មន្ត្រីជំនាញ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធករណីទន្ទ្រាន​ដីតំបន់​ការ​ពារក្បាលឆាយ​

មន្ត្រីឧទ្យានុរក្ស​​តំបន់​ការពារ​ក្បាល​ឆាយ​ខេត្តព្រះសីហនុ បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ទៅស្នងការ​ដ្ឋាននគរបាល​ខេត្ត ក្រោយ​សង្ស័យ​​ពាក់ព័ន្ធនឹង​​​ករណី​ទន្ទ្រាន​​ដីព្រៃ​ក្នុងតំបន់ការ​ពារ​ធម្មជាតិ​​ក្បាលឆាយ​។

សេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ កាលពីថ្ងៃម្សិល​មិញ បានឱ្យដឹងថា ក្រុមមន្រ្តីឧទ្យានុរក្សតំបន់ប្រើប្រាស់​​ច្រើន​យ៉ាងព្រែកទឹកសាប​ក្បាលឆាយ កាលពីថ្ងៃទី៩ខែកញ្ញា បាន​ចុះត្រួតល្បាតត្រួត​ពិនិត្យបទល្មើសទន្ទ្រាន​កាន់កាប់ដីរដ្ឋ​ខុសច្បាប់ ក្នុង​ភូមិ​សាស្ត្រ​ឃុំបិតត្រាង ស្រុកព្រៃនប់។

មន្ទីរបរិស្ថានខេត្ត បានបន្តថា ក្នុងពេលចុះល្បាតនោះ មន្ត្រីឧទ្យានុរក្ស​បាន​ប្រទះឃើញមាន​​រោង​ប្រក់តង់​មួយ​ចំនួន២កន្លែង និង​វត្ថុតាងបទល្មើស​មួយចំនួន រួមមាន រណា​យន្ត​១គ្រឿង ម៉ាស៊ីនកាត់ស្មៅ២គ្រឿង កាំបិតផ្គាក់២ និង​ពូថៅ១។

មន្ទីរបរិស្ថានខេត្ត បានបន្ថែមថា ពេល​នោះ ក្រុម​ល្បាតក៏បាន​ឃើញមនុស្ស​៣នាក់ ពួននៅ​ក្បែរតង់នោះ និងបានព្យាយាម​រត់គេចចេញ ប៉ុន្តែ​​ក្រុមការងារ​បាន​ឃាត់​ខ្លួនមនុស្ស​ប្រុស​បាន​ម្នាក់។

មន្ទីរបរិស្ថាន បានបញ្ជាក់ថា ដោយ​មានការ​សម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្ត ក្រុម​ការងារ​ល្បាត​បាន​បញ្ជូន​បុរសរូបនោះទៅស្នងការ​នគរបាល​ខេត្ត ដើម្បីធ្វើការ​សាក​​សួរ​តាមនីតិវិធីច្បាប់។

​ទោះយ៉ាងណា វីអូឌី ពុំអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ ពីប្រធានមន្ទីរ​បរិស្ថាន​​ខេត្តព្រះសីហនុ លោក សាមុត​ សុធារិទ្ធ បានទេ នៅថ្ងៃព្រហស្បតិ៍នេះ ដោយ​លោកប្រាប់ថាជាប់រវល់។

រាជរដ្ឋាភិបាល បាន​ចេញអនុក្រឹត្យ​ បង្កើតតំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែកទឹកសាបក្បាល​​ឆាយ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។

កន្លងមក សមត្ថកិច្ច​ ក៏ធ្លាប់​បាន​បង្ក្រាប​ជាបន្តបន្ទាប់​នូវ​សកម្មភាពបទល្មើស​កាប់ឆ្ការព្រៃ ទន្ទ្រាន​យកដីនៅតំបន់​ការ​ពារ​នេះជាបន្តបន្ទាប់ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ