ប្រាក់ឈ្នួលគោលរបស់កម្មករក្នុងវិស័យកាត់ដេរ ត្រូវបានសម្រេចកំណត់រួចហើយនៅថ្ងៃនេះ ដោយត្រូវបានដំឡើងត្រឹមតែ២ដុល្លារប៉ុណ្ណោះ បន្ថែមទៅលើប្រាក់ឈ្នួលគោលដែលត្រូវបានអនុវត្តនៅក្នុងឆ្នាំនេះ។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលប្រមូលផ្ដុំដោយភាគីតំណាងកម្មករ ភាគីតំណាងថៅកែរោងចក្រ និងភាគីរដ្ឋាភិបាលនោះ បានជួបប្រជុំចរចាចុងក្រោយនៅថ្ងៃនេះ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រសួងការងារបានលើកឡើងថា ក្រុមចម្រុះត្រីភាគីនេះ បានសម្រេចជារួមកំណត់យកតួលេខ១៩០ដុល្លារ ជាប្រាក់ឈ្នួលទាបបំផុតសម្រាប់កម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២១ខាងមុខនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ ប្រាក់ឈ្នួលគោលរបស់កម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំថ្មី មិនត្រូវបានដំឡើងនោះឡើយ ប៉ុន្តែក្រសួងការងារបានប្រកាសផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្រេចបន្ថែម២ដុល្លារទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលគោលរបស់កម្មករនៅឆ្នាំថ្មី ឡើងដល់១៩២ដុល្លារសម្រាប់កម្មករពេញសិទ្ធ និង១៨៧ដុល្លារសម្រាប់កម្មករស្ថិតក្នុងដំណាក់កាលសាកល្បងការងារ។
រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងវិស័យកាត់ដេរ ត្រូវបានដំឡើងក្នុងចំនួន២ដុល្លារនេះ ដោយផ្អែកលើការរីករាលដាលជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់ខ្សែចង្វាក់ផលិតកម្ម ការផ្គត់ផ្គង់ ការនាំចេញ និងលំហូរសាច់ប្រាក់របស់រោងចក្រនីមួយៗ។

លោក អ៊ិត សំហេង ថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ប្រាក់ឈ្នួលនេះនឹងជួយទៅដល់ជីវភាពបងប្អូនកម្មករដែលកំពុងជួបការលំបាក ហើយនឹងជួយដល់ការបង្កើននូវផលិតភាពការងារ ដើម្បីធ្វើយ៉ាងណាឱ្យរោងចក្រសហគ្រាសរបស់យើង កាន់តែមានភាពប្រកួតប្រជែងជាមួយប្រទេសដែលផលិតទំនិញដូចយើងដែរ ទៅកាន់ទីផ្សារអន្តរជាតិ។ ហើយក៏ជាសារមួយទាក់ទាញបន្ថែមនូវការវិនិយោគ ការបង្កើតរោងចក្រសហគ្រាសថ្មីៗក្នុងប្រទេសកម្ពុជាយើងផងដែរ»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដែលបានចូលរួមប្រជុំអំពីការដំឡើងប្រាក់ឈ្នួលនេះដែរនោះ បានប្រាប់ថា ក្រុមសហជីពបានស្នើដំឡើង១២,៣៥ដុល្លារ ឬស្នើនឹង៦,៥ភាគរយនៃប្រាក់ឈ្នួលឆ្នាំចាស់ ខណៈភាគីថៅកែស្នើដកការដំឡើង១៧,៣៩ដុល្លារវិញ ហើយភាគីរដ្ឋាភិបាលស្នើដក៤ដុល្លារនៃប្រាក់ឈ្នួលគោលបច្ចុប្បន្ន១៩០ដុល្លារ។
មេសហជីពរូបនេះបន្តថា លោកមិនពេញចិត្តនោះទេនឹងតួលេខនេះ ប៉ុន្តែលោកថា គាំទ្រតួលេខនេះព្រោះ«គ្មានជម្រើស» ក្រោយពីការចរចាមានភាពលំបាក ដោយសារបញ្ហាជំងឺកូវីដនិងការកាត់ផ្ដាច់មួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធ«អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬ EBA ពីសហភាពអឺរ៉ុប។ លោកថា ការកើនប៉ុណ្ណេះមិនអាចជួយសម្រួលដល់ជីវភាពកម្មករឡើយ ខណៈអតិផរណាកើនឡើង។

លោក អាត់ ធន់ និយាយថា៖ «ចំពោះខ្ញុំផ្ទាល់ គឺយើងមិនពេញចិត្តទេ ប៉ុន្តែយើងគិតស្ថានភាពកូវីដនេះ ប្រសិនជាវា [ចំនួនប្រាក់ឈ្នួល២០២១] នៅដដែលឬវាទាបជាងនេះ វាជាវិប្បដិសារី។ តែបើវាបានប៉ុណ្ណឹង ក៏វាប្រសើរដែរ។ បើវាបានច្រើនដូចយើងគិត វាកាន់តែល្អ តែឥលូវវាតិចអីចឹង»។
តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ណាង សុធី ប្រាប់ថា ស្ថិតក្នុងវិបត្តិសុខភាពសកលដែលធ្វើឱ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្ម ការនាំចេញ និងលំហូរសាច់ប្រាក់នេះ ប្រសិនបើប្រាក់ឈ្នួលអប្បបរមារបស់កម្មករមិនថយចុះទេ វានឹងធ្វើឱ្យនិយោជកមានការលំបាក ប៉ុន្តែចំនួនប្រាក់ឈ្នួលនេះ ខាងនិយោជកអាចទទួលយកបាន។

លោក ណាង សុធី និយាយថា៖ «វាជាការលំបាកមួយដែរ ពីព្រោះអ្នកវិនិយោគសម័យនេះ ក្នុងដំណាក់កាលកូវីដនេះ មិនទាន់មានអ្វីជាធំដុំនៅឡើយទេ។ ដូច្នេះ តាមការប្រមើលមើល ជំងឺកូវីដ វាអាចអូសបន្លាយពេលទៅមុខមួយរយៈទៀត»។
លោក អ៊ិត សំហេង បានឱ្យដឹងថា ការនាំចេញផលិតផលកាត់ដេរកម្ពុជាទៅទីផ្សារអន្តរជាតិមួយរយៈចុងក្រោយនេះ ថយចុះនិងកើនឡើងប្រហាក់ប្រហែលគ្នា។ លោកថា ពេលខ្លះកើនឡើងចន្លោះពី១០ភាគរយទៅ១៥ភាគរយនិងចុះក៏ដូចគ្នាដែរ ប៉ុន្តែលោក អ៊ិត សំហេង មិនអាចបញ្ជាក់លម្អិតបានទេ៕