សមត្ថ​កិច្ច​​ដោះ​លែង​​បុរស​​ម្នាក់​​ដែល​​ថត​​សកម្ម​ភាព​​តវ៉ា​​ទាម​ទារ​​ឱ្យ​​បើក​​ច្រក​​ប៉ោយ​ប៉ែត

ក្រុមអាជីវករប្រមូលផ្ដុំគ្នាតវ៉ាទាមទារឱ្យបើកច្រកទ្វារព្រំដែនប៉ោយប៉ែត ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ (បណ្ដាញសង្គម/ពលរដ្ឋក្រុងប៉ោយប៉ែត)

សមត្ថកិច្ចខេត្ត​បន្ទាយមានជ័យ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​រយៈពេល​ខ្លី ខណៈ​ដែល​រូប​គាត់​បាន​ថត​សកម្មភាពនិង​ចូូល​រួម​ប្រមូល​ផ្តុំ​តវ៉ា​ជាមួយ​អាជីវករ​ប្រមាណ៣០នាក់ ទាមទារ​ឱ្យ​មានការ​បើក​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ឡើងវិញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អាជីវករ​ទាំងនោះបាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅ​ម្តុំ​ផ្សារត្រី ក្រុង​ប៉ោយប៉ែត ទាមទារ​ឱ្យ​អាជ្ញាធរ​បើក​ច្រក​អន្តរជាតិ​កម្ពុជា​-ថៃ (ប៉ោយប៉ែត​) ឡើងវិញ ដើម្បី​ឱ្យ​ពួក​គាត់​បាន​ប្រកបរបរ​ចិញ្ចឹមជីវិត ក្រោយពី​ច្រក​ទ្វារ​នេះ​បាន​បិទ​ជាច្រើន​ខែ​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ១៩។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី ប្រាប់​វី​អូ​ឌី​ថា នៅ​ព្រឹកមិញ​នេះ គាត់​ចូល​ទៅ​ថត​យក​រូបភាពនិង​ឡាយ​តាម​ហ្វេសប៊ុកពី​សកម្មភាព​តវ៉ា​នោះ ដើម្បី​បង្ហាញ​ទៅ​រដ្ឋាភិបាល​ឱ្យ​យកចិត្ត​ទុកដាក់​ដល់​ប្រជាពលរដ្ឋ ខណៈ​ដែល​ពួក​គេ​ជួប​បញ្ហា​ប្រឈម​ច្រើន​ក្នុង​ជីវភាព។

លោក​បន្ត​ថា នៅពេល​ធ្វើសកម្មភាព​ឡាយ​ផ្ទាល់ ​(Facebook Live​) នោះ សមត្ថកិច្ច​បាន​ដក​យក​ទូរសព្ទ​ដៃ​របស់​គាត់​ចំនួន​ពីរ​គ្រឿង និង​ឃាត់ខ្លួន​មនុស្សម្នាក់ឈ្មោះ ស៊ី​ម វណ្ណៈ អាយុ២៦ឆ្នាំ។ លោក​ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​ថា ធ្វើឡើង​ដោយ​បំពាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិនិង​ច្បាប់។

លោក​មានប្រសាសន៍​ថា៖ «ច្បាប់​ឯណា​ចែង​មក​ថា ថត​នៅ​ទី​សាធារណៈ​ខុសច្បាប់ វា​អត់មាន! វា​អយុត្តិធម៌​ហួសហេតុ​ហើយ ធ្វើ​អញ្ចឹង​ដូចជា​ផ្តាច់​ការ​ជ្រុល​ហើយ ផ្តាច់​ការ​មែនទែន​តែម្តង»។

តែ​យ៉ាងណា លោក ពុទ្ធី និយាយ​ថា នៅ​រសៀល​ថ្ងៃនេះ សមត្ថកិច្ច​បាន​ដោះលែងលោក ស៊ីម វណ្ណៈ ឱ្យ​មាន​សេរីភាព​វិញ ក្រោយពី​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ថតរូប​ភាព​តវ៉ានិង​ចូលរួម​ការ​តវ៉ា​នោះ។

លោ​ក ពុទ្ធី បញ្ជាក់​ដែរ​ថា សមត្ថកិច្ច​មិនទាន់​ប្រគល់​ទូរសព្ទ​ដៃ​ពីរ​គ្រឿង​ឱ្យ​គាត់​វិញ​នៅឡើយ ដោយ​សមត្ថកិច្ច​តម្រូវ​ឱ្យ​លោក​ធ្វើ​កិច្ចសន្យា​ដូច​លោក ស៊ីម វណ្ណៈ ដែរ។ លោក​ថា លោកមិនទាន់​សម្រេចចិត្ត​ថាទៅ​យក​ទូរសព្ទ​ដៃ​នោះ​នៅឡើយ ដោយសារ​កំពុង​គិតពិចារណា​ពី​ការ​ប្តឹង​លើ​ករណីនេះ ខណៈ​ដែល​លោក​ពុំ​មិនបាន​ធ្វើខុស​ដូច​ការចោទប្រកាន់។

អ្នក​រត់​ម៉ូតូឌុបនៅ​ក្រុង​ប៉ោយប៉ែត សុំ​មិន​បញ្ចេញ​ឈ្មោះ ​ដែល​ចូលរួម​ជាមួយ​អ្នក​តវ៉ា​ទាមទារ​នោះ បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​បើក​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ឡើងវិញ ខណៈ​អាជីវករ​កំពុង​ជួបប្រទះ​វិបត្តិសេដ្ឋកិច្ច​ក្នុង​គ្រួសារ។

លោក​អំពាវនាវ​ថា៖ «សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ គាត់​ជួយ​សម្រួល​បើក​ច្រក ពួក​ខ្ញុំ​ស្ទះ​លុយ​រក​មិនបាន ទិញ​ម្ហូប​ហូប​ខ្វះ​ព្រឹកខ្វះ​ល្ងាច មិនបាន​ហូប​គ្រប់គ្រាន់ ថ្លៃ​ភ្លើង ថ្លៃ​ទឹក ថ្លៃផ្ទះ​អត់មាន មកដល់​ខែ ខ្វះ​លិច ខ្វះ​កើត បើ​អត់បើ​កទេ នៅ​អញ្ចឹង​ទៀត ពួក​ខ្ញុំ​ដាច់​បាយ​ហើយ ខ្ញុំ​រក​អ្វី​មិនបាន​ផង»។

ក្នុង​ការ​ប្រមូល​ផ្តុំ​តវ៉ា​នោះ អាជីវករ​បាន​ពាក់អាវ​ដែល​មាន​សរសេរ​សារ​ថា «អរគុណ​សន្តិភាព ខ្ញុំ​សុំ​រស់​ផង»

អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក ធិន ស៊ិន​ដេ​ត ឆ្លើយ​យ៉ាង​ខ្លី​ថា សមត្ថកិច្ច​មិនបាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ស៊ីម វណ្ណៈ នោះ​ទេ។ 

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចាន់​គា ដែល​តាមដាន​ការ​តវ៉ា​នេះ មានប្រសាសន៍​ថា បើ​អាជ្ញាធរ​មិន​បើក​ច្រក​ប៉ោយប៉ែត​ឡើងវិញ​ទេ នឹង​ធ្វើ​ឱ្យ​អាជីវក​រមួយចំនួនជួប​បញ្ហា​ប្រឈម​ច្រើន ហើយ​អ្នក​ដែល​រងគ្រោះគឺ​ប្រជាពលរដ្ឋ​ក្រីក្រ។

ចំណែក ករណី​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្សម្នាក់​រយៈពេល​ខ្លីនិង​ដកហូត​ទូរសព្ទ​ពី​បាតុករ​នោះ លោក​ថា បង្ហាញ​ពី​សេរីភាព​បញ្ចេញមតិនិង​សេរីភាព​ចែករំលែក​ព័ត៌មាន មានការ​រឹត​ត្បិត។

លោក​មានប្រសាសន៍​ថា៖ «កុំ​ឱ្យ​រឹត​ត្បិត​ពេក​សេរីភាព​សារព័ត៌មាន សេរីភាព​នៃ​ការ​បញ្ចេញមតិ ឱ្យឃើញមិនសូវ​ល្អ​ក្នុង​សង្គម​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។ សង្គម​លទ្ធិប្រជាធិបតេយ្យ​និយាយ​ទាក់ទង​សេរីភាព​នៃ​ការ​បញ្ចេញ​ព័ត៌មាននិង​ការ​ទទួល​ព័ត៌មាន ឱ្យ​គេ​ឃើញច្បាស់​ទៅ ​ដើម្បី​ជា​ដំណឹង​មួយ ជា​សារ​មួយ​ដល់​អាជ្ញាធរ​ចុះ​ធ្វើការ​ដោះស្រាយ​ដែល​ជា​អ្នកបម្រើរាស្ត្រ ចុះ​ធ្វើការ​ដោះស្រាយ​ជូន​ពួក​គាត់»។

សេចក្តី​ជូនដំណឹង​របស់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះ​កែវ កាលពី​ចុងខែ​មីនា ឆ្នាំ២០២០នេះ បានឱ្យ​ដឹង​ថា កម្ពុជា​-ថៃ សម្រេច​បិទ​ច្រកព្រំដែន​អន្តរជាតិ​និង​ច្រក​ទ្វារ​ទាំងអស់​នៃ​ប្រទេស​ទាំងពីរ​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។ ច្រក​ទ្វារ​អន្តរជាតិ​និង​ច្រក​ទ្វារ​តំបន់​រវាង​កម្ពុជា​-ថៃ មាន​ចំនួន២៤ច្រក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ