លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ក្រើន​រំឭក​កង​​អង្គ​រក្ស​​ឱ្យប្ដេជ្ញា​​ការ​ពារ​​សន្តិភាព​និង​​ស្ថិរ​​ភាព​​នយោ​បាយ​​ប្រទេស​

លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍គម្រប់ ៣០ឆ្នាំថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និងខួបគម្រប់១១ឆ្នាំថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងខេត្តកណ្ដាល នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ Hun Manet)

​កូនប្រុស​ច្បង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើនរំឭក​ទៅ​កង​អង្គរក្ស​ផ្ទាល់ខ្លួន​លោកនាយក​រដ្ឋមន្ត្រី ឱ្យប្រកាន់​ខ្ជាប់​តាម​គោលការណ៍​របស់​បញ្ជាការ​ដ្ឋាន ដើម្បី​ការពារ​សន្តិភាពនិង​ស្ថិរ​ភាព​នយោបាយ​របស់​ប្រទេស។

កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​ណែ​ត ដែល​ជា​អគ្គ​មេបញ្ជាការ​រងនិង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែង​បែបនេះ​កាលពី​ម្សិលមិញ ​ក្នុង​ពិធី​ខួប​គម្រប់៣០ឆ្នាំ​នៃ​ថ្ងៃកំណើត​កងវរសេនាតូច​លេខ២៤៦។

លោក ហ៊ុន ម៉ា​ណែ​ត ថ្លែង​ថា៖ «ការ​សាមគ្គី​ផ្ទៃក្នុង​ជា​កត្តា​កំណត់​ជោគជ័យ​ផ្ទៃក្នុង ជា​កត្តា​កំណត់​សម្រាប់​ប្រទេសជាតិ​យើង សម្រាប់​ខ្មែរយើង​។ ការ​ដើរទៅ​មុខ ការ​ពង្រឹង​សមត្ថភាព ម្ចាស់ការឯករាជ្យ​ភាព​លើ​គ្រប់​វិស័យដូច​នៅក្នុង​របាយការណ៍​ដែល​បាន​ដាក់ គឺជា​ភារកិច្ចនិង​គោលដៅ​របស់​កងទ័ព»។

លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ក្រើនរំឭក​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ពង្រឹង​ផ្ទៃក្នុង ហើយ​ត្រូវ​ទប់ស្កាត់​ការ​បែក​បាក់​ផ្ទៃក្នុង​ជួរ​កងទ័ព​ផង​ដែរ។

ក្នុង​សារលិខិត​អបអរ​ខួប៣០ឆ្នាំនេះ​ដែរ លោក ហ៊ុន សែន បាន​រំឭកឡើងវិញ​ថា លោក​​បាន​ចុះទៅ​បង្កើត​ដោយ​ផ្ទាល់​នូវ​កងវរសេនាតូច​លេខ២៤៦កាលពី​ឆ្នាំ១៩៩០ នៅពេល​លោក​កាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​មន្ត្រី​នៃ​សម័យ​រដ្ឋកម្ពុជា។

លោក ហ៊ុន សែន រៀបរាប់​ទៀត​ថា កងវរសេនាតូច​មួយ​នេះត្រូវ​បាន​កែប្រែ​ទៅជា​បញ្ជាការ​ដ្ឋាន​កង​អង្គរក្ស​កាលពី​ខែមិថុនា ឆ្នាំ២០០៩ ដែល​ស្ថិត​ក្រោម​ចំណុះ​អគ្គបញ្ជាការ​ដ្ឋាន ហើយ​ស្ថិត​ក្រោម​បញ្ជាការ​លោក ហ៊ីង ប៊ុ​នហៀង ដែល​ជា​អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ​ផង​ដែរ។

មេបញ្ជាការ​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី​រូប​នេះ ត្រូវ​បាន​អាមេរិក​ដាក់​ចូលក្នុង​បញ្ជីខ្មៅនិង​ការ​បង្កក​ទ្រព្យសម្បត្តិ​ចាប់តាំងពី​ខែមិថុនា ឆ្នាំ២០១៨ ក្រោយពី​អាមេរិក​រក​ឃើញថា លោក ហ៊ីង ប៊ុ​នហៀង ជាប់ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស ក្នុង​នោះ​មាន​ទាំង​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ ២រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​នៅមុខ​វិមានរដ្ឋ​សភា ​កាលពី​ឆ្នាំ២០១៥។

អ្នកវិភាគ​នយោបាយ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស លោក គឹម សុខ និយាយ​ថា ការដំឡើង​សំ​ឡេង​ខ្លាំង​ៗរបស់​លោក ហ៊ុន ម៉ា​ណែ​ត បង្ហាញថា លោក​ជា​មនុស្ស​តែម្នាក់​គត់ដែល​មាន​សិទ្ធិ​ចាត់ចែង​កងកម្លាំង​បច្ចុប្បន្ន។

លោក គឹម សុខ និយាយ​ថា៖ «លោក ហ៊ុន ម៉ា​ណែ​ត ចង់​សង្កត់ធ្ងន់​ថា គាត់​ជា​អ្នក​បន្តម​រត​កអំណាច​ផ្ដាច់ការ​ពី​ឪពុក​របស់​គាត់ ​ហើយ​រៀបចំ​ពេលណា​ក៏​ស្រេចតែលើ​ឪពុក​របស់​គាត់​ដែរ។ រី​ឯបេក្ខជន​ផ្សេង​នៅក្នុង​ផ្ទៃក្នុង​គណបក្សប្រជាជន​កម្ពុជា កុំ​ស្រ​មៃ​ចង់​ប្រជែង​ឱ្យ​សោះ។ រឿង​ទី២ នៅពេល​នេះ លោក ហ៊ុន ម៉ា​ណែ​ត ជា​អ្នកចាត់ចែងនិង​បញ្ជាការ​ការងារ​ទាំងអស់​របស់​កងទ័ពបន្ទាប់ពី​ឪពុក​របស់​គាត់ មិនមែន​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ហើយក៏​មិនមែន​មេទ័ព​ប្រមុខ​ដែរ»។

លោក គឹម សុខ បន្ត​ថា ការ​ក្រើនរំឭក​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ពង្រឹង​ផ្ទៃក្នុង​ជួរ​កងទ័ព​នោះ ដោយសារ​លោក ហ៊ុន ម៉ា​ណែ​ត បារម្ភ​ចំពោះ​កងទ័ព​ដែល​មិន​គាំទ្រ​លោកនៅពេល​ដែល​លោក​ស្នង​តំណែង​ពី​លោកនាយក​រដ្ឋមន្ត្រី។

បច្ចុប្បន្ន លោក ហ៊ុន ម៉ា​ណែ​ត ក្រៅពី​កាន់​តំណែង​ជា​អគ្គ​មេបញ្ជាការ​រងនិង​ជា​មេបញ្ជាការ​កងទ័ពជើងគោក លោក​ក៏​ជាស​មា​ជិ​កគណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្សប្រជាជន​កម្ពុជានិង​ជា​ប្រធាន​ចលនា​យុវជន​គណបក្សប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ