នាយក​​រដ្ឋ​មន្ត្រី​និង​​អតីត​​មេ​ដឹក​នាំ​​បក្ស​​ប្រឆាំង​ ផ្ញើ​​សារ​​ផ្សេង​គ្នា​​ក្នុង​​ពេល​​ភ្ជុំ​បិណ្ឌ​​

លោក កឹម សុខា (ឆ្វេង) នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ និងលោក ហ៊ុន សែន(ស្ដាំ) ក្នុងថ្ងៃជួបពិភាក្សាការងារជាមួយលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។ (ឆពណ្ណ បញ្ញា និង ហួត វុទ្ធី)

នាយក​រដ្ឋមន្ត្រីនិង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង ផ្ញើ​សារ​បែប​ក្រើន​រំ​ឭកផ្សេង​ៗគ្នាសម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​អំឡុង​ពេល​កាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ​នេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​នៅក្នុង​ទំព័រ​ហ្វេសប៊ុក នៅ​ថ្ងៃទី១០ ខែកញ្ញា ដែល​ជា​ថ្ងៃ​កាន់បិណ្ឌ​ទី៨ថា ពិធីបុណ្យ​កាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ ជា​ពេលវេលា​មួយដែល​ប្រជាពលរដ្ឋ​មានឱកាស​ក្នុង​ការ​ធ្វើបុណ្យ​ទាន សន្សំ​កុសល និង​ការ​ជួបជុំ​សាច់ញាតិ​បងប្អូននៅ​តាម​ទីកន្លែង​ជិត​ឆ្ងាយ ជាពិសេស​តាម​ទីអារាម​នានា។ លោក​បាន​ក្រើនរំឭកដល់​ប្រជាពលរដ្ឋ ចូលរួម​ទប់ស្កាត់និង​ការពារ​ខ្លួន​ពី​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និង​សម្រួល​ចរាចរណ៍ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋនិង​ទេសចរ​ក្នុងអំឡុងពេល​បុណ្យភ្ជុំបិណ្ឌ​នេះ។

ចំណែកលោក កឹម សុខា អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេ​សហ៊ុ​កកាលពី​ថ្ងៃពុធ​ម្សិលមិញ ក្នុង​អំឡុង​ពេល​កាន់បិណ្ឌ​ទី៧ដែរ​ថា ប្រជាពលរដ្ឋ​ខ្មែរគួរ​តាំងចិត្តនិង​បង្កើន​ការ​ធ្វើអំពើ​ល្អជា​មួយ​គ្នា ដូចដែល​បាន​និង​កំពុង​ធ្វើបុណ្យ​កុសល​ជាមួយគ្នានៅ​តាម​វត្តអារាម​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ។

លោក​ថា៖ «បេី​យើង​ងាក​មក​ធ្វើអំពើ​ល្អ អំពើ​ជាកុសល​ជាមួយគ្នា​នៅ​ទី​កន្លែង​ផ្សេង​ៗ នៅពេល​ខាងមុខ​ជាបន្តបន្ទាប់​ទៀត ខ្ញុំ​ជឿជាក់​ថា ​ប្រទេសជាតិនិង​ប្រជាពលរដ្ឋ​ខ្មែរយើងនឹង​ទទួល​បាន​នូវ​សេចក្តី​សុខ សន្តិភាព​ពិត និង​ភាព​រុងរឿង​សម្រាប់​ទាំងអស់គ្នា»។

ពិធីបុណ្យ​កាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី៣ ដល់​ថ្ងៃទី១៨ ខែកញ្ញា។ 

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ី​ផាន យល់ថា សារ​របស់លោក កឹម សុខា ហាក់​មិន​មានប្រយោជន៍​ផ្នែក​នយោបាយ​ទេ ខណៈ​ដែល​សំណុំរឿង​របស់​លោកកំពុង​ស្ថិតនៅ​ក្នុង​ដៃ​តុលាការ​នៅឡើយ។ 

លោក​ថា៖ «ពេលនេះ​ លោក​[កឹម សុខា ]មិនមែន​ជា​អ្នកនយោបាយ​ទេ របៀប​យ៉ាងម៉េច​ក៏​យើង​ពិបាក​ថា ក៏ប៉ុន្តែ​ដល់​ចប់​ដំណើរការ​តុលាការ លោក​អាច​ប្រើ​សារ​នយោបាយដើម្បី​ជា​ប្រយោជន៍​របស់​លោក តែ​ឥលូវនេះ ផលប្រយោជន៍​របស់​លោកមិនមែន​ជា​សារ​នយោបាយ​ទេ»។

អ្នកវិភាគ​បញ្ហា​សង្គម លោក​បណ្ឌិត មាស នី និយាយ​ថា ការ​ផ្ញើ​សារ​របស់លោក កឹម សុខា អាច​ជា​សញ្ញា​ពញ្ញា​ក់​អារម្មណ៍​ថា គាត់​មិន​នៅ​ស្ងៀម​ក្នុង​ការ​ទាមទារ​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ ទោះ​ស្ថិត​ក្រោម​គំនាប​តុលាការ​ក៏ដោយ។

លោក​ថា៖ «សន្តិភាព​ពិត វា​លុះត្រាតែ​សុខ​ទាំងអស់គ្នា បើ​សន្តិភាព​មានតែ​មួយ​ក្រុម ហើយ​មួយ​ក្រុម​ទៀត​នៅតែ​រង​ការ​ចាប់ រង​ការ​គំរាម​ អាហ្នុង​មិនមែន​សន្តិភាព​ពិត​ទេ»។

លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួននៅ​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ក្រោម​បទ​ចោទ​ថា ​ឃុប​ឃិ​តជាមួយ​សហរដ្ឋអាមេរិក​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល ដោយ​កាលណោះ សមត្ថកិច្ច​បាន​បញ្ជូន​រូបលោក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ អស់​រយៈពេល​ជាង១ឆ្នាំ និង​ក្រោយមក​ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ឱ្យ​ឃុំខ្លួន​ក្នុង​ផ្ទះ ក្នុង​រាជ​ធានី​ភ្នំពេញ​វិញ។

រហូតមកដល់​ពេលនេះ ​លោក កឹម សុខា នៅ​មិនទាន់​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​នយោបាយ​ឡើងវិញ​នៅឡើយ​ទេ ដោយ​តុលាការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​នៅឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ