ចិន​​ដាក់​​ពង្រាយ​​យន្តហោះ​​ចម្បាំង​ក្បែរ​​ព្រំដែន​​ជាមួយ​​ឥណ្ឌា​​នៅ​​តំបន់​​មាន​​ជម្លោះ​​

ប្រភេទយន្តហោះចម្បាំងមួយគ្រឿងហ្វឹកហាត់ហោះហើរក្នុងពិធីធ្វើសមយុទ្ធមួយកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ (mod.gov.cn)

ប្រទេស​ចិនបាន​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ដែល​មាន​លទ្ធ​ភា​ពបាញ់​មី​ស៊ី​លបាន​ចម្ងាយ២៥០០គីឡូម៉ែត្រ ដាក់​នៅ​ជិត​ព្រំដែន​របស់​ខ្លួន​ជាប់​ជាមួយ​ប្រទេស​ឥណ្ឌា ចំ​ពេល​ដែល​កម្លាំងប្រដាប់អាវុធ​នៃ​ប្រទេស​ទាំងពីរ​មាន​កា​រប៉ះទង្គិច​គ្នា​ទ្រង់ទ្រាយ​ធំ​ជាថ្មី​ទៀត។

នៅក្នុង​រូបថត​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃអង្គារ នៅ​លើ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្លូវការ​នៃ​បញ្ជាការ​ដ្ឋាន​ភាគ​កណ្ដាល​របស់​កងទ័ព​រំដោះប្រជាជន​ចិន​ បាន​ឱ្យ​ដឹង​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ Xian H-6 ចំនួន៣គ្រឿង និង​យន្តហោះ​ដឹក​កងទ័ព​ប្រភេទ Xian Y-20 ចំនួន១គ្រឿង​ទៀត​ ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​អាកាសយាន​ដ្ឋាន​មួយ ដែល​ត្រូវ​បាន​គេ​គិតថា ​ស្ថិតនៅ​ក្នុង​តំបន់​ស្វយ័ត​ទីបេ។

ខ្លឹមសារ​ដែល​អម​ជាមួយ​រូបភាព​នៅ​លើ​បណ្តាញ​សង្គម វ័យ​ប៊ូ ​(Weibo​) របស់​ប្រទេស​ចិន​បានឱ្យ​ដឹង​ថា កងទ័ព​របស់​ខ្លួន​បាន​និង​កំពុង​ឈរជើង​នៅ​ទី​ខ្ពស់​ជាងគេ​លើ​តំបន់​ខ្ពង់រាប។

ក្នុងចំណោម​យន្តហោះ​ដែល​អាច​កំណត់​អត្តសញ្ញាណ​បាន​ពី​រូបភាព គឺ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ H-6H ដែល​អាច​វាយប្រហារ​បាន​ចម្ងាយ២៥០០គីឡូម៉ែត្រ និង​អាច​ផ្ទុក​មី​ស៊ី​លធុន​ធ្ងន់​សម្រាប់​បាញ់​លើ​ដីឬមី​ស៊ី​លសម្រាប់​បាញ់​នាវា។

ការ​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​របស់​ចិន​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​តាម​ព្រំដែន​រវាង​ចិននិង​ឥណ្ឌា បាន​កើតឡើង​ជាថ្មី​ទៀត កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។ ភាគី​ទាំងពីរ​ក៏បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​អំពី​ការ​បើកការ​បាញ់ប្រហារ​នៅ​ជិត​បឹងផែង​កុង​ខាងត្បូង(Pangong​) ក្នុង​ការរំលោភ​លើ​កិច្ច​ព្រមព្រៀង​គ្មាន​សង្គ្រាម​ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ១៩៩៦។

ជម្លោះ​នៅ​តាម​ព្រំដែន​រវាង​ចិននិង​ឥណ្ឌា បាន​បង្ក​ជា​ភាព​តានតឹង​ខ្លាំង​ឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ ចាប់តាំងពី​ខែឧសភា​មក។ យ៉ាងហោចណាស់ ​ទាហាន​ឥណ្ឌា២០នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​ភាគី​ទាំងពីរនៅក្នុង​ខែមិថុនា។ ចំណែក​ប្រទេស​ចិនមិនបាន​ទទួលស្គាល់​ការបាត់បង់​កងទ័ព​របស់​ខ្លួន​នៅក្នុង​ការ​ប្រយុទ្ធ​នោះ​ទេ។ 

ប្រទេស​ទាំងពីរនៅតែ​បញ្ជូន​កងកម្លាំង​បន្ថែម​ទៅតាម​តំបន់​ដែល​កំពុងតែ​មា​នការប្រឈម​ខ្លាំង​នេះ បើ​ទោះជា​មាន​កិច្ច​ព្រមព្រៀង​មិន​ដាក់​បន្ថែម​កម្លាំង​នៅ​ជួរមុខ ដើម្បី​បន្ថយ​ភាព​តានតឹង​ក៏ដោយ។

រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ កងទ័ព​រំដោះប្រជាជន​ចិន បាន​បង្កើន​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​តំបន់​ទីបេនិង​តំបន់​ស៊ីន​ជាំ​ង ព្រមទាំង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ពី​ការហាត់​សម​នេះ។

យន្តហោះ​ទម្លាក់​គ្រាប់បែក​ជា​ហ្វូង​ប្រភេទ H-6 របស់​ចិន​ គឺ​បច្ចេកវិទ្យា​ផលិត​យក​តាម​យុទ្ធសាស្ត្រ​របស់​សហភាពសូវៀត​ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ១៩៥០។ ចំណែក​បច្ចេកវិទ្យា​ចុងក្រោយ​នោះ​គឺ H6​-N ដែល​ផលិតនិង​ដាក់​បង្ហាញ​លើកដំបូង​ក្នុង​ទិវា​កងទ័ព​ជាតិ​កាលពី​ខែតុលា​ឆ្នាំមុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ