំង​ព្យាយាម​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​ឥទ្ធិពល​របស់​អាមេរិក​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។

ដំណើរ​ទស្សនកិច្ច​នេះ បាន​ធ្វើឡើងបន្ទាប់ពីលោក Wei Fenghe បាន​ចូល​ជួប​មេដឹកនាំ​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

ប្រភព​កាសែត SCMP បានឱ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​នៅមុន​ពេល​នៃ​ការ​ចាប់ផ្តើម​កិច្ចប្រជុំ​អាស៊ាន​នៅ​ថ្ងៃពុធនិង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃសៅរ៍ ដោយ​ក្នុង​កិច្ចប្រជុំ​នេះ គេ​រំពឹង​ថា ​នឹង​មាន​វត្តមានលោក Mike Pompeo ដែល​ជារ​ដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​ចូលរួម​ផង​ដែរ ។

ប្រទេស​ឥណ្ឌូណេស៊ី ធ្លាប់​មានការ​ប៉ះទង្គិច​ជាមួយ​ទីក្រុង​ប៉េកាំង​ជុំវិញ​បញ្ហាដែល​នាវា​នេសាទ​ចិន​បាន​ចូល​ទៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ឥណ្ឌូណេស៊ី​នៅ​ជុំវិញ​កោះ Natuna។ ក្រៅពី​នេះ ឥណ្ឌូណេស៊ី ក៏​ធ្លាប់​បាន​ច្រានចោល​បន្ទាត់​ផែនទី​ប្រាំបួនដែល​ចិន​ប្រើជា​មូលដ្ឋាន​សម្រាប់​ការ​ទាមទារ​ដែនទឹក​របស់​ខ្លួន​ផង​ដែរ។

បើ​ទោះជា​មាន​ជម្លោះ​ក៏​ពិតមែន ប៉ុន្តែ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​កំពុង​ប្រឈមមុខនឹង​វិបត្តិសេដ្ឋកិច្ចក្នុងអំឡុងពេល​នៃ​ការ​កើនឡើង​នៃ​ជំងឺ​កូ​វីដ១៩ បាន​ងាក​ទៅ​រក​ក្រុមហ៊ុន​ផលិត​ថ្នាំ​របស់​ចិន​វិញ ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ព្យាបាល​ជំងឺ រួម​ទាំង​បើក​ស្វាគមន៍​ការ​វិនិយោគ​របស់​ចិន​សម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។

កាលពី​ថ្ងៃចន្ទ លោក Wei បាន​ប្រាប់​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក Muhyiddin Yassin ថា​ប្រទេស​ចិន​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដើម្បី​ជួយគ្នា​ទៅវិញទៅមក ក្នុង​ការ​ថែរក្សា​សន្តិភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ក្នុង​នោះ​ក៏​មាន​ប្រទេស​ម៉ាឡេស៊ី​ផង​ដែរ។

លោក​បាន​បន្ថែម​ថា ការ​ការពារ​ស្ថិរ​ភាព​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង គឺជា​ការទទួលខុសត្រូវ​រួមគ្នារវាងចិននិង​ម៉ាឡេស៊ី នេះ​បើ​យោង​តាម​ការ​រាយ​កា​រណ៍​នៃ​កាសែត Xinhua របស់​ចិន ។ 

លោក Wei ក៏បាន​បញ្ជាក់​ទៀត​ថា ប្រទេស​ចិន​បាន​ប្តេជ្ញា​ចិត្តពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំងពីរនិង​រឹតចំណង​រវាង​យោធា​និង​យោធា​ផង​ដែរ។

នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Muhyiddin បាន​និយាយ​ថា ប្រទេស​ម៉ាឡេស៊ីក៏​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​ប្រទេស​ចិន ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​លើ​គ្រប់​វិស័យ រួម​ទាំងវិស័យ​ការពារ​ជាតិ អប់រំ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់លោក Wei នេះ អតីត​អនុរដ្ឋ​មន្រ្តី​ក្រសួងការពារជាតិ​ម៉ាឡេស៊ី​ លោក Liew Chin Tong បាន​ព្រមាន​ថា សមុទ្រ​ចិន​ខាងត្បូងអាច​ហៅ​ជា​តំបន់​បាល់​កង់​នៃ​ពិភពលោក ដែល​ប្រទេស​មហាអំណាចអាច​ដើរឆ្ពោះ​ទៅ​រក​វិបត្តិ​នយោបាយនិង​សង្គ្រាម។

លោកបាន​បន្ថែម​ទៀត​ថា ក្រៅពី​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​តាម​សមុទ្រ​នោះ គ្មាន​តំបន់​ណា​ផ្សេងទៀត​នោះ​ឡើយ ដែល​មាន​ចំណែក​ខ្ពស់និង​មានផល​ប៉ះពាល់​ខ្លាំងចំពោះ​ការ​កើនឡើង​របស់​ចិន ក្នុងអំឡុងពេល​ដែល​ភាព​តានតឹងរវាង​អាមេរិកនិង​ចិន​កាន់តែ​ខ្លាំង​ឡើង​ៗនេះ។

លោក Liew Chin Tong បញ្ជាក់​ថា៖ «ខ្ញុំ​តែងតែ​ធ្វើការ​តស៊ូ​មតិ​ថា ប្រទេស​ចិន​ត្រូវតែ​ចាត់ទុក​រដ្ឋ​ក្នុង​អាស៊ី​អាគ្នេយ៍ ជា​ប្រទេស​មាន​អាទិភាព​លើ​គោលនយោបាយ​ការបរទេស​លេខមួយ»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ