រដ្ឋា​ភិបាល​​រៀប​ចំ​ផែន​ការ​​មេ​​អភិវឌ្ឍន៍​​ទេស​ចរណ៍​​ខេត្ត​សៀមរាប​សម្រាប់​​រយៈ​ពេល​១៥​ឆ្នាំ​​

ភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកំសាន្តនៅប្រាសាទអង្គរវត្ត កំឡុងដើមខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

គណៈកម្មាធិការ​អន្តរក្រសួង បាន​និង​កំពុង​រៀបចំផែនការ​មេ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ២០២០​-២០៣៥ ដែល​ជា​យន្តការ​ចាំបាច់​មួយ​សម្រាប់​ឆ្លើយតបទៅនឹង​ឥទ្ធិពល​នៃ​ជំងឺឆ្លង​កូ​វីដ១៩ នា​ពេល​បច្ចុប្បន្ន ក៏ដូចជា​ទៅ​អនាគត។

ការរៀបចំ​ផែនការមេ​នេះ ត្រូវ​បាន​យក​មក​ពិភាក្សា​នៅក្នុង​កិច្ច​ប្រជុំគណៈកម្មារ​​អន្តរក្រសួង ដោយមាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួងទេស​ចរណ៍​, ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ, ក្រសួងបរិស្ថាន និង​សមាជិក​គណៈ​កម្មាធិការ​ជាតិ​​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ដែល​ធ្វើឡើង​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ចន្ទ។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​អន្តរក្រសួង ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃនេះ បាន​លើកឡើង​ថា ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​ក្លាយជា​យន្តការ​ដ៏​មាន​សារសំខាន់​មួយសម្រាប់​ខេត្តសៀមរាប ដែល​ជា​ខេត្ត​ទេសចរណ៍​អន្តរជាតិ ​ទទួលស្គាល់​ជាស​កល​លើ​ការ​អភិរក្ស និង​គាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌និង​បរិស្ថាន​ធម្មជាតិ។

សេចក្តី​ប្រកាស​ព័ត៌មាន បន្ត​ថា ផែនការមេ​នេះ ក៏​នឹង​ធានា​ឱ្យ​បាន​នូវ​ផលប្រយោជន៍​សង្គម-សេដ្ឋកិច្ចជា​អតិបរមា​ពី​វិស័យ​ទេសចរណ៍ ផ្សារភ្ជាប់​ជាមួយ​ការ​អភិ​វឌ្ឍ​សេ​ដ្ច​កិច្ច​មូលដ្ឋាន ការកាត់បន្ថយ​ភាព​ក្រីក្រ និង​ជំរុញ​ខេត្ត​មួយ​នេះឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាពនិង​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ។

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ គណៈកម្មការ​អន្តរក្រសួងក៏​រំពឹង​ដែរ​ថា ផែនការមេ​នេះក៏​នឹង​ជួយ​លើកស្ទួយ​វប្បធម៌ ទ្រទ្រង់​ដល់​កិច្ច​គាំពារ​បរិស្ថាន និង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​តំបន់​អង្គរនិង​ធនធាន​ធម្មជាតិ​ឱ្យ​បាន​ជា​អតិបរមា​ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មានបញ្ជាក់​ថា៖ «ជា​រួម ចក្ខុវិស័យ​របស់​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប [២០២០​-២០៣៥​] គឺ​ការ​ក្តាប់​យក​មកវិញ​នូវ​មោទកភាព ជាគោល​ដៅ​ទេសចរណ៍​ចម្បង​បំផុតរបស់​វិស័យ​ទេសចរណ៍​កម្ពុជា និង​ជាគោល​ដៅ​ទេសចរណ៍​ចម្បងក្នុង​តំបន់​អាស៊ី​អាគ្នេយ៍» ។

ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ​នេះ គណៈកម្មការ​អន្តរក្រសួងក៏បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​មួយចំនួន​ផង​ដែរ រួមមាន ការអភិវឌ្ឍតំបន់​ទេសចរណ៍​អាទិភាព​, វិនិយោគ​ទេសចរណ៍ និង​ការ​អភិវឌ្ឍ​របៀង​ទេស​ចរ​ណ៍​ថ្មី​ៗ, អភិវឌ្ឍន៍​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​, ពង្រឹងគុណភាព និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​, ការគ្រប់គ្រង​បរិស្ថាន​, អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ពង្រឹង​អភិបាលកិច្ច​សម្រាប់​ទ្រទ្រង់​ការ​អភិវឌ្ឍ​ទេសចរណ៍​ក្នុង​ខេត្ត​នេះ។

សេចក្តី​ប្រកាស​ព័ត៌មានក៏បាន​បញ្ជាក់​ដែរ​ថា តាម​ការព្យាករ​ក្នុង​ឆ្នាំ២០៣៥ ទេសចរ​អន្តរជាតិនឹងនាំមក​នូវ​ចំណូល​ប្រមាណ៤,៧៦៥លាន​ដុល្លារ និង​ទេសចរ​ជាតិនឹងនាំមក​នូវ​ចំណូល​ប្រមាណ១,២៨០លាន​ដុល្លារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ