សមាជិក​សភា​អូស្ត្រាលី​​ស្នើ NIKE អន្តរា​គមន៍​​ឱ្យ​​រោង​ចក្រ​​ វ៉ា​យអូ​លែ​ត ទូទាត់​​សំណង​​កម្មករ​​

ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ កម្មកររោងចក្រវ៉ាយអូលែតប្រមូលផ្ដុំគ្នាដាក់ញត្តិនិងតវ៉ានៅមុខការិយាល័យសហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា ករណីថៅកែមិនបានដោះស្រាយសំណងតាមផ្លូវច្បាប់ក្រោយរោងចក្របិទទ្វារ។ (ហ៊ី ឆាយ)

សមាជិក​សភាអូស្ត្រាលី​ម្នាក់​បាន​ដាក់​លិខិតស្នើ​ឱ្យ​ក្រុម​ហ៊ុន​ ណៃ​គី​ (NIKE​) អន្តរាគមន៍​ឱ្យ​រោង​ចក្រ​ វ៉ា​យអូ​លែ​ត ដោះស្រាយ​សំណង​ដល់​កម្មករ​ ក្រោយពី​រោងចក្រ​នេះ​បាន​បិទ​ដោយ​មិនបាន​ជូនដំណឹង។ 

ក្នុង​លិខិត​ផ្ញើ​ទៅកាន់​លោក Andy Campion ប្រធាន​នាយកប្រតិបត្តិ​ការ​នៃ​ក្រុម​ហ៊ុន​ណៃ​គី​ប្រចាំ​ប្រទេស​អូស្ត្រាលី សមាជិកសភា​មក​ពី​គណបក្ស​ការងារ​អូស្ត្រាលី លោក Julian Hill បាន​លើកឡើង​ថា ​ក្រុមហ៊ុន​កាត់ដេរ​សម្លៀកបំពាក់​របស់​សិង្ហ​បុរី​មួយ​មានឈ្មោះ​ថា Ramatex Group ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការផលិត​ឱ្យ​ណៃ​គី។

ក្រុមហ៊ុន Ramatex ជា​ក្រុម​ហ៊ុន​សម្ព័នឬជា​ក្រុមហ៊ុនមេ​ដែល​មាន​រោងចក្រ​ចំនួន៣នៅ​កម្ពុជា​ គឺ​រោង​ចក្រ វ៉ា​យអូ​លែ​ត (Violet Apparel​) រោងចក្រ ​អូ​លីវ ​(Olive Apparel​) និង​រោង​ចក្រ​ ប៊ើ​រី (Berry Apparel​) ដែល​រោងចក្រ២ចុងក្រោយ​នេះ ​ជា​រោងចក្រ​ទទួលបន្ទុក​ផលិត​ម៉ា​កណៃ​គី។

លោក Julian Hill បាន​លើកឡើង​ទៀត​ថា​ លោក​បានដឹង​ថា​ក្រុម​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ណៃ​គី តម្រូវ​ឱ្យ​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​ការផលិត ​ត្រូវ​ទូទាត់​សំណង​នានា​ឱ្យ​កម្មករ​នៅពេល​ដែល​ការងារ​របស់​ពួក​គេ​ត្រូវ​បាន​បញ្ចប់។

សមាជិកសភា​អូស្ត្រាលីរូប​នេះ​ថា បើ​ទោះបីជា​រោង​ចក្រ ​វ៉ា​យអូ​លែ​ត មិន​មានឈ្មោះ​ក្នុង​បញ្ជី​ជា​អ្នកទទួល​ផលិត​ឱ្យ​ណៃ​គី​យ៉ាងណា​ក្តី តែ​លោក​ថា ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយដែល​រោង​ចក្រ​ វ៉ា​យអូ​លែ​ត ក៏​ត្រូវ​ទទួលបន្ទុក​ផលិត​ម៉ា​កណៃ​គី​ដែរ ព្រោះថា ​រោងចក្រ​ អូ​លីវ​ មិន​មានលទ្ធភាព​ក្នុង​ការផលិត​ឱ្យ​គ្រប់​តម្រូវការ។ លោក​ថា ​ដូច្នេះដើម្បី​រក្សា​នូវ​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ដែល​ឱ្យ​តម្លៃ​ទៅលើ​ក្រមសីលធម៌​ស្តង់ដារ​ការងារ ណៃ​គី មាន​សិទ្ធិ​អន្តរាគមន៍​ឱ្យ​ក្រុមហ៊ុន Ramatex Group ដែល​ជា​ក្រុមហ៊ុនមេ ​ដោះស្រាយ​ជា​សំណង​ដល់​កម្មករ​រោង​ចក្រ​ វ៉ា​យអូ​លែ​ត។ 

លោក​បាន​សរសេរ​បន្ថែម​ក្នុង​លិខិត​ដដែល​ថា៖ «ខ្ញុំ​សរសេរ​លិខិត​នេះ ​ដើម្បី​ស្នើសុំ​ជា​ការ​ឆ្លើយតប​ថា​ តើ​ក្រុម​ហ៊ុន​ណៃ​គីបាន​ចាត់វិធានការ​យ៉ាងណា​ខ្លះ​ចំពោះ​ករណី​ចំពោះ​ជម្លោះ​នេះ ហើយ​ថា​ តើ​ជំហាន​បន្ទាប់​ក្រុមហ៊ុន​នឹង​ធ្វើ​យ៉ាងម៉េចដើម្បី​ប្រាកដ​ថា ​ក្រុមហ៊ុន Ramatex Group ដែល​ជា​ដៃ​គូ​ជំនួញ​របស់​ខ្លួន ​គោរព​តាមច្បាប់​ការងារ​កម្ពុជា ក៏ដូចជា​ក្រម​សីលធម៌​ផ្ទៃក្នុង​របស់​ណៃ​គី»។ 

បើ​តាម​លោក Julian Hill លោក​ទទួល​បាន​ព័ត៌មាន​ជុំវិញ​បញ្ហា​នេះ​តាមរយៈអង្គការ​សង់​ត្រា​ល់។ លោក​បាន​បញ្ជាក់​បន្ថែម​ប្រាប់​វី​អូ​ឌីតា​មអ៊ីម៉ែល​ថា​ គិត​មកដល់​រសៀល​ថ្ងៃនេះ លោកមិនទាន់​ទទួល​បានការ​ឆ្លើយ​តបពី​ក្រុម​ហ៊ុន​ណៃ​គី​នៅឡើយ​ទេ។ 

អ្នកស្រី អ៊ុង ចាន់​ធឿន បម្រើការ​ងារ​ផ្នែក​កាន់​ឃ្លាំង​នៅ​រោង​ចក្រ​ វ៉ា​យអូ​លែ​ត រយៈពេល១៧ឆ្នាំ និង​ជា​តំណាង​កម្មករ បាន​ប្រាប់​វី​អូ​ឌី​ថា ​អ្នកស្រី​មានការ​ត្រេកអរ​ដែល​តំណាង​សភា​អូស្ត្រាលី​ចេញមុខ​ផ្ញើ​លិខិត​ទៅ​ក្រុមហ៊ុន​បញ្ជាទិញ​បែបនេះ ដោយ​សង្ឃឹមថា ​វា​នឹង​ជួយ​ពន្លឿន​ដំណោះស្រាយ​ដល់​ក្រុម​កម្មករ។ 

អ្នកស្រី ចាន់​ធឿ​ន បាន​ថ្លែង​ថា៖ «អ្វី​ដែល​យើង​ឃើញ​និង​កត់​សម្គាល់​នោះ​ថា ម​ន្ត្រី​អូស្ត្រាលី​ដាក់​ទៅ​អ្នកបញ្ជា​ទិញ​នៅ​ប្រទេស​អូស្ត្រាលី​ប្រភេទណៃ​គី​ អាហ្នឹង​ហើយដែល​យើង​អាច​រុញ​រឿង​ហ្នឹង​បាន។ […] វា​ជា​ក្តី​សង្ឃឹម​មួយនិង​ជា​ពន្លឺ​ ព្រោះថា​ អ្នកទិញ​ មុននឹង​ទិញនិង​បញ្ជា​អីវ៉ាន់​ ត្រូវ​មាន​លក្ខខណ្ឌនិង​មាន​កិច្ចសន្យា​គ្នាថា​ រាល់​ផលិតផល​ណា​ដេរ​ឱ្យ​ ត្រូវ​គោរព​សិទ្ធ​ការងារនិង​លើច្បាប់​ស្តី​ពី​ការងារ​តាម​ប្រទេស​នានា។»

ចាប់តាំងពី​រោងចក្រ​មានរឿង​វិវាទ​ការងារ​មក អ្នកស្រី ចាន់​ធឿន និង​កម្មករ​បាន​ធ្វើការ​តវ៉ានិង​ដាក់ញ្ញត្តិទៅកាន់ខុទ្ធ​កា​ល័យ​លោក​ ហ៊ុន ​សែន និង​ក្រសួងការងារ ហើយ​លទ្ធផល​ហាក់​មិនបាន​ដូច​ការ​រំពឹង​ទុក​នោះ​ទេ។ អ្នកស្រី​និងក្រុម​កម្មករ​ក៏បាន​ដាក់​ទៅ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​សហភាព​អឺរ៉ុបនិង​អង្គការសហប្រជាជាតិ​ផង​ដែរ។ 

តាម​ការ​ឱ្យ​ដឹងពី​អ្នកស្រី ធឿន ថាក្រុម​កម្មករ​បាន​ស្នើសុំជួយ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ​ឱ្យ​ទូទាត់ប្រាក់​ជូន​កម្មករ​តាមផ្លូវ​ច្បាប់​មួយចំនួន រួមមាន ​ប្រាក់​ជូនដំណឹង ប្រាក់​ដំណាច់ឆ្នាំ ប្រាក់​អតីតភាព​ការងារ និង​ប្រាក់សំណង​ជំងឺចិត្ត ក្រោយ​រោងចក្រ​ប្រកាស​បិទទ្វារ​ដោយ​មិនបាន​ជូនដំណឹង​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់។ 

វី​អូ​ឌី មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​ពីប្រធាន​រដ្ឋបាល​រោង​ចក្រ ​វ៉ា​យអូ​លែ​ត លោក ប៊ូ សំណាង ​បាន​នៅឡើយ​ទេ។ 

លោក ឃុន ថា​រ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​សង់​ត្រា​ល់ បាន​ប្រាប់​វី​អូ​ឌី​ថា ​វា​ជា​ការ​ប្រសើរ​ដែល​សមា​ជិក​សភា​អូស្ត្រាលីយកចិត្ត​ទុកដាក់​លើ​រឿង​នេះ។ លោក ​ថា​រ៉ូ បន្ត​ថា ​ណៃ​គី​ ជា​ក្រុមហ៊ុន​មួយ​ដែល​ធំ ​ដូច្នេះ​ត្រូវ​ទទួលខុសត្រូវ​ក្រមសីលធម៌​សង្គម។ 

លោក​បាន​បន្ថែម​ថា ​ការ​ស្នើ​បែបនេះ​ក៏​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន ​ណៃ​គី ​យកចិត្ត​ទុកដាក់និង​ជំរុញ​ឱ្យ​ថៅកែ​រោងចក្រ ​វ៉ាយ​អូ​លែ​ត ចូលរួម​ដោះស្រាយ​បាន​ឆាប់​ផង​ដែរ។ លោក​បាន​លើកឡើង​ទៀត​ថា ​នេះ​ជា​រឿង​ដែល​អ្នកបញ្ជា​ទិញ​គួរ​ត្រូវ​ទទួលខុសត្រូវ ព្រោះ​ពួក​គេ​មាន​ឥទ្ធិពល​លើ​រោងចក្រ គោរព​តាមច្បាប់ និង​សិទ្ធិ​ការងារ។ 

មន្ត្រី​ក្រសួងការងារ​ទទួលបន្ទុក​សំណុំរឿង​ក្រុម​ហ៊ុន​ វ៉ា​យអូ​លែ​ត លោក អ៊ូ រតនា ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា​ សំណុំរឿង​របស់​កម្ម​ករ​ វ៉ា​យអូ​លែ​ត ដាក់​មក​ក្រសួងការងារ​ បាន​ដោះ​សា្រយ​រួចហើយ​នូវ​សំណើ​ចំនួន៣ចំណុច​ដែល​ក្នុង​នោះ​មាន ​ប្រាក់​ខែ​ចុងក្រោយ ប្រាក់​ជួស​ការ​ឈប់សម្រាក​ប្រចាំឆ្នាំ និង​ប្រាក់​អតីតភាព​ការងារ​ចាប់ពី​ខែមករារហូតដល់​ខែមិថុនា។ ប៉ុន្តែ​ដោយឡែក​ ករណី​ប្រាក់​ជូនដំណឹង ប្រាក់​ដំណាច់ឆ្នាំ ក្រុម​កម្មករ​មិនបាន​ស្នើ​ក្រសួង​ឱ្យ​ដោះស្រាយ​ទេ។ 

លោក រតនា ​ថ្លែងថា៖ «តាំងពី​រឿង​ហ្នឹង​មក ​ពួក​គាត់​មិនដែល​បាន​ទាមទារ​មក​ក្រសួង​ទៀត​ទេ​ណា​គាត់​ទៅ​កន្លែង​ផ្សេង​ៗទៀត ខ្ញុំ​អត់​ដឹង​ដែរ»។

ទោះ​យ៉ាងណាក៏ដោយ ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​សហជីព​ចំនួន១៩ដែល​ចេញ​នៅ​ថ្ងៃនេះ ក្រុម​សហជីព​ទាំងនោះ​បាន​ស្នើសុំ​ឱ្យ​រដ្ឋមន្រ្តី​ក្រសួងការងារ​អន្តរា​គម​ន៍លើ​វិវាទ​ការងារ​នេះ ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ​ឆាប់រហ័ស​សម្រាប់​ក្រុម​កម្មករ។ 

រោង​ចក្រ​ វ៉ា​យអូ​លែ​ត កាលពី​ថ្ងៃទី៣១ ខែមិថុនា បាន​ប្រកាសប្រាប់​ក្រុម​កម្មករ​ថា​ រោងចក្រ​នឹង​បិទ​ជា​អចិន្ត្រៃយ៍ចាប់ពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ដោយ​ការប្រកាស​នេះ​ធ្វើឡើង​មិនបាន​ជូន​ដំណឹង​ឱ្យ​បាន​មុន២៤ម៉ោង​នោះ​ឡើយ។ ការប្រកាស​បិទ​ភ្លាម​ៗនេះ​ បាន​បណ្តាល​ឱ្យ​កម្មករ​ជាង១១០០នាក់​បាត់បង់​ការងារ​ដោយ​មិនបាន​ព្រាង​ទុក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ