ជប៉ុន​​បើក​​ឱ្យ​​កម្ម​​សិ​ក្សា​ការី​​-​ពលករ​​ជំនាញ​​កម្ពុជា​ ទៅ​​សិក្សា​​និង​​ធ្វើ​ការ​​នៅ​​ប្រទេស​​នេះ​​ឡើង​វិញ​

និស្សិតពេទ្យ ចូលរួមក្នុងពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន ជេ អិល អេស ខេមបូឌាន និងសិក្ខាសាលាស្តីពីការស្វែងយល់ និងឱកាសការងារផ្នែកគិលានុបដ្ឋាកនៅប្រទេសជប៉ុន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភូកេត្រា រាជធានីភ្នំពេញ។ (រូបភាព៖ ហ្វេសប៊ុក អុិត សំហេង – Ith Samheng)

​រដ្ឋាភិបាល​ជប៉ុនអនុញ្ញាត​ឱ្យ​កម្ម​សិ​ក្សាការី​-ពលករ​ជំនាញ​កម្ពុជា អាច​ទៅ​ធ្វើ​កម្មសិក្សានិង​ធ្វើការ​នៅ​ប្រទេស​ជប៉ុនរយៈពេល​យូរ​បាន​ឡើងវិញ ប៉ុន្តែ​ត្រូវ​អនុវត្ត​នូវ​នីតិវិធី​មួយចំនួនតាម​វិធាន​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា កាលពី​ថ្ងៃម្សិលមិញ បាន​លើកឡើង​ថា តាម​ការ​ជូនដំណឹង​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា រដ្ឋាភិបាល​ជប៉ុនបានសម្រេច​អនុញ្ញាត​បើក «វិធានការ​ជា​ជំហាន​សម្រាប់​ការ​ស្នាក់នៅ» រយៈពេល​យូរ​សម្រាប់​ប្រទេស​កម្ពុជា ដែល​រួមបញ្ចូល​ទាំង​កម្មសិក្សា​កា​រី​-ពលករ​ជំនាញ ចាប់ពី​ថ្ងៃទី០៨ ខែកញ្ញា​នេះ​តទៅ។

តែ​យ៉ាងណា ក្រសួង​ថា រដ្ឋាភិបាល​ជប៉ុនបាន​ណែនាំ​នូវ​គោលការណ៍​មួយចំនួនឱ្យ​កម្ម​សិ​ក្សាការី​-ពល​ក​រជំនាញ​កម្ពុជា អនុវត្ត​នៅមុន​ពេល​ចេញដំណើរ អំឡុង​ពេលធ្វើដំណើរ និង​ពេល​ទៅដល់​ប្រទេស​ជប៉ុន​ផង​ដែរ។

បើ​តាម​ការ​ឱ្យ​ដឹងពី​ក្រសួងការងារ មុន​ពេល​ធ្វើដំណើរ កម្ម​សិ​ក្សាការី​-ពលករ​ជំនាញ ត្រូវ​បំពេញ​ពាក្យ​ស្នើសុំ​ទិដ្ឋាការ​ថ្មី​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដោយ​ភ្ជាប់​នូវ​ឯកសារ​លិខិតឆ្លងដែន វិញ្ញាបនបត្រ​បញ្ជាក់​ពី​សិទ្ធិ​រស់នៅ កិច្ចសន្យា​អនុវត្ត​វិធាន​ការ​ចត្តាឡីស័​កចំនួន១៤ថ្ងៃ​ដែល​ផ្តល់​ឱ្យ​ដោយក្រុម​ហ៊ុន​ឬសមាគម​នៅ​ប្រទេស​ជប៉ុន និង​ត្រូវ​បំពេញ​កម្រង​សំណួរ​ជុំវិញ​ប្រវត្តិ និង​គម្រោង​ធ្វើដំណើរ​ក្នុង​អំឡុង​ពេល​កូ​វីដ១៩។

ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន កម្ម​សិ​ក្សាការី​-ពលករ​ជំនាញ ចាំបាច់​ត្រូវ​បំពេញ​ចម្លើយ​ទៅ​ក្នុង​កម្រង​សំណួរ​ស្តី​ពី​ស្ថានភាព​សុខភាព​បច្ចុប្បន្ន ដែល​បាន​ចែក​ជូន​នៅ​លើ​យន្តហោះ ដោយ​ភ្ជាប់​ជាមួយ​នូវកិច្ចសន្យា​អនុវត្ត​ន៍វិធាន​ការ​ចត្តាឡីស័​កដែល​ផ្តល់​ឱ្យ​ដោយក្រុម​ហ៊ុនឬសមាគម​នៅ​ប្រទេស​ជប៉ុន ដាក់​ទៅ​ការិយាល័យ​ទទួលបន្ទុក​អនុ​វត្ត​ន៍ចត្តាឡីស័​កនៅ​ព្រលា​នយន្តហោះ។

ដោយឡែក ពេល​ទៅដល់​ប្រទេស​ជប៉ុន កម្ម​សិ​ក្សាការី​-ពលករ​ជំនាញ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ទេ និង​ត្រូវ​អនុវត្ត​គោល​កា​រណ៍​ចត្តាឡីស័​កចំនួន១៤ថ្ងៃ ដែល​រៀបចំ​ដោយក្រុម​ហ៊ុនឬសមាគម​នៃ​ប្រទេស​ជប៉ុន។

ក្រសួង​បញ្ជាក់​ថា ក្នុង​ករ​ណី​កម្ម​សិ​ក្សាការី​-ពលករ​ជំនាញ​កម្ពុជា មិន​គោរព​តាម​គោលការណ៍​ណែនាំ​នៅ​ប្រទេស​ជប៉ុន​ទេ អជ្ញា​ធរ​ជប៉ុន​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ