លោក​ ហ៊ុន​ សែន​ បន្ត​​ក្រើន​​រំឭក​​ពល​រដ្ឋ​និង​​អាជ្ញាធរ​​ឱ្យ​​ទប់​ស្កាត់​​ការ​​ឆ្លង​​វីរុស​​កូ​រ៉ូ​ណា​​ក្នុង​​រដូវ​​ភ្ជុំ​បិណ្ឌ​

ពុទ្ធបរិស័ទជិតឆ្ងាយមកប្រគេនចង្ហាន់ព្រះសង្ឃនៅវត្តមួយកន្លែងក្នុងក្រុងភ្នំពេញ នាថ្ងៃដាក់បិណ្ឌទី១ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ទៅ​ពលរដ្ឋ​ឱ្យបន្ត​ការពារ​ខ្លួន​ពី​ការ​ឆ្លង​នៃ​វីរុស​កូ​រ៉ូ​ណា និង​ប្រាប់​ទៅ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ឱ្យថែរក្សា​សន្តិសុខនិង​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​អំឡុង​ពិធីបុណ្យ​ភ្ជុំ​នេះ។

លោក ហ៊ុន សែន បាន​អំពាវនាវ​បែបនេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃនេះ ចំ​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី៧ និង​មួយ​សប្ដាហ៍​មុន​កម្ពុជា​ឈប់សម្រាក​រយៈពេល៣ថ្ងៃ​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នា​ពេល​ខាងមុខនេះ។

នាយក​រដ្ឋមន្ត្រី​រូប​នេះ​ក៏បាន​ប្រាប់​ទៅ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ឱ្យបង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ចរាចរណ៍​ផង​ដែរ ដោយ​ថា ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​ក្នុង​រដូវ​បុណ្យទាន​នេះ។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន សរសេរ​ថា៖ «កុំ​ធ្វេសប្រហែសឬមើលស្រាល​ជំងឺ​កូ​វីដ​-១៩ឱ្យសោះ ព្រោះ​ជា​ជំងឺឆ្លង​រាតត្បាត​សាហាវ​ខ្លាំង​ណាស់ ហើយ​ពុំ​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ»។

គិត​មកដល់​ថ្ងៃនេះ មនុស្ស​ដល់ទៅ២៧៤នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែក្រសួងសុខាភិបាល​ប្រកាស​ថា អ្នកជំងឺ​កូ​វីដ​-១៩ចំនួន១៧៣នាក់​ហើយត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យចាកចេញ​ពី​មន្ទីរពេទ្យ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ