មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងបានសម្រេចដកតំណែងលោក អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំ ក្រោយពីបានរកឃើញថា ស្នងការរូបនេះពិតជាបានប្រព្រឹត្តអំពើបៀតបៀនកេរ្តិ៍ខ្មាសទៅលើមន្ត្រីនគរបាលជាស្ត្រី។
កាលពីខែមុន មានការបែកធ្លាយនូវពាក្យបណ្តឹងមួយដែលបានរៀបរាប់ពីដំណើររឿង ដោយចោទស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល ថាបានបំពានកេរ្តិ៍ខ្មាសទៅលើមន្ត្រីនគរបាលជាស្ត្រីនៅខេត្តកំពង់ធំជាច្រើននាក់ និងប្រើអំណាចមិនឱ្យមន្ត្រីនគរបាលទាំងនោះរើបម្រាសទៀតផង។
បន្ទាប់មក នៅថ្ងៃទី១១ ខែសីហា លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាទៅអគ្គស្នងការនគរបាលនិងអភិបាលខេត្តកំពង់ធំ ពិនិត្យនិងធ្វើការស៊ើបអង្កេតរកការពិតចំពោះករណីនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានមានប្រសាសន៍នៅថ្ងៃនេះថា ក្រសួងបានសម្រេចបញ្ចប់តំណែងលោក អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំ និងបានស្នើទៅប្រមុខរាជរដ្ឋាភិបាលនិងព្រះមហាក្សត្រ ដើម្បីពិនិត្យនិងពិចារណាព្រះរាជទាននិងសម្រេចបន្ថយឋានន្តរសក្តិមន្ត្រីរូបនេះពីថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២) មកជាវរសេនីយ៍ឯក(សក្តិ៥)វិញផងដែរ។
លោកថា៖ «យើងបានបញ្ចប់តួនាទីគាត់[លោក អ៊ុក កុសល]ពីស្នងការខេត្តកំពង់ធំហើយ យើងបានបញ្ចប់តាមប្រកាសរបស់ក្រសួងដូចជាម្សិលមិញឬម្សិលម៉្ងៃ យើងទើបបោះត្រារួច»។
លោកបានបន្ថែមថា៖ «មិនត្រឹមតែបញ្ចប់មុខតំណែងទេ ក្រសួងបានស្នើសុំទៅរដ្ឋាភិបាល ដើម្បីបន្ថយឋានន្តរសក្តិពីរថ្នាក់ទៀតដែរ [ពីឧត្តមសេនីយ៍ទោមកវរសេនីយ៍ឯក] ប៉ុន្តែអាស្រ័យលើរដ្ឋាភិបាលលោកសម្រេច។ ប៉ុន្តែមុននឹងមានការដក [ឋានន្តរសក្តិ] សម្តេចតេជោ [ហ៊ុន សែន] ក៏លោកត្រូវស្នើទៅព្រះករុណា [ព្រះមហាក្សត្រ] ជាមុនដែរ»។
អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានថ្លែងបញ្ជាក់ដែរថា ក្រោយពីបានធ្វើការស៊ើបអង្កេតលើបណ្តឹងនោះ ក្រសួងបានរកឃើញថា លោក អ៊ុក កុសល ពិតជាបានប្រព្រឹត្តអំពើបៀតបៀនកេរ្តិ៍ខ្មាសទៅលើមន្ត្រីនគរបាលស្ត្រីក្រោមឱវាទរបស់ខ្លួនពិតមែន។
លោកបានបញ្ជាក់ថា៖ «បន្ទាប់ពីការស៊ើបអង្កេតមក យើងធ្វើការសន្និដ្ឋានថា មានការបៀតបៀនកេរ្តិ៍ខ្មាសទៅលើនារីរងគ្រោះមែន និងបានធ្វើសំណើទៅក្រសួង[មហាផ្ទៃ]សម្រេច ដោយពិន័យរដ្ឋបាលយ៉ាងធ្ងន់បំផុត គឺទី១ ដកឋានៈជាស្នងការ ទី២ ដកឋានន្តរសក្តិជាឧត្តមសេនីយ៍មកនៅជាមន្ត្រីធម្មតាវិញ»។
តែយ៉ាងណា លោក នេត សាវឿន បានបញ្ជាក់ថា បើទោះជាលទ្ធផលស៊ើបអង្កេតបានរកឃើញបែបនេះក្តី ប៉ុន្តែសំណុំរឿងនេះមិនត្រូវបានបញ្ជូនទៅតុលាការទេ ដោយសារតែអាជ្ញាធរលំបាកក្នុងការចងក្រងឯកសារនិងធាតុផ្សំនៃរឿង ដោយសាររឿងនេះបានកើតឡើងជាយូរឆ្នាំមកហើយ និងដើម្បីការពារសេចក្តីថ្លៃថ្នូរបស់ជនរងគ្រោះជានគរបាលស្រ្តីទាំងនោះផងដែរ។
លោកបានបញ្ជាក់ដូច្នេះថា៖ «កាលណាដាក់ទៅតុលាការ ត្រូវមេធាវីដេញដោល ដើម្បីការពារក្តីទាំងសងខាង បើសិនណាដេញដោលរឿងនេះ គឺជាការអៀនខ្មាសសម្រាប់នារីជនរងគ្រោះឬក៏នារីខ្មែរគ្រប់រូប ព្រោះរឿងសុបិនអាក្រក់កើតឡើងហើយ មិនចង់យកមកសារឡើងវិញទេ នេះហើយជាគោលបំណងមួយការពារឥទ្ធិពល ការពារសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ដែលយើងត្រូវតែធ្វើរបៀបនេះ អីចឹងហើយបានជាសម្រេចចិត្តមិនបញ្ជូនទៅផ្លូវច្បាប់»។
វីអូឌី មិនអាចសុំការបំភ្លឺជុំវិញករណីនេះពីលោក អ៊ុក កុសល បានទេនៅថ្ងៃនេះ។
ប៉ុន្តែលោកធ្លាប់បានប្រកាសច្រានចោលបណ្តឹងដែលចោទប្រកាន់រូបលោក កាលពីថ្ងៃទី១៣ ខែសីហា ដោយថា បណ្តឹងនោះត្រូវបានរៀបចំដោយជនមួយក្តាប់តូចដែលមានបំណងទម្លាក់រូបលោកពីតំណែងជាស្នងការ។
លោកស្រី រស់ សុភាព នាយិកាប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា យល់ថា ចំណាត់ការរបស់ថ្នាក់ដឹកនាំ ដោយគ្រាន់តែដកតំណែងនិងឋានន្តរសក្តិនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយ ខណៈដែលលោកស្រីក៏មានការព្រួយបារម្ភផងដែរពីសុវត្ថិភាពជនរងគ្រោះ។
លោកស្រីថា៖ «ចំណាត់ការនេះ ដែលដកឋានន្តរសក្តិ ហើយការបញ្ឈប់គាត់ពីការងារហ្នឹង វាជាទោសទណ្ឌ ប៉ុន្តែខ្ញុំគិតថា នៅមិនទាន់គ្រប់គ្រាន់ ពីព្រោះវាមិនទាន់បានឱ្យស្ត្រីហ្នឹងទទួលបានភាពយុត្តិធម៌ ហើយយើងនៅតែព្រួយបារម្ភពីសុវត្ថិភាពនៃជនរងគ្រោះ ដោយសារតែអាចមានការគុំកួន»។
កាលពីថ្ងៃទី១២ ខែសីហា ក្រសួងមហាផ្ទៃបានសម្រេចផ្អាកការងារលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំជាបណ្តោះអាសន្ន និងតម្រូវឱ្យលោកត្រូវទៅបង្ហាញខ្លួននៅនាយកដ្ឋានបុគ្គលិករៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មី។
លោក អ៊ុក កុសល ក៏ធ្លាប់ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដាក់ពិន័យរដ្ឋបាលម្ដងរួចហើយកាលពីខែមីនា ក្រោមមូលហេតុខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រងនិងដឹកនាំ៕