វិភាគ៖ មេរៀន​​ពី​​មេ​ដឹក​នាំ​​ខ្មែរ​ក្រហម​​ដែល​​មិន​​ត្រូវ​​មើល​​រំលង​​

បុរសម្នាក់ឈរនៅពីមុខសាលជំនុំជម្រះសាលាក្ដីខ្មែរក្រហម ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។ (REUTERS/Samrang Pring )

សកម្មភាព​នៃ​ការ​ធ្វើទារុណកម្ម​លក្ខណៈ​សាហាវ​នៅ​គុក​ទួល​ស្លែង​ក្នុង​សម័យ​ខ្មែរក្រហម ​រួម​ទាំង​ការ​សម្លាប់​ទារក​ដោយ​បោក​ជាមួយ​គល់ឈើ ដុត​មនុស្ស​ទាំង​រស់​ជាមួយ​សំបក​កង់ឡាន ការរំលោភ​ផ្លូវភេទ​លើ​អ្នកជាប់ឃុំ​ទាំង​ដៃជើង​ជាប់ខ្នោះ និង​ធ្វើទារុណកម្ម​ដោយ​កាត់​ប្រដាប់​ភេទ​ជាដើម។ រឿងរ៉ាវ​ទាំងនេះត្រូវ​បាន​លើក​មក​ជជែក​ជាថ្មី​ទៀត ក្រោយ​អតីត​មេ​គុក​មួយ​នេះ​ទទួលមរណភាព។

លោក កាំង ​ហ្គេច​អ៊ា​វ ហៅ ​ឌុច កាលពី​ពេល​ដែល​លោក​នៅ​មានជីវិត លោក​ធ្លាប់​ទទួលស្គាល់​ការ​ធ្វើទារុណកម្មនិង​ការ​សម្លាប់ដោយ​ភាព​សាហាវ​មួយចំនួន ប៉ុន្តែ​លោក​ថា នៅពេល​នោះ លោក​មិនបាន​ដឹង​ថា ថ្នាក់ក្រោម​ធ្វើ​ហួស​បទបញ្ជា​ទេ។ ចំពោះ​ការចោទប្រកាន់​ខ្លះទៀត​ លោក​ថា លោកមិន​ជឿ​ទេ។

លោក ​កាំង ហ្គេច​អ៊ា​វ ធ្លាប់​ទទួលស្គាល់​ថា ការ​សម្លាប់​កុមារនិង​ទារកដោយ​បោក​ជាមួយ​ដើមឈើ​ពិតជា​មាន ប៉ុន្តែ​លោក​មិនបាន​បញ្ជា​ទេ។ លោក​បញ្ជាក់​ថា ទោះជា​លោក​មិនបាន​បញ្ជានិងមិនបាន​ដឹង​នៅពេល​នោះ​ក៏ដោយ ប៉ុន្តែ​ក្នុងនាម​ជា​អ្នកគ្រប់គ្រង​នៅកន្លែង​នោះ​ លោក​ជា​អ្នកទទួល​ខុសត្រូវ។

លោក កាំង ហ្គេច​អ៊ា​វ៖ «រូបភាព​ឧក្រិដ្ឋ​ដែលគេ​ថាសម្លាប់​ក្មេង​ដោយ​វ៉ៃ​ក្បាល​ជាមួយ​គល់ឈើ​នោះ ​ខ្ញុំ​អត់​ឃើញ​ទេ ហើយ​ជំនាន់​នោះ ​ខ្ញុំ​ក៏​អត់​ដឹង​ដែរ។ ប៉ុន្តែ​ដល់​ឮពាក្យ​ហ្នឹង​មក ​ខ្ញុំ​អាច​ទទួលយក​បាន គឺ​ពិតជា​កូនចៅ​ខ្ញុំ​ជ្រើម​ធ្វើ​ចឹង​មែន។ ខ្ញុំ​ទទួល​រូបភាព​ហ្នឹង»។ 

លោក ឌុច បាន​ទទួលមរណភាព​កាលពី​ថ្ងៃទី២ ខែកញ្ញា ​ឆ្នាំ២០២០ ក្នុង​អាយុ៧៧ឆ្នាំ ដោយ​ជំងឺ​រលាក​ទងសួត។ មរណភាព​លោក ឌុច អ្នកខ្លះ​សម្តែង​ការ​សោក​ស្តាយ​ ដោយ​ថា ការ​ស្លាប់​របស់​លោ​ក ឌុ​ច នេះបាន​នាំ​យក​ការពិត​ជាច្រើន​ទៅជាមួយ ដោយ​ពុំ​បាន​លាតត្រដាង​ឱ្យ​អស់ពីហេតុការណ៍​ឈឺ​ឆាប់​ជា​ប្រវត្តិសាស្ត្រ​នេះ​ឱ្យ​កូនខ្មែរ​បានដឹង។

បើ​ទោះជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ខ្មែរក្រហម​ដែល​កំណត់​ដោយសា​លា​ក្តី​ខ្មែរក្រហម​បាន​ស្លាប់​ជាបន្តបន្ទាប់​ក៏ដោយ ប៉ុន្តែ​មេដឹកនាំ​ផ្សេង​ក្នុង​តួនាទី​ផ្សេងទៀតនិង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ឆ្លងកាត់​របប​នេះ​ក៏​នៅ​មានជីវិត​ច្រើន​ដែរ។ 

សំនួរ​ជាច្រើននៅតែ​បន្ត​ឮរាប់​សិប​ឆ្នាំ​មក​ហើយ​ថា តើ​ហេតុអ្វី​ខ្មែរ​សម្លាប់​ខ្មែរ​ដូចគ្នា​សាហាវ​បែបនេះ?​ ហេតុអ្វី​ផលិត​បាន​ស្បៀង​ច្រើន មិន​ឱ្យ​ហូប​ឆ្អែត? ​ជាដើម។ សំនួរ​ទាំងអស់​នេះ ជា​ញឹកញាប់​ក៏​ត្រូវ​ដើម​បណ្តឹ​ងរ​ដ្ឋ​ប្ប​វេណីឬជា​ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរក្រហម​បាន​សួរ​ផ្ទាល់​ទៅកាន់​មេដឹកនាំ​ខ្មែរក្រហម​នៅក្នុង​សាលា​ក្តី​ខ្មែរក្រហម។

ចម្លើយ​ពី​មេដឹកនាំ​ខ្មែរក្រហម​នៅក្នុង​តុលាការ​កូនកាត់​រវាង​ខ្មែរនិង​អង្គការសហប្រជាជាតិ​នេះ​ គឺ​ភាគច្រើនពួក​គេ​ថាមិនដឹង​ទេ ពួក​គេ​មិន​មានអំណាច​ក្នុង​ការ​បញ្ជាឬដឹកនាំ​ឱ្យធ្វើ​អ្វីមួយ​ក្នុង​សម័យ​ខ្មែរក្រហម​នោះ​ទេ។

មេដឹកនាំ​ដែល​ត្រូវ​កាត់ទោសក្រៅ​ពី​ ឌុច រួមមាន​លោក ខៀវ សំ​ផន លោក អៀង សារី លោក នួន ជា និងលោកស្រី អៀង ធី​រិទ្ធិ។ ក្នុងចំណោម​មេដឹកនាំ​ជាន់ខ្ពស់​ទាំង៥រូប​នេះ នៅ​មានជីវិត​តែ​លោក ខៀវ សំ​ផន ម្នាក់​គត់។

លោក ខៀវ សំ​ផន ជា​អតីត​ប្រមុខរដ្ឋ​នៅ​សម័យ​ខ្មែរក្រហម ថ្លែង​ថា លោក​មិនបាន​ដឹងពី​បទឧក្រិដ្ឋ​នានា​ក្នុង​សម័យ​ខ្មែរក្រហម​ទេ។ លោក​បញ្ជាក់​ថា ក្នុង​សម័យ​ខ្មែរក្រហម លោក​ទទួលខុសត្រូវ​តិច​ជាង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ទៅទៀត។

លោក ខៀវ សំ​ផន៖ «ខ្ញុំ​យក​ឧទាហរណ៍​ដូចជាលោក​ ហ៊ុន សែន ជាដើម។ លោក ហ៊ុន សែន តើ​លោក​ទទួលខុសត្រូវ​ក្នុង​សម័យ​ខ្មែរក្រហម​ទេ​? ហើយ​ខ្ញុំ​វិញ រឹតតែ​មិន​ដូច​លោក ហ៊ុន សែន​ទៅទៀត ខ្ញុំ​អត់​ដឹង​អីទាំងអស់»។

តាម​របាយការណ៍​របស់​សាលា​ក្តី​ខ្មែរក្រហម​បង្ហាញថា ក្នុង​សម័យ​ខ្មែរក្រហម ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ បាន​សម្លាប់​មនុស្ស​អស់​ចន្លោះ​ពី ១លាន៧សែន​ ទៅ ២លាន២សែន​នាក់។ ការ​សម្លាប់​ទាំងនេះ​ក្រោម​រូបភាពបង្អត់អាហារ ទារុណកម្ម ការ​សម្លាប់ និងបង្ខំ​ឱ្យធ្វើ​ការងារ​ហួសកម្លាំង។ 

ជុំវិញ​ការ​ឆ្លើយ​របស់​មេដឹកនាំ​ខ្មែរក្រហម​ដែល​បញ្ជាក់​ថា មិនបាន​ដឹងពី​ការធ្វើបាប​ពលរដ្ឋ​នៅ​ថ្នាក់ក្រោម​នេះ អ្នកខ្លះ​ចោទ​ថា ជា​ការ​ឆ្លើយ​មិន​ទទួលខុសត្រូវ អ្នកខ្លះ​ទៀត​ថា បង្ហាញ​ពី​មេដឹកនាំ​ខ្មែរក្រហម​គ្មាន​សមត្ថភាព​ក្នុង​ការ​តាមដាន​ការងារ​មន្ត្រី​ថ្នាក់ក្រោម​ជាដើម។

ចុះ​អ្វី​ជា​មេរៀន​សម្រាប់​មេ​ដឹក​នាំ​ក្រោយ​ៗទៀត ដើម្បី​កុំឱ្យ​ជាន់​ដាន​មេដឹកនាំ​ខ្មែរក្រហមដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រង​ការឈឺចាប់ ហើយ​ពេល​របប​ខ្លួន​ដួល​រលំ​ត្រូវ​គេ​ចាប់​កាត់ទោស​នោះ​?

ជា​អ្នក​ធ្លាប់​រស់នៅ​ឆ្លងកាត់​សម័យ​ខ្មែរក្រហម ហើយ​បច្ចុប្បន្ន​ជាម​ន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល លោក ស ខេង ថ្លែង​រំឭក​ប្រាប់​មន្ត្រី​របស់​លោកជា​ញឹកញាប់​ឱ្យ​យកចិត្ត​ទុកដាក់​ពី​បញ្ហា​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ កុំ​យក​គំរូ​តាម​ខ្មែរក្រហម។

លោក ស ខេង៖ «ហើយ​បើ​ធ្វើតាម​របៀប ប៉ុល ពត យើង​ដឹង​ទាំងអស់គ្នា​ហើយ គឺ​មិនខ្ចី​ស្តាប់ មិនខ្ចី​រវល់​ពី​ពលរដ្ឋ ហើយ​នាំគ្នា​គិតតែពី​កាប់សម្លាប់។ កាប់សម្លាប់​ពលរដ្ឋ​អត់​ដឹង​ខ្យល់​អី អត់មាន​កំហុស រហូតដល់​កាប់សម្លាប់​គ្នាឯង [ថ្នាក់ដឹកនាំ​] ដឹកនាំ​កំពូល​ហ្នឹង។ ចឹង​បាន​គេ​ហៅថា កម្ម​របស់​គាត់ ទីបំផុត​ត្រូវ​ដួល​រលំ ហើយ​បែកបាក់​ខ្ទេចខ្ទី​គ្មាន​សេសសល់​ទេ»។

លោក ស ខេង បញ្ជាក់​ថា ដើម្បី​កុំឱ្យ​មានការ​ឈឺចាប់​ពី​ប្រជាពលរដ្ឋ​ឈាន​ដល់​ការ​ងើបឡើង​តស៊ូ​ឈាន​ដល់​ការ​បែកបាក់​ជាតិកើតជា​សង្គ្រាម​នោះ គឺ​ត្រូវ​រៀបចំ​ប្រព័ន្ធ​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ​ល្អ។

លោក ស ខេង៖ «ការ​កសាង​ប្រព័ន្ធ​យុត្តិធម៌​ពីលើ​ដល់​ក្រោម​គឺជា​គ្រឹះ​ដ៏​សំខាន់ ដើម្បី​ឱ្យ​ស្រុកទេស​យើង​មាន​ស្ថិរភាព មាន​ស្ថិរភាព​យូរអង្វែង​! ព្រោះ​ពិសោធន៍​លើស​កល​លោក​នេះ វា​អញ្ចឹង​! មិនថា​តែ​កម្ពុជា​ទេ អា​ឈ្លោះ​បាក់បែក​គ្នា​ទៅជា​សង្គ្រាម​ហ្នឹង វា​មក​ពី​អញ្ចឹង»។

លោក ស ខេង ក៏បាន​រំឭក​មន្ត្រី​ការពារ​កុំឱ្យ​មានការ​គាបសង្កត់​យក​ដីធ្លី​របស់​ពលរដ្ឋ ហើយ​បើ​មាន​ជម្លោះដីធ្លី​កើតឡើង ត្រូវ​យកចិត្ត​ទុកដាក់​ដោះស្រាយ​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការគាបសង្កត់​រំលោភ​យក​ដីធ្លី ចេញ​តវ៉ា​រក​យុត្តិធម៌​ជា​រឿង​ត្រឹមត្រូវ។

ទាក់ទង​ជាមួយ​បញ្ហា​យុត្តិធម៌​នេះ លោក ស ខេង បញ្ជាក់​ថា មិនមែន​សំដៅ​តែ​រឿង​ជម្លោះ​ប្តឹងផ្តល់​នៅ​តុលាការ​នោះ​ទេ លោក​ថា បញ្ហា​ពលរដ្ឋ​ក្រីក្រ អត់ឃ្លាន ឬគ្រោះ​ធម្ម​ជា​តិ​ផ្សេង​ៗ ក៏​លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​យកចិត្ត​ទុកដាក់​ដោះស្រាយ ដោយ​មិន​ប្រកាន់​និន្នាការ​បក្សនយោបាយ​ទេ គឺ​លោក​ហៅថា យុត្តិធម៌​ក្នុង​ការរស់នៅ​ក្នុង​សង្គម។

តាម​ទស្សនៈ​លោក ស ខេង ការ​ផ្តល់​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​រស់នៅ​បាន​សុខ​ក្នុង​សង្គម ជា​គ្រឹះយ៉ាង​សំខាន់​ក្នុង​ការ​កសាង​សន្តិភាព គ្មាន​ការ​ងើប​បះបោរ គ្មាន​ការសងសឹក​គ្នា។

ក្រោយ​សម័យ​ខ្មែរក្រហម​ដួល​រលំ​ប្រមាណ៤០ឆ្នាំ ក្នុងរយៈពេល​នេះ បើ​គិត​នៅក្នុង​ប្រវត្តិសាស្ត្រ​គឺជា​វេលា​មួយ​មិន​វែង​នោះ​ទេ​ គឺ​ហាក់ដូច​នៅ​ថ្មី​ពេល​ដែល​រំឭក​រឿង​នេះ​ឡើង។ ស្ថានភាព​នៃ​ខ្មែរក្រហម​ ក៏ដូចជាការអប់រំ​របស់​ព្រះពុទ្ធឬអ្នក​ប្រា​ជ្ញ​ផ្សេង​ៗទៀតដែល​បញ្ជាក់​ថា មិន​មាន​ស្ថិតស្ថេរ​នោះ​ទេ​រឿងរ៉ាវ​នៅ​លើ​ផែនដី​នេះ។

ខ្លឹមសារ​ត្រង់​ចំណុច​នេះ​បញ្ជាក់ថា ថ្ងៃនេះ​អ្នកមាន​អំណាច​អាច​សម្លាប់ឬចាប់​អ្នកណា​ឃុំខ្លួន​ក៏បាន ប៉ុន្តែ​ថ្ងៃបន្ទាប់​អ្នក​អាច​ត្រូវ​គេ​សម្លាប់ឬចាប់​ឃុំខ្លួន​វិញ បើសិនជា​ក្រោម​ការគ្រប់គ្រង​របស់​អ្នក​បន្សល់​នូវ​ការឈឺចាប់​ច្រើន។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន តែងតែ​រំឭក​ថា មូលហេតុ​ដែល​លោក​ប្រថុយ​ឆ្លងកាត់​ព្រំដែន​ទាំង​ប្រថុយ​គ្រោះថ្នាក់​ដើម្បី​ពឹង​វៀតណាម​នោះ ក៏ដោយ​សារ​មិន​អាច​អត់ទ្រាំ​បាន​ចំពោះ​សកម្មភាព​ថ្នាក់ដឹកនាំ​ខ្មែរក្រហម​កាប់សម្លាប់​ពលរដ្ឋខ្មែរ។

ទាំងនេះ​សុទ្ធតែ​បង្ហាញថា មនុស្ស​ដែល​រង​ការ​ឈឺ​ឆាប់ ទោះ​មិនទាន់​បង្ហាញ​សកម្មភាព​ក៏​មានការ​រៀបចំផែនការ​ក្នុងចិត្ត​ដែរ ហើយ​នៅពេល​ដែល​ឱកាស​មកដល់​ នឹង​អនុវត្ត​ផែនការ​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ