តុលាការ​ខេត្ត​​ត្បូងឃ្មុំ​​លើក​ពេល​​ប្រកាស​​សាល​ក្រម​​លើ​​អតី​ត​សកម្ម​ជន​​បក្ស​​ប្រឆាំង​៦រូប

លោកមេធាវី សំ សុគង់ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

​មេធាវី​ការពារ បាន​ឱ្យដឹង​ថា សាលក្រម​នៃ​សំណុំរឿង​«រួមគំនិតក្បត់»ចោទ​ទៅលើ​មនុស្ស៧នាក់​ដែល​ជាសកម្ម​ជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​តុលាការខេត្ត​នេះសម្រេច​លើកពេល​ទៅ​ប្រកាស​សេចក្ដីសម្រេច​នៅ​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​វិញ បន្ទាប់ពី​បញ្ចប់​សវនាការ​នៅ​ព្រឹក​ថ្ងៃនេះ។

បើ​តាម​ដីកាកោះ​កាលពី​ថ្ងៃទី៣ ខែកញ្ញា សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បើកសវនាការ​នៅ​ថ្ងៃនេះ ដើម្បី​ជម្រះក្ដី​សំណុំរឿង​«រួមគំនិតក្បត់»ដែល​ត្រូវ​បាន​ចោទ​ទៅលើ​អតីត​សកម្មជន​បក្ស​ប្រឆាំង ៧នាក់​នៅ​ខេត្ត​នេះ ក្នុង​នោះ​មាន​ម្នាក់​បាន​ចូលរួម​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​ហើយ។

លោក សំ សុ​គង់ មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន៦រូប​ក្នុងចំណោម​ជន​ត្រូវ​ចោទ៧នាក់ បាន​ប្រាប់​ថា តុលាការ​បានសម្រេច​លើកពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃទី២២ ខែកញ្ញា បន្ទាប់ពី​សវនាការ​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃនេះ។

ទោះជាយ៉ាងណា មេធាវី​រូប​នេះ​អះអាង​ថា កូន​ក្តី​ទាំង៦រូប​ជាសកម្ម​ជន មិនបាន​បង្ហាញខ្លួន​ក្នុង​សវនាការ​នៅ​ព្រឹក​នេះ​ទេ ប៉ុន្តែមាន​វត្តមាន​ជន​ត្រូវ​ចោទ​តែមួយ​រូប​ប៉ុណ្ណោះ។

លោក សំ សុ​គង់ ប្រាប់​ថា៖ «អង្គហេតុ​របស់​គាត់​ពាក់ព័ន្ធ​ពួក​គាត់​ថត​ជុំគ្នា​គាំទ្រ​លោក សម រង្ស៊ី ខណៈ​បាន​តែងតាំង​ជា​ប្រធាន​ស្តីទី​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ២០១៨ ហើយនិង​អា​យុទ្ធនាការ​ម្រាមដៃ​ស្អាត​មិនទៅ​បោះឆ្នោត ហូប​នំបញ្ចុក និង​អា៩វិច្ឆិកា​ហ្នឹង​ ហូរហែ​អ៊ីចឹង​មក»។

មេធាវី​រូប​នេះ អះអាង​ថា កូន​ក្តី​របស់​លោក​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ ហើយ​លោក​ថា ការចោទប្រកាន់​នេះ អាច​ជា​រឿង​នយោបាយ។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ លោក ថេង ជាង មិន​អាច​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​លើកពេល​ប្រកាស​សាលក្រម​សំណុំរឿង​នេះ​បានទេ។

លោក ថេង ជាង ប្រាប់​ថា៖ «ខ្ញុំ​អត់​បាន​ព័ត៌មាន​ដែរ គ្រាន់តែ​ដឹង​ថា សវនាការ​ចប់​សព្វគ្រប់​រួចរាល់ អង្គ​សវនាការ​បាន​ប្រកាស​យក​ថ្ងៃ២២ កញ្ញា​វិញ»។

សកម្មជន​ទាំង៧នាក់ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​«រួមគំនិតក្បត់»ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ទៅ​ហើយ​នោះ មាន​ទាំង​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិស្រុក​ពញាក្រែក លោក ចក់ ហួរ ផង​ដែរ។

VOD មិន​អាច​សុំ​ការ​បញ្ជាក់​ពី​លោក ចក់ ហួរ ឬសកម្មជន​ដទៃទៀត​ដែល​រង​ការចោទប្រកាន់​បានទេ​រហូតមកដល់​រសៀល​ថ្ងៃនេះ ដោយ​ទូរសព្ទ​របស់​លោក​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នកទទួល។

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ធ្លាប់​ប្រកាស​ពី​ដំណើរ​វិលត្រឡប់​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃទី៩ ខែវិច្ឆិកា​កាលពី​ឆ្នាំមុន ចំ​ខួប៦៦ឆ្នាំ​នៃ​ទិវា​បុណ្យ​ឯករាជ្យជាតិ ប៉ុន្តែគម្រោង​វិលត្រឡប់​នោះពុំ​បាន​កើតឡើង​នោះ​ឡើយ។

កាលពី​ឆ្នាំ២០១៨កន្លងមក លោក សម រង្ស៊ី ក៏បាន​អំពាវនាវ​ទៅដល់​សកម្មជននិង​អ្នកគាំទ្រ​បក្ស​ប្រឆាំង ឱ្យ​ចូលរួម​ពិសារ​នំបញ្ចុក​រួមគ្នា​ផង​ដែរ ជា​យុទ្ធនាការ​មួយ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ទៅ​អ្នកគាំទ្រ​បក្ស​កាន់អំណាច​ឱ្យរៀបចំ​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស​ នៅ​ថ្ងៃទី៩ ខែមិថុនា​ក្នុង​ឆ្នាំ​នោះ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមា​គម​អាដ​ហុក លោក នី សុខា និយាយ​ថា រឿង​នេះ​ជា​រឿង​ចាស់​ដែល​បាន​កើតឡើង​នៅ​ឆ្នាំ២០១៨ និង​ខ្លះ​នៅ​ឆ្នាំ២០១៩ ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា ​ជា​រឿង​នយោបាយ។ លោក​ចង់​ឃើញ​ស្ថាប័ន​ច្បាប់​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​ឡើងវិញ ក្នុងនាម​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ឆ្លើយតបទៅនឹង​កង្វល់​របស់​សហគមន៍​អន្តរជាតិ។

លោក នី សុខា ប្រាប់​ថា៖ «អ៊ីចឹង​ហើយ​បាន​ជា​យើង​ស្នើ​រដ្ឋាភិបាល​ម្តង​ហើយ​ម្តង​ទៀត​ថា ឱ្យ​រដ្ឋាភិបាល​ពិចារណា​ដោះស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​ហ្នឹង​ឱ្យ​បាន​ស្រួលបួល​ទៅ​ ដើម្បី​ឈាន​ទៅ​អភិវឌ្ឍប្រទេស​យើង មានការ​ទុកចិត្ត​ពី​អន្តរជាតិ អានេះ​វា​ជា​សេចក្តី​សុខសាន្ត​មួយ​របស់​ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​អនាគត»។

ជម្លោះ​នយោបាយ​នៅ​កម្ពុជា ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ​) ឬ EBA ២០ភាគរយពីក​ម្ពុ​ជា។ សហភាព​អឺរ៉ុប​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី១២ ខែសីហា​ថា៖

​«អាជ្ញាធរ​កម្ពុជា​គួរ​ចាត់​វិធានការណ៍ ដើម្បី​ស្តា​រសេរីភាព​នយោបាយ​នៅក្នុង​ប្រទេស​នេះ បង្កើត​ឡើងវិញ​នូវ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​បក្ស​ប្រឆាំង​ដែល​អាច​ជឿ​ទុកចិត្ត​បាន​តាម​បែប​ប្រជា​ធិប​តេយ្យ និង​ដើម្បី​ចាប់ផ្តើម​ដំណើរការ​ផ្សះផ្សារ​ជាតិ​តាមរយៈ​ការសន្ទនា​រួមនិង​ពិតប្រាកដ»។

បើ​តាម​លោក សំ សុ​គង់ ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ មាន​សំណុំរឿង​ជិត៣០០ រង​ការចោទប្រកាន់​ពី​បទ​ «រួមគំនិតក្បត់» ហើយ​បច្ចុប្បន្ន​នៅមាន​សកម្មជន​បក្ស​ប្រឆាំង២៤នាក់​ទៀត​កំពុង​ជាប់ឃុំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ