ADB ផ្តល់​​កម្ចី​​ជាង​១២៧​លាន​​ដុល្លារ​​ដល់​​កម្ពុជា ​ពង្រឹង​​បណ្តាញ​​បញ្ជូន​​ថាមពល​​អគ្គិសនី

ប្រព័ន្ធបណ្ដាញថាមពលអគ្គិសនីមួយកន្លែងនៅកម្ពុជា។ (ADB)

​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB​) ផ្តល់​ប្រាក់កម្ចី១២៧,៨លាន​ដុល្លារ សម្រាប់​កសាង​បណ្តាញ​បញ្ជូននិង​អនុ​ស្ថានីយ​អគ្គិសនី នៅ​រាជធានី​ភ្នំពេញនិង​ខេត្ត​ចំនួន៣ទៀត​នៅ​កម្ពុជា ឱ្យ​ទទួល​បានការ​ផ្គត់ផ្គង់​អគ្គិសនី​ប្រកបដោយ​ស្ថិរ​ភាព​និង​អាច​ទុកចិត្ត​បាន។ 

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ADB ផ្សព្វផ្សាយ​នៅ​ថ្ងៃទី១០ ខែកញ្ញា បាន​លើកឡើង​ថា គម្រោង​កម្ចី​នេះ នឹង​សាកល្បង​ប្រព័ន្ធ​ផ្ទុក​ថាមពលដើរ​ដោយ​អាគុយខ្នាត​ធំ​ដំបូងបង្អស់នៅកម្ពុជា ដោយ​ប្រើ​ថវិកា​ចំនួន៦,៧លាន​ដុល្លារ។

ADB បន្ត​ថា ក្នុង​នោះ​រាប់បញ្ចូល​ទាំង៤,៧លាន​ដុល្លារ ពី​មូលនិធិ​អាកាសធាតុ​ជា​យុទ្ធសាស្ត្រ​នៃ​ការពង្រីក​ការអនុវត្ត កម្មវិធី​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​ប្រទេស​ដែល​មាន​ចំណូល​ទាប និង ២លាន​ដុល្លារ ពី​មូលនិធិ​ថាមពល​ស្អាត​នៃ​គម្រោង​ដៃគូ​ហិរញ្ញប្បទាន​សម្រាប់​ថាមពល​ស្អាត។ 

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ADB បន្ត​ទៀត​ថា គម្រោង​នេះនឹង​ជួយ​ដល់​អគ្គិសនី​កម្ពុជា (EDC​) ដែលជា​ស្ថាប័ន​អគ្គិសនី​ជាតិរបស់​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​ចរន្ត តាមរយៈ​ការ​ផ្តល់​ហិរញ្ញប្បទានដល់​ការសាងសង់​បណ្តាញបញ្ជូន១១៥​-២៣០គីឡូវ៉ាត់ ចំនួន៤ និង​អនុ​ស្ថានីយ​អគ្គិសនី​ចំនួន១០ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ឆ្នាំង កំពង់ចាម និង​តាកែវ។

លោកស្រី Sunniya Durrani​-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​លើកឡើង​ថា ការ​ផ្តល់​ជំនួយ​បន្ត ADB ក្នុង​ការរៀបចំ​ផែនការ​បណ្តាញ​ថាមពល​នេះ នឹង​ជួយ​ដល់​កម្ពុជាឱ្យ​ទទួល​បានការ​ផ្គត់ផ្គង់​ថាមពល​បាន​គ្រប់គ្រាន់ មានតម្លៃ​សមរម្យ និង​មាន​និរន្តរភាព​បរិស្ថាន ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​សមធម៌។

លោកស្រី​បាន​បន្ត​ថា៖ «ប្រព័ន្ធ​ផ្ទុក​ថាមពល​ដោយ​អាគុយ នឹង​បង្ហាញ​ពី​របៀបដែល​ការ​អភិវឌ្ឍ ខ្នាត​ធំ​នៃ​ការអនុវត្តបច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី អាច​ត្រូវ​បាន​ប្រើដើម្បី​ដំណើរការ​បណ្តាញ​អគ្គិសនីក្នុង ប្រទេស​កម្ពុជា​នា​ពេល​អនាគត និងដើម្បី​បង្កើត​ថាមពល​កកើត​ឡើងវិញ​បន្ថែម​ទៀត»។

អ្នកឯកទេស​ផ្នែក​ថាមពល​អគ្គិសនី​របស់ ADB លោកស្រី Daniela Schmidt បាន​លើកឡើង​ដែរ​ថា គម្រោង​នេះ ក៏​នឹង​ជំរុញ​ផលិតភាព​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការ​បង្កើន​សមត្ថភាព ភាព​ប្រកួតប្រជែង បង្កើត​ការងារ និង​ការ​ធ្វើ​ពិពិធ​កម្ម​នានា ព្រមទាំង​ជួយ​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ​របស់​ប្រទេស​ពី​វិបត្តិ​ជំងឺ​កូ​វីដ១៩ផង​ដែរ។

លោកស្រី​ថា៖ «គម្រោង​នេះ នឹង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ចំនួន១៣០០ នៅក្នុងវិស័យ​សំណង់ ជាមួយនឹង​ការ​ផ្តល់​ជា​ប្រយោជន៍ក្នុង​ការ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ។ វា​ក៏​នឹង​គាំទ្រដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អគ្គិសនី​កម្ពុជា​ [EDC​] ក្នុង​ការ​លើក​កម្ពស់​បរិ​យា​ប័ន្ន និង​សមភាព​យេនឌ័រ នៅកន្លែង​ធ្វើការ​និង​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​របស់​ស្ត្រី​នៅក្នុង​វិស័យ​ថាមពល»។

បើ​តាម ADB រាជរដ្ឋាភិបាល​កម្ពុជាគ្រោង​នឹង​បង្កើន​សមត្ថភាព​ផលិត​ចរន្ត​អគ្គិសនីថាមពល​ព្រះអាទិត្យ ដល់៤១៥មេ​ហ្គា​វ៉ាត់​នៅ​ឆ្នាំ២០២២ ពោល​គឺ​កើនឡើង​ពី១៥៥មេ​ហ្គា​វ៉ាត់​ក្នុង​ឆ្នាំ២០១៩។ ប្រព័ន្ធ​ផ្ទុក​ថាមពល​ដោយ​អាគុយដែល​គាំទ្រ​ដោយ​គម្រោង​នេះ មាន​សមត្ថភាព​សន្សំ​ថាមពល​អគ្គិសនី១៦មេ​ហ្គា​វ៉ាត់​ម៉ោង និង​ផ្តល់​លទ្ធភាព​ដើម្បី​ជួយ​រួមបញ្ចូល​ថាមពល​កកើត​ឡើងវិញ ការ​បន្ថយ​ការ​កកស្ទះ ការ​បញ្ជូន​ចរន្ត និង​ធ្វើ​តុល្យការ​នៃ​ការ​ផ្គត់ផ្គង់​និង​តម្រូវការ​ផង​ដែរ។

ចាប់តាំងពី​ឆ្នាំ១៩៩៤មក ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ផ្តល់​ប្រាក់កម្ចីនិង​ជំនួយឥតសំណង​ជិត២០០លាន​ដុល្លារដល់​វិស័យ​ថាមពល​របស់​ប្រទេស​កម្ពុជា និង​ផ្តល់​ជំនួយ​បច្ចេកទេស​ប្រមាណ៦លាន​ដុល្លារ។ 

ថវិកា​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ផ្តោត​លើ​ការពង្រីក​បណ្តាញ​បញ្ជូននិង​ចែកចាយ​ចរន្ត និង គាំទ្រ​ដល់​កំណែទម្រង់វិស័យ​អគ្គិសនី ព្រមទាំង​ការ​កសាង​សមត្ថភាព​ស្ថាប័ន។ 

កាលពី​ឆ្នាំមុន ធនាគារអភិវឌ្ឍន៍​អាស៊ី​បាន​ផ្តល់​ថវិកា​ចំនួន៧,៦៤លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការសាងសង់​ឧទ្យាន​ពន្លឺ​ព្រះអាទិត្យ​តាមរយៈ​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈនិង​ឯកជន រួម​ជាមួយ​ការបង្កើត​ផែនទី​បង្ហាញផ្លូវសម្រាប់​ការ​អភិវឌ្ឍថាមពល​ពន្លឺ​ព្រះអាទិត្យ​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ