ប្រធាន​​សមាគម​ CITA​ ថា​ស្ថាន​ទូត​​ជប៉ុន​​កំពុង​​តាម​ដាន​​ករណី​​លោក​ រ៉ុង​ ឈុន​

ក្រុមអ្នកគាំទ្រនិងសាច់ញាតិលោក រ៉ុង ឈុន កាន់បដាពាក្យស្លោកនិងយកញត្តិទៅដាក់នៅស្ថានទូតជប៉ុននិងអាល្លឺម៉ង់ ឱ្យអន្តរាគមន៍ដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

​តំណាងសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អះអាង​ថា ករណី​ចាប់ខ្លួន​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​ពីសំណាក់​ស្ថានទូត​ជប៉ុន បន្ទាប់ពី​ពួក​គេ​ស្នើសុំ​អន្តរាគមន៍។

កាលពី​ថ្ងៃអង្គារ​សប្ដាហ៍​មុន ក្រុម​យុវជននិង​សមាជិកសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ជប៉ុននិង​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្វែងរក​អន្តរាគមន៍​ក្នុងករណី​លោក រ៉ុង ឈុន ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ចុងខែ​កក្កដា​​កន្លងមក​នេះ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុ​ក ឆា​យ៉ា​វី បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា អ្នកស្រីនិង​មនុស្ស២រូប​ទៀត ត្រូវ​បាន​អនុញ្ញាត​ឱ្យជួប​មន្ត្រី៤រូប​ប្រចាំ​នៅ​ស្ថានទូត​ជប៉ុន ​រយៈពេល​ជាង៣០នាទី​កាលពី​រសៀល​ថ្ងៃម្សិលមិញ​នេះ។

អ្នកស្រី អ៊ុ​ក ឆា​យ៉ា​វី អះអាង​ថា មន្ត្រី​ស្ថានទូត​ជប៉ុនបាន​ឆ្លើយតប​នឹង​សំណើ​របស់​សមាគមដែល​ស្នើ​ឱ្យជួយ​ក្នុងករណី​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ។

អ្នកស្រី អ៊ុ​ក ឆា​យ៉ា​វី ប្រាប់​ថា៖ «គេ​ថា គេ​កំពុងតែ​តាមដាន ហើយនិង​យកចិត្ត​ទុកដាក់ ហើយ​គេ​នឹង​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល ដើម្បីឱ្យមានការ​ដោះលែង»។

នៅពេល​សួរ​ថា តើ​អ្នកស្រី​បាន​ជួប​ជជែក​ជាមួយ​នរណា​ខ្លះ​នោះ អ្នកស្រី អ៊ុក ឆា​យ៉ា​វី ប្រាប់​ថា អ្នកស្រី​មិនបាន​ចាំ​ឈ្មោះ​មន្ត្រី​ស្ថានទូត​ជប៉ុន​នោះ​ឡើយ។

អ្នកស្រីបាន​បន្ថែម​ថា ក្រុម​របស់​អ្នកស្រី​បាន​ស្នើ​បន្ថែម​ដល់​ស្ថានទូត​ជប៉ុន​ក្នុង​ការពន្លឿន​ការ​ដោះលែង​លោក រ៉ុង ឈុន និង​យុវជន​ដែល​ជាប់ពន្ធ​នាគារ​​ដោយ​អយុត្តិធម៌។

លោក រ៉ុង ឈុន ដែល​ជា​អតីតប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី៣១ ខែកក្កដា ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​របស់​លោក​ថា ការ​បោះបង្គោល​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​បណ្ដាលឱ្យ​ដីស្រែ​របស់​ពលរដ្ឋ​បាត់បង់​ទៅ​ខាង​វៀតណាម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ