ក្រសួង​​ក្រើន​រំឭក​​ដល់​​ពល​រដ្ឋ​រួស​រាន់​​ផ្ទេរ​​កម្ម​សិទ្ធិ​​យាន​យន្ត​​ដែល​​រក​​ម្ចាស់​​ដើម​​មិន​ឃើញ​​

ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសាធារណការ និង​ដឹកជញ្ជូន ក្រើនរំឭកជាថ្មី​ដល់​ប្រជាពលរដ្ឋដែល​កំពុង​កាន់កាប់​យានយន្ត​ទិញ​លក់​តៗ​គ្នាហើយ​រក​ម្ចាស់​ដើម​មិនឃើញ ប្រញាប់​ទៅ​ដាក់ពាក្យ​ស្នើសុំ​ផ្ទេរ​កម្ម​សិទ្ធ​ិយានយន្តឱ្យ​បាន​មុន​ចុងខែ​កញ្ញា​នេះ។

ក្រសួង​បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុកនៅ​ថ្ងៃពុធ​នេះ​ថា ការផ្ទេរ​កម្ម​សិទ្ធ​ិយានយន្តដែល​រក​ម្ចាស់​ដើម​មិនឃើញ នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

ករណីនេះ ក្រសួង​បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដែល​មិនទាន់​បាន​ផ្ទេរ​កម្ម​សិទ្ធិ រួសរាន់​ដាក់ពាក្យ​ស្នើសុំ​ឱ្យ​បាន​ទាន់ពេល​វេលា។

ក្រសួង​បន្ថែម​ថា ការផ្ទេរ​កម្ម​សិទ្ធ​ិនេះ តម្រូវ​ឱ្យ​មាន​ឯកសារ​ភ្ជាប់​មួយចំនួន រួមមាន ពាក្យ​ស្នើសុំ​ផ្ទេរ​កម្ម​សិទ្ធ​ិយានជំនិះនិង​សំណៅ​លេខ​កាល់ ​(តួ​ ឬ សាក់​ស៊ី​) ដែល​បាន​ចម្លង​ជាក់ស្តែង​ពី​យានយន្ត​, ច្បាប់ដើម​បណ្ណ​សម្គាល់​យានយន្ត និង​ផ្លាក​លេខ​សម្គាល់​យានជំនិះ​ក្នុងករណី​ផ្ទេរ​កម្ម​សិទ្ធ​ិឆ្លង​រាជធានី​ខេត្ត​, វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​, អត្តសញ្ញាណ​បណ្ណ​អ្នកលក់និង​អ្នកទិញ​, បង្កាន់ដៃ​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្ម​សិទ្ធ​ិយានយន្ត​, លិខិត​ទិញ​លក់និង​កិច្ចសន្យាធានា​ដែល​មាន​បញ្ជាក់​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល។

ចំពោះ​ទីតាំង​ដែល​ត្រូវ​ធ្វើវិញ ក្រសួង​បញ្ជាក់​ថា នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-ខេត្ត តាម​អាសយដ្ឋាន​របស់​ម្ចាស់​ចុងក្រោយ។

កាលពី​ខែកក្កដា ក្រសួងសាធារណការ ធ្លាប់​បាន​ជូនដំណឹង​ពាក់ព័ន្ធ​នឹង​ករណីនេះ​ម្តង​ហើយ និង​ថា ក្នុងករណី​ផុតកំណត់​រយៈពេល​នេះ ក្រសួង​តម្រូវ​ឱ្យ​មាន​ម្ចាស់​ដើម​មក​ផ្តិត​មេដៃ​លើ​សំណុំ​ឯកសារ​ស្នើសុំ​ផ្ទេរ​កម្ម​សិទ្ធ​ិយានយន្ត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ