វិភាគ៖ កម្ពុជា​​គួរ​​អត់​ធ្មត់​​ករណី​​យុវជន​​តវ៉ា​​ដូច​​ធ្វើ​​កិច្ចការ​​ព្រំដែន​​ជាមួយ​​វៀតណាម​

(ឆ្វេង) កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីស្នងការនគរបាល​ខេត្ត​កណ្ដាល បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ស្ថិតនៅ​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល ដោយឃើញតង់​មួយចំនួនដែល​ទាហាន​វៀតណាមសាងសង់​នៅ​តំបន់​ភាគី​កម្ពុជា​-វៀតណាម​មិនទាន់​ឯកភាព​គ្នា និង(ស្ដាំ) លោក ហ៊ុន វណ្ណៈ យុវជនខ្មែរថាវរៈ ប៉ះទង្គិចជាមួយ​អាជ្ញាធរខណ្ឌ​៧​មករា ពេលចុះទៅប្រមូល​ផ្ដុំតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារតុលាការ​ដោះលែងលោក រ៉ុង ឈុន ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង វីអូឌី)

នៅក្នុង​វីដេអូ​របស់​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី បាន​ប្រើពាក្យ​«ចំ​ណាច់​ការ​លើ​អ្នក​តវ៉ា​ជ្រុលនិយម​រឿង​ព្រំដែន» ហើយ​វី​ដេអូ​នោះ​ក៏បាន​លើកឡើង​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើ​កិច្ចការ​ព្រំដែន​ដោយ​ភាព​វៃឆ្លាត​និង​អត់ធ្មត់​ខ្ពស់​ជាមួយ​ប្រទេសជិតខាង។

រដ្ឋាភិបាល​បាន​ចាប់ខ្លួនលោក រ៉ុង ឈុន ជាស​មា​ជិ​កក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា កាលពី​ចុងខែ​កក្កដា ដោយ​ចោទ​ថា ការ​អត្ថា​ធិប្បាយ​ពី​បញ្ហា​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ ខុសពី​ការពិតនិង​មាន​ចេតនា​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម។

ក្រោយមក​ទៀត​ ប្រជាពលរដ្ឋនិង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ បាន​ចេញមុខ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែងលោក រ៉ុង ឈុន។ ជា​លទ្ធផល ​ក្រុម​យុវជន​ទាំងនោះត្រូវ​បាន​ចាប់ខ្លួន​ជាបន្តបន្ទាប់ ក្នុង​នោះ​មាន​ទាំង​ព្រះសង្ឃ​ផង​ក៏​ត្រូវ​ឃាត់​ព្រះ​កាយ​យក​ទៅ​ផ្សឹក​ហើយ​បញ្ជូន​យក​ទៅ​ឃុំខ្លួន​ផង​ដែរ។

ក្រៅពី​ក្រុម​យុវជន​ខ្មែរ​ថាវរៈ នៅដើមខែ​កញ្ញា​នេះ ក៏​មាន​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ចេញមុខ​ធ្វើ​យុទ្ធនាការ​តវ៉ាទាមទារឱ្យ​រដ្ឋាភិបាល​ពិចារណា​ក្នុង​ការបញ្ឈប់​ការ​លុប​បឹង​តា​មោកដែល​នាំ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ។ 

ជា​លទ្ធផល​ យុវជន​ចលនា​មាតា​ធម្មជាតិ​ដែល​មាន​គម្រោង​ដើរ​ពី​វត្តភ្នំ​ទៅផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ ដើម្បី​បង្ហាញ​ក្តី​កង្វល់​នោះ ក៏​ត្រូវ​ចាប់ខ្លួន ហើយ​ទីតាំង​កន្លែង​ពួក​គេ​ធ្វើការ ​ក៏​ត្រូវ​អាជ្ញាធរ​បិទទ្វារ​ដែរ ដោយ​ចោទ​ថា រៀបចំ​កន្លែង​ផ្សព្វផ្សាយ​ដោយ​ខុសច្បាប់។

នៅក្នុង​លិខិត​របស់ក្រ​សួង​មហាផ្ទៃ​ ចុះ​ថ្ងៃទី៧ ខែកញ្ញា បាន​ចាត់ទុក​សកម្មភាព​ក្រុម​យុវជន​ទាំងពីរ​ក្រុម​នេះ​ថា ជា​អំពើខុស​ច្បាប់ ញុះញង់​ឱ្យ​មាន​ភាព​ចលាចល​នៅក្នុង​សង្គម។ ក្រសួង​បាន​អំពាវនាវ​កុំឱ្យ​ប្រជាពលរដ្ឋ​ចូល​រួមសកម្មភាព​ជាមួយ​យុវជន​ទាំងពីរ​ក្រុម ហើយក៏​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ចាត់វិធានការ​ទប់ស្កាត់​ទៅតាម​ផ្លូវច្បាប់។

ដើមហេតុ​ដំបូង​នៃ​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន គឺ​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន ហើយ​ការ​ចាប់ខ្លួន​យុវជន​មួយចំនួន​ដោយសារ​ទាមទារ​ឱ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន ដូច្នេះ​មូលហេតុ​ដើម​គឺ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា​វៀតណាម។

កម្ពុជា​និង​វៀតណាម​មាន​បណ្តោយ​ព្រំដែន​គោក​ចំនួន១២៤៥គីឡូម៉ែត្រ ហើយ​គិត​ត្រឹម​ដើមខែ​កញ្ញា​នេះ ដំណើរការ​បោះបង្គោល​ព្រំដែន​បាន​ចំនួន៨៤ភាគរយ ​ស្មើនឹង៣១៥បង្គោល បើ​ធៀប​នឹង​បង្គោល​ដែល​ត្រូវ​បោះ​សរុប​ចំនួន៣៧១។ នៅសល់១៦ភាគរយ​ទៀត ភាគី​ទាំងពីរ​កំពុង​ចរចា​ស្វែងរក​ចំណុច​ឯកភាព ដើម្បី​ឈាន​ដល់​ការ​បោះបង្គោល​បញ្ចប់។

នៅក្នុង​វី​ដេអូ​របស់​អង្គភាព​ព័ត៌មាន និងប្រតិកម្ម​រហ័ស​នៃ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ផ្សព្វផ្សាយ​នៅដើម​សប្តាហ៍​នេះ បាន​លើកឡើង​ថា បង្គោលព្រំ​ដែន​ដែល​មិនទាន់​បោះ​ហើយ ​មាន​លក្ខណៈ​ស្មុគស្មាញ ហើយ​កម្ពុជា​ធ្វើការងារ​នេះ​ដោយ​ម៉ត់ចត់ ម៉ឺង​ម៉ាត់ និង​ផ្អែកលើ​ផ្លូវច្បាប់​ទាំងស្រុង​ ទាំង​ច្បាប់​ជាតិនិង​អន្តរជាតិ។ វី​ដេអូ​នេះ ក៏បាន​លើកឡើង​ពី​ភាព​ឆ្លាតវៃនិងអត់ធ្មត់​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន។

វី​ដេ​អូ៖ «រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្សប្រជាជន​កម្ពុជា និង​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ​ជា​ប្រមុខ​ បាន​ប្រើប្រាស់​ទេព​កោសល​្យយ៉ាង​ប៉ិនប្រសព្វ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ដើម្បី​ឱ្យ​កម្ពុជាមាន​បង្គោលព្រំ​ដែន​ច្បាស់លាស់​ផង និង​ប្រែក្លាយ​បន្ទាត់​ព្រំដែន​ឱ្យទៅ​ជាព្រំដែន​មិត្តភាព កិច្ច​សហប្រតិបត្តិ​ការ និងអភិវឌ្ឍន៍ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេសនិង​ប្រជាជន​ទាំងសងខាង​ផង»។

បើ​ពិនិត្យ​លើ​ស្ថានភាព​ដែល​យោធា​វៀតណាម​បោះតង់​ចំនួន២៥៦កន្លែងតាំងពី​ដើមឆ្នាំ២០២០ នៅ​ក្បែរ​ព្រំដែន ដែល​ផ្ទុយពី​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ គឺ​ភាគី​កម្ពុជា​ក៏បាន​ធ្វើ​កិច្ចការ​ងារ​នេះ​ជាបន្តបន្ទាប់ រួម​ទាំង​ការ​ធ្វើ​កំណត់​ទូត កោះហៅ​ឯកអគ្គ​រដ្ឋទូត​វៀតណាម​ឱ្យ​បំភ្លឺ និងការ​ចុះទៅ​ទីតាំង​យោធា​វៀតណាម​ដោយ​ផ្ទាល់ ដើម្បី​ឱ្យ​វៀតណាម​រុះរើ​តង់និង​សំណង់​រឹង​ទាំងនោះ​ចេញ។ ប៉ុន្តែ​ជា​លទ្ធផល​ វៀតណាមមិនបាន​រើចេញ​ទេ ហើយ​ថែមទាំង​ដូរ​ពី​តង់​ទៅជា​ការសាងសង់​សំណង់​រឹង​ថែមទៀត។

គិត​មក​ត្រឹម​ដើមខែ​កញ្ញា​នេះ សំណង់​រឹង​របស់​វៀតណាម​សាងសង់​ជាបន្តបន្ទាប់ កើន​ដល់៦កន្លែង​ហើយ។

ជុំវិញ​បញ្ហា​នេះ ភាគី​កម្ពុជា​បញ្ជាក់​ជំហរ​ថា នៅតែ​ទាមទារ​ដោយសន្តិវិធី​ឱ្យ​វៀតណាម​រុះរើ​តង់និង សំណង់​រឹង​ទាំងនោះ​ចេញ​វិញ ដើម្បី​ប្រែក្លាយ​ព្រំដែន​ទៅជា​តំបន់​កិច្ច​សហប្រតិបត្តិ​ការនិង​អភិវឌ្ឍន៍​ដោយសន្តិភាព។

តើ​ការ​ដោះស្រាយ​បញ្ហា​ព្រំ​ដែន​ដែល​រដ្ឋាភិបាល​អះអាង​ថា ធ្វើឡើង​តាមរយៈ​ការចរចាដោយ​ម៉ត់ចត់ ម៉ឺង​ម៉ាត់ និង​អត់ធ្មត់​នេះ អាច​ប្រើ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​ចលនា​យុវជន​បានទេ?

ជុំវិញ​ការ​ដោះស្រាយ​បញ្ហាផ្ទៃក្នុង​លើ​ចលនា​តវ៉ា​របស់​ក្រុម​យុវជន​ លោក យ៉ង សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លើកឡើង​តាម​ហ្វេសប៊ុក​របស់​លោក ដោយជំរុញ​ឱ្យ​រដ្ឋាភិបាល​ជួប​ក្រុម​យុវជន​ ហើយ​ស្តាប់កង្វល់​របស់​ពួក​គេ​ គឺ​អាច​ជួយ​ដោះស្រាយ​បញ្ហា​បាន​ច្រើន។

នាយិកា​ម​ជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព លើកឡើង​ថា វិធានការ​របស់​អាជ្ញាធរ​លើ​ក្រុម​យុវជន​កន្លងមក​នេះ​ គឺជាការ​គំរាមកំហែង​ខ្លាំង​ដល់​ក្រុម​យុវជន​ដែល​ធ្វើសកម្មភាព​តស៊ូ​មតិ​ផ្ទាល់និងស្រ​ទាប់​យុវជ​នផ្សេង​ៗទៀត។ 

លោកស្រី​ ចក់ សុភាព ​ពន្យល់តាម​គោលការណ៍​ច្បាប់​ថា សមត្ថកិច្ច​អាច​ឃាត់ខ្លួន​អ្នក​តវ៉ា​ណា​ម្នាក់​ដែល​បង្ក​ហិង្សា ហើយ​ដោះលែង​វិញ​ពេល​តវ៉ា​ចប់។ ប៉ុន្តែ​លោកស្រី​ថា ជាក់ស្តែង ​ក្រុម​សន្តិសុខ​ជា​អ្នក​បង្ក​ហិង្សា តែ​សមត្ថកិច្ច​ចាប់ខ្លួន​អ្នក​តវ៉ា ហើយ​ថែមទាំង​យក​ទៅ​ចោទប្រកាន់​ថែមទៀត។

លោកស្រី ចក់ សុភាព៖ «ជាទូទៅ​ រដ្ឋ​តែងតែ​ធ្វើការ​ចាប់ខ្លួន​ ហើយ​ចោទប្រកាន់​គាត់​ពី​បទ​ផ្សេងៗ ជាពិសេស​គឺ​បទ​ញុះញង់ ដែល​ជាទូទៅ​គឺប្រើ​ទៅលើ​យុវជន ទៅលើ​សហគមន៍​ជា​ញឹកញយ​មែនទែន! យើង​មើលឃើញ​ថា ជា​ចេតនា ​មិនមែន​គ្រាន់តែ​បំពាន​លើ​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​នោះ​ទេ តែ​បាន​បំពាន​លើ​គោលការណ៍​ច្បាប់​ជាតិ​ទៅទៀត»។

លោកស្រីបារម្ភ​ថា សកម្មភាព​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​លែង​ហ៊ាន​បញ្ចេញមតិនិង​ប៉ះពាល់​កិត្តិយស​កម្ពុជា​លើឆាកអន្តរជាតិ។

លោកស្រី ចក់ សុភាព៖ «នៅពេល​ដែល​ពលរដ្ឋ​គាត់​លែង​ហ៊ាន​បញ្ចេញមតិ​ ធ្វើ​ឱ្យ​ធាតុ​ចូល​សំ​ខាន់​ៗ វា​បាត់។ អ៊ីចឹង សសរ​ស្តម្ភ​នៃ​អភិបាលកិច្ច​ហ្នឹង​ត្រូវ​រង្គោះរង្គើ​ហើយ កន្លែង​នេះមួយ។ ហើយ​ទីពីរ វា​នឹង​បង្ក​បរិយាកាស​មួយ​គម្លាត​រវាង​ពលរដ្ឋ​និង​រដ្ឋាភិបាល ឈាន​ដល់​ការ​បាត់​នូវ​ជំនឿ​ទុកចិត្ត​គ្នា»។

ជុំវិញ​វិធានការ​របស់​អាជ្ញាធរ​កម្ពុជាលើសកម្មភាព​របស់​ក្រុម​យុវជន​នេះ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ លោកស្រី រ៉ូ​ណា ស្មី​ត ក៏បាន​សម្តែង​ការ​ព្រួយបារម្ភ​ដែរ។ លោកស្រី​ជំរុញឱ្យ​អាជ្ញាធរ​កម្ពុជា​គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​ការចោទប្រកាន់​ទាំងនេះ។

ការផ្ទុះនូវការ​តវ៉ា​របស់​ក្រុម​យុវជន​រាប់​ខែ​មកនេះ ​គឺ​ក្រុម​យុវជន​បាន​លើកឡើង​ពី​ក្តី​កង្វល់​ខ្លាច​បាត់បង់​ទឹកដី ខ្លាច​វៀតណាម​ឈ្លានពាន ហើយ​ក្រុម​មួយទៀត​ខ្លាច​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​កើត​ពី​កា​រលុបបឹ​ងតា​មោក​ជាដើម។ 

ចំណែក​រដ្ឋាភិបាល​បញ្ជាក់​ថា សកម្មភាព​​អភិវឌ្ឍន៍​ឬការសម្រេច​អ្វីមួយ​ មានការ​សិក្សា​ត្រឹមត្រូវ​មិន​ឱ្យ​កម្ពុជា​ខាតបង់​ទេ ហើយ​រដ្ឋាភិបាល​បារម្ភ​ខ្លាច​ក្រុម​យុវជនទាំងនោះ​ញុះញង់​ឱ្យ​មាន​ចលាចល​ក្នុង​សង្គមឬឈាន​ដល់​មាន​សង្គ្រាម​ជាមួយ​ប្រទេសជិតខាង។

ទោះ​យ៉ាងណា​ ក្រុម​ទាំងពីរ​ដែល​និយាយ​ខ្មែរ​ស្តាប់​គ្នា​បាន ​ដោយ​មិន​ចាំបាច់​មាន​អ្នកបកប្រែ​នោះ មិនដែល​បាន​ជួបគ្នាបង្ហាញ​ពី​ការ​អត់ធ្មត់និង​ស្វែងយល់​ពី​ក្តី​កង្វល់​គ្នា​ទៅវិញទៅមក​នោះ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ