យុវជន​​រង​​អំពើ​​ហិង្សា​​ពី​​នគរ​បាល​​ខេត្ត​ព្រៃវែង​​ស្នើ​​ទៅ​​តុលាការ​​ឱ្យ​​ពន្លឿន​​នីតិ​វិធី​​បណ្ដឹង​​របស់​​ពួក​​គេ​​

ទិដ្ឋភាពនៅពីមុខខ្លោងទ្វារសាលាដំបូងខេត្តព្រៃវែង។ (ហ្វេសប៊ុក៖ សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តព្រៃវែង)

បុរស​ដែល​រង​អំពើ​ហិង្សា​ពីសំណាក់​នគរបាល​ខេត្តព្រៃវែង​កាលពី​ចុងខែ​កក្កដា​កន្លងមក​នោះ បាន​បង្ហាញ​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ខណៈ​ដែល​វិធានការ​ច្បាប់​ជាក់លាក់​ទៅលើ​មន្ត្រី​នគរបាល​រូប​នោះ មិនទាន់​កើតឡើង​នៅឡើយ​។

យុវជន ហឿន រ័ត្ន អាយុ២៨ឆ្នាំ ជា​ពលរដ្ឋ​នៅ​ភូមិ​ស្វា​សុ​ខោ ឃុំ​ជើងទឹក ស្ថិត​ក្នុង​ក្រុង​ព្រៃវែង ដែល​អះអាង​ថា ជា​ជនរងគ្រោះ បាន​និយាយ​ថា កាលពី​ថ្ងៃទី២០ ខែកក្កដា គាត់និង​មិត្ត​ភក្តិម្នាក់ទៀត​ឈ្មោះ ថៃ សាមាឌ អាយុ២៦ឆ្នាំ បាន​នាំគ្នា​ទៅ​ផឹកស៊ី​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​ក្រុង​ព្រៃវែង ប៉ុន្តែលោក​ថា នៅពេល​កំពុង​ផឹក ពួក​គេ​ទទួល​ព័ត៌មាន​ថា ក្រុម​ប៉ូល​ិសខេត្ត​ត្រៀម​ចាប់ខ្លួន​ពួក​គេ​ទាំងពីរ​នាក់។

ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ លោក ហឿន រ័ត្ន បញ្ជាក់​ថា ពួក​គេ​បាន​នាំគ្នា​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ម៉ោង​ប្រហែល៩និង៤៥នាទី​យប់។ ប៉ុន្តែនៅពេល​ធ្វើដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ​នោះ នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត លោក ទូច ធា​រ៉ា និង​គូកន បាន​នាំគ្នា​ស្ទាក់ រួច​ចាប់ខ្លួន ប្រើ​ហិង្សា​លើ​ពួក​គេ រួច​បញ្ជូន​ទៅ​ស្នងការ​បន្ត​ធ្វើទារុណកម្ម​មួយ​យប់ ទា​រប្រាក់​ម្នាក់២លាន​រៀល ហើយ​ថែមទាំង​ចោទ​ថា ពួក​គេ​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ។

ករណីនេះ លោក ហឿន រ័ត្ន ឱ្យដឹង​ថា ក្រោយពី​កើតហេតុ​នោះ ​គាត់​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការ​ឱ្យចាត់វិធានការ​ច្បាប់​លើជនល្មើស​ដែរ ប៉ុន្តែរហូតមកដល់​ថ្ងៃទី១១ ខែកញ្ញា​នេះ តុលាការ​មិនទាន់​មាន​ចំណាត់ការ​អ្វី​លើ​ជនល្មើស​នៅឡើយ ដែល​ធ្វើឱ្យគាត់​បារម្ភ​ពី​សុវត្ថិភាព បើសិន​ជនល្មើស​ស្ថិតនៅ​ក្រៅ​សំណាញ់​ច្បាប់។

លោក ហឿន រ័ត្ន ប្រាប់​ថា៖ «ចង់​ឱ្យគេ​ធ្វើតាម​ច្បាប់ ​[តុលាការ​កាត់ទោស​] ណាមួយ ​ប្អូន​ខ្លាច​ថា ថ្ងៃមុខថ្ងៃក្រោយ​ទៅ ខ្លាច​គេ​នៅ​មានអំណាច គេ​មក​ធ្វើ​ [បាប​]​ ពួក​ខ្ញុំ ឬក៏​ប្អូន​ៗខ្ញុំ​បន្ត​ទៀត»។

ជនរងគ្រោះ​ម្នាក់ទៀត លោក ថៃ សា​មាឌ និយាយ​ថា លោក ទូច ធា​រ៉ា និង​កូនចៅ៦នាក់​ផ្សេងទៀត បាន​ព្រួត​គ្នា​បង្ក​ហិង្សា​លើ​ពួក​គេ​ទាំងពីរ​នាក់ បណ្តាល​ឱ្យ​រង​របួស​ក្បាល ជំាំ​មុខ និង​ដងខ្លួន។ ករណីនេះ លោក​អំពាវនាវ​ទៅ​តុលាការ​ពន្លឿន​ចាត់វិធានការ​ច្បាប់​លើ​ជនល្មើស ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់។

លោក ថៃ សា​មា​ឌ និយាយ​ថា៖ «ទាមទារ​សំណង ហើយនិង​ឱ្យគេ ​[តុលាការ​] បើ​ថា​គេ​ធ្វើ​ល្មើស​នឹង​ច្បាប់ ឱ្យគេ​ផ្តន្ទា​ទោស​តាមច្បាប់ ហើយ​ឱ្យគេ​ចុះ​កិច្ចសន្យា​ជាមួយ​ខ្ញុំ ថ្ងៃក្រោយ​អត់មាន​គំ​នុំ​គុំកួន​មក​លើ​ពួក​ខ្ញុំ​ទៀត​ទេ»។

អ្នកនាំពាក្យ​តុលាការ លោក ចាន់ វណ្ណៈ ប្រាប់​ថា តុលាការ​កំពុង​ស៊ើបអង្កេត​រឿង​នេះ។ នៅពេល​សួរ​ថា តើ​តុលាការ​នឹង​បិទ​បញ្ចប់​ការសាកសួរ​នៅពេល​ណា?​ លោក ចាន់ វណ្ណៈ សុំ​មិន​ធ្វើការ​បកស្រាយ​ទេ ដោយ​ថា បើ​ចង់បាន​ព័ត៌មាន​លម្អិត ត្រូវ​ចុះទៅ​ជួប​លោក​នៅ​តុលាការ​វិញ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព និយាយ​ថា ការ​ដាក់​ពិន័យ​ផ្នែក​រដ្ឋបាល​លើ​មន្ត្រី​នគរបាល​ដែល​បង្ក​ហិង្សា​លើ​ជនរងគ្រោះ ​មិនទាន់​គ្រប់គ្រាន់​ទេ។ លោក​ស្រីថា តុលាការ​ត្រូវ​ធ្វើការ​ស្រាវជ្រាវនិង​កាត់សេចក្តី​ដោយ​ឯករាជ្យ ដើម្បីកុំឱ្យរង​ការរិះគន់​ពី​មហាជន។

លោកស្រី ចក់ សុភាព ប្រាប់​ថា៖ «ចំណុច​សំខាន់​នៃ​ផល​ជះ​នៃ​ការ​ពន្យារឬក៏​ការ​មិន​យកចិត្ត​ទុកដាក់​នីតិវិធី​ធ្វើ​យ៉ាងណាដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ភាគី​ពាក់ព័ន្ធ ​វា​នឹង​បង្ក​នូវ​បរិយាកាស​ដែល​សង្គម​យើង​នូវ​អំពើ​អយុត្តិធម៌​ចេះតែ​បន្ត ហើយ​យើង​បន្ត​នូវ​វប្បធម៌​ដែល​ជនល្មើស​នៅតែ​ប្រព្រឹត្ត​បទល្មើស ​[ហិង្សា​]។ ដូច្នេះ​ហើយ ជនរងគ្រោះ​នៅតែ​ជនរងគ្រោះ ហើយ​វា​បង្ក​នូវ​អសន្តិសុខ​សម្រាប់​ប្រទេស​កម្ពុជា​យើង»។

អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿ​ន កាលពី​ថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ២០២០ បាន​ចេញ​សេចក្តី​សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​មន្ត្រី​នគរបាល​ជាតិ​ទាំងនោះ​រួមមាន ស្នងការ​រង​ទទួល​ផ្ទុក​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន លោក ថោង វណ្ឌី​, នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​ពៅ ជីវ័ន​, នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន លោក ទូច ធា​រ៉ា​, នាយ​ផ្នែក​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ លោក ស៊ី បូ, មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ហេង ចាន់​រតនា​, មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន លោក សៀក ចាន់​ធឿន និង​លោក យុន តា​រា​ស័ក្ត មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀនខេត្តព្រៃវែង។ ប៉ុន្តែ​ក្នុង​សេចក្តី​សម្រេច​នោះ មិនបាន​បញ្ជាក់​ពី​ការដាក់ទោស​ទណ្ឌ​រឿង​ព្រហ្មទណ្ឌ​នោះ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ