សមត្ថ​កិច្ច​​កំពុង​​ស្វែង​រក​​ជន​ជាតិ​​ចិន​២​នាក់​​ដែល​​គេច​​ពី​​ការ​​ធ្វើ​​ចត្តា​ឡីស័ក

មន្ត្រីក្រសួងការងាររង់ចាំនៅមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យជម្ពូវ័ន ក្នុងថ្ងៃអនុវត្តចត្តាឡីស័កលើកម្មករ-កម្មការិនី ធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (Danielle Keeton-Olsen/VOD)

អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​និង​កំពុង​ស្វែងរក​ជនជាតិ​ចិន២នាក់ដែល​បាន​រត់គេច​ចេញពី​ការ​ធ្វើ​ចត្តាឡីស័​ក នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​មាន​តម្រុ​យខ្លះ​ៗពី​ករណីនេះ។

ជនជាតិ​ចិន​ទាំង២នាក់ ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័​កនៅ​សណ្ឋាគារ​មួយ កាលពី​ថ្ងៃទី៨ ខែកញ្ញា ដើម្បី​រង់​ចាំ​លទ្ធផល​តេ​ស្តរ​កវី​រុ​សកូ​វីដ១៩ ប៉ុន្តែ​ដោយសារ​មាន​ទំនាស់​ក្នុង​ក្រុម ពួក​គេ​ក៏បាន​រត់ចេញ​ពី​សណ្ឋាគារ​នោះ​តែម្តង នៅ​រសៀល​ថ្ងៃទី៩ ខែកញ្ញា។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍​ថា គិត​មកដល់​រសៀល​ថ្ងៃ​ព្រហស្បតិ៍ សមត្ថកិច្ចបាន​រក​ឃើញ​តម្រុ​យខ្លះ​ៗហើយពាក់​ព័ន្ធនឹង​ករណី​ជនជាតិ​ចិនទាំងពីរ​នាក់​ដែល​រត់ចេញ​ពី​ការធ្វើ​ចត្តាឡីស័​ក។

លោក​ថា៖ «យើង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​រក យើង​បាន​ឃាត់ខ្លួន​បក្ខ​ពួក​របស់​គាត់ ​[ជនជាតិ​ចិន​ទាំងពីរ​នាក់​] ដែល​ទៅ​យក passport ​[លិខិតឆ្លងដែន​] ហើយ​ឥលូវនេះ យើង​កំពុងធ្វើការ​ងារ​ជាមួយ​ពួក​គាត់ ដើម្បីឱ្យ​ពួក​គាត់​បង្ហាញ​ទីតាំង​របស់​ជនជាតិ​ចិន​ទាំងពីរ​នាក់​នោះ»។

អភិបាល​រាជធានី​ភ្នំពេញ​រូប​នេះ បាន​ទទួលស្គាល់​ពី​ភាព​ខ្វះចន្លោះ​របស់​សមត្ថកិច្ច​ក្នុង​ការការពារ​ទីតាំង​ធ្វើ​ចត្តាឡីស័​ក ដែល​នាំ​ឱ្យ​អ្នក​ធ្វើ​ចត្តាឡីស័​ករត់ចេញ​បាន។ តែ​យ៉ាងណា លោក​ថា សមត្ថកិច្ច​នឹង​បង្កើន​ការ​យាមកាមនិង​អនុវត្ត​នូវ​វិធានការ​នានា​របស់​គណៈកម្មការ​កូ​វីដ១៩ឱ្យ​បាន​ម៉ត់ចត់​បន្ថែម​ទៀត។

លោក​បញ្ជាក់​ថា៖ «សណ្ឋាគារ​គាត់​ប្រឹងប្រែង​ណាស់ ក្នុងនាម​គាត់​ជា​អ្នករក​ស៊ី។ ប៉ុន្តែ​ដោយសារ មាន​ចេតនា​ពី​ជន​មួយចំនួន​ដែល​មិន​យល់​ច្បាប់​កូ​វីដ​ [ការ​ធ្វើ​ចត្តាឡីស័​ក] គាត់​ធ្វើការងារ​តាមទំនើងចិត្ត​របស់​គាត់ ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ្លាំងភ្លាត់។ យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ដាក់​វិធានការ​ទៅលើ​បញ្ហា​នេះ​ឱ្យ​បាន​ម៉ត់ចត់​វិញ»។

បើ​តាមលោក ឃួង ស្រេង សាលា​រាជធានី​ភ្នំពេញ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​សណ្ឋាគារ​ចំនួន១០ ដែល​តម្រូវ​ឱ្យ​សណ្ឋាគារ​ទាំងនោះ​ទទួលខុសត្រូវ​ផ្នែក​ខាងក្នុង ហើយ​អាជ្ញាធរ​រាជធានី​ភ្នំពេញយាមកាម​នៅ​ខាងក្រៅ ដើម្បី​ការពារ​ក្រែងលោ​ជន​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័​កមាន​បញ្ហា​សុខភាពឬក៏​បង្ក​ការ​អុកឡុក​ណាមួយ​នៅក្នុង​សណ្ឋាគារ។

លោក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ដែរ​ថា កម្លាំង​នគរបាលបាន​ព្យាយាម​ស្វែងរក​បុគ្គល​ទាំងពីរ​នាក់​នេះ តាំងពី​ពួក​គេ​បាន​រត់គេច​ចេញពី​ការ​ធ្វើ​ចត្តា​ឡី​ស័ក​ភ្លាម​ៗ។

លោក​ថា៖ «សមត្ថកិច្ច​គេ​កំពុងតែ​ស្វែងរក ពេល​បាន​លទ្ធផល ​យើង​នឹង​ប្រាប់»។

ចំណែកអ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន បាន​បដិសេធ​អត្ថា​ធិប្បាយ ដោយ​ថា ទុក​លទ្ធភាព​ឱ្យ​អាជ្ញាធរ​មានសមត្ថកិច្ចធ្វើការ​លើ​រឿង​នេះ​សិន។

តែ​យ៉ាងណា លោកស្រីបាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាម​តេឡេក្រាម (Telegram​) កាលពី​យប់​ថ្ងៃម្សិលមិញ​ថា ជនជាតិ​ចិន​ទាំងពីរ​នាក់​នោះបាន​ធ្វើដំណើរ​ពី​ប្រទេស​ចិនមកដល់​កម្ពុជា នៅ​ម៉ោង​ប្រហែល១១ថ្ងៃត្រង់ ថ្ងៃទី៨ ខែកញ្ញា។

លោកស្រី​បន្ត​ថា៖ «លទ្ធផល​តេ​ស្ត​របស់​ពួក​គាត់​ទាំងពីរ​នាក់ គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​តម្រូវឱ្យបន្ត​ធ្វើ​ចត្តាឡីស័​កបន្ត​ទៀត»។

ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ធ្លាប់​បាន​ចេញ​លិខិត​ណែនាំ​ដល់​អភិបាល​រាជធានី​-ខេត្ត​ទាំងអស់ ត្រូវ​ដាក់​កម្លាំង​សមត្ថកិច្ច​យាមកាម​ឱ្យ​បាន​ម៉ត់ចត់ ដើម្បី​ពង្រឹង​សន្តិសុខនិង​សណ្ដាប់ធ្នាប់នៅ​តាម​មណ្ឌល​ចត្តាឡីស័​កទាំងអស់​នៅ​ទូទាំង​ប្រទេស ជាពិសេស​កុំឱ្យ​អ្នក​កំពុង​ធ្វើ​ចត្តាឡីស័​ករត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័​កមុន​កាលកំណត់។

លិខិត​របស់ក្រ​សួងបាន​បញ្ជាក់​ដែរ​ថា ប្រសិនបើ​មាន​បុគ្គល​ណាមិន​អនុវត្ត​តាម​វិធាន​ការ​ចត្តាឡីស័​ករបស់ក្រ​សួង​សុខាភិបាល សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ត្រូវ​អនុវត្ត​ច្បាប់​និង​បទដ្ឋាន​គតិ​យុត្តិ​ដែល​មាន​ជាធរមាន។

កាលពី​ខែ​សីហា មាន​ជនជាតិ​វៀតណាម២នាក់និង​បុរស​ជនជាតិ​ខ្មែរ២នាក់ ក៏បាន​លួច​ចេញពី​ការ​ធ្វើ​ចត្តាឡីស័​កនៅក្នុង​មន្ទីរពេទ្យ​បង្អែក​ព្រះស្តេច និង​មណ្ឌល​ចត្តាឡីស័​កនៅ​វិទ្យាល័យ ហ៊ុន សែន កំពង់លាវ ខេត្តព្រៃវែង។ 

តែ​យ៉ាងណា អាជ្ញាធរ​ខេត្តបាន​រក​ឃើញ​ពួក​គេ​ភ្លាម​ៗនៅ​ថ្ងៃ​ដដែល​ផង​ដែរ ដោយក្រុម​ការងារ​ក្រសួង​បាន​តម្រូវ​ឱ្យ​ពួក​គេ​ធ្វើ​ចត្តាឡីស័​ក១៤ថ្ងៃ​ឡើងវិញ និង​ពុំ​មានការ​ពិន័យ​ជា​ប្រាក់​នោះ​ទេ ដោយសារ​ពួក​គេ​មាន​ជីវភាព​ក្រីក្រ។

ដោយឡែក កាលពី​ថ្ងៃទី១៧ ខែកក្កដា ក៏​មាន​ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់បាន​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័​កនៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ដែរ និង​ត្រូវ​បាន​មន្ត្រី​សុខាភិបាល​រក​ឃើញ​វិញ​នៅ​ខេត្ត​កំពង់ចាម។ ស្ត្រី​រូប​នោះ​ត្រូវ​បាន​មន្ត្រី​សុខាភិបាល​ខេត្ត​សម្រេច​ផាកពិន័យ​អន្តរការណ៍​ចំនួន១លាន​រៀល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ