ក្រសួង​​ច្រាន​​ចោល​​ព័ត៌មាន​​ដែល​​ថា​​ជន​ជាតិ​​វៀត​ណាម​៣​នាក់​​ឆ្លង​​ជំងឺ​​កូ​វីដ​១៩​ពី​​កម្ពុជា​

អ្នកជំនាញផ្នែកវេជ្ជសាស្ត្របូមយកសំណាកឈាមពីបុរសម្នាក់ក្រោយពេលបុរសនោះត្រលប់ពីក្រុងដាណាងវិញ ដោយធ្វើតេស្តនៅមណ្ឌលធ្វើតេស្តរកកូវីដ១៩ ស្ថិតនៅក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។ (REUTERS/Kham)

​ក្រសួងសុខាភិបាល​កម្ពុជា បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​ដែល​ថា ជនជាតិ​វៀតណាម​ចំនួន៣នាក់ត្រឡប់​ពី​ប្រទេស​កម្ពុជា មាន​ផ្ទុក​ជំងឺ​កូ​វីដ១៩។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា លោកស្រី ឱ វណ្ណ​ឌីន បាន​ប្រាប់​វី​អូ​ឌីតា​មតេ​ឡេ​ក្រាម​នៅ​ថ្ងៃសុក្រ​នេះ​ថា ការផ្សាយ​ព័ត៌មាន​របស់​សារព័ត៌មាន​វៀតណាម ដែល​ថា ​មាន​ជនជាតិ​វៀតណាម​ឆ្លង​ជំងឺ​កូ​វីដ១៩ពី​កម្ពុជា ជា​រឿង​មិន​ពិត​ទេ។ លោកស្រី​បន្ត​ថា ករណីនេះ ពួក​គេ​អាច​ឆ្លង​នៅ​ប្រទេស​វៀតណាម។

លោកស្រី​បញ្ជាក់​ថា៖ «ក្រសួង​មិន​ទទួលស្គាល់​នូវ​ព័ត៌មានដែល​សារព័ត៌មាន​នោះ​ចុះផ្សាយ​ទេ»។ 

ការ​ច្រានចោល​ព័ត៌មាន​នេះ បាន​ធ្វើឡើង​ក្រោយពីសារព័ត៌មាន​ក្នុង​ស្រុក​វៀតណាម VN Express បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី០៨ ខែកញ្ញា​ថា ជនជាតិ​វៀតណាម​ចំនួន៣នាក់ដែល​ត្រឡប់​មក​ពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី២៥ និង​ទី២៦ ខែសីហា តាម​ច្រក​ម៉ុ​កបៃ ខេត្ត​តៃ​និញ បាន​រក​ឃើញថា​មាន​ផ្ទុក​វីរុស​កូ​វី១៩។

សារព័ត៌មាន​ដដែលបាន​ចុះផ្សាយ​បន្ត​ថា ជនជាតិ​វៀតណាម​ទាំង៣នាក់​នោះ រួមមាន បុរស អាយុ៣៥ឆ្នាំ និង​កូនប្រុស​របស់​គាត់​អាយុ២ឆ្នាំ និង​ស្ត្រី​ម្នាក់ទៀត អាយុ២៦ឆ្នាំ បាន​ធ្វើតេស្ត​ចំនួន២លើក ក្នុង​នោះ​ការ​ធ្វើតេស្ត​លើក​ចុងក្រោយកាលពី​ថ្ងៃ​ចន្ទ ត្រូវ​បាន​រក​ឃើញថា ​វិជ្ជមាន​ជំងឺ​កូ​វីដ១៩។

នៅ​ថ្ងៃនេះ​ដែរ ក្រសួងសុខាភិបាល​កម្ពុជា ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋបន្ត​ការប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ បើ​ទោះជាកម្ពុជាបាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ១៩ជាសះស្បើយ ១០០ភាគរយ​ក៏ដោយ។

អ្នកស្រី ឱ វណ្ណឌីន មានប្រសាសន៍​ថា ក្រសួង​នៅតែ​បន្ត​ការ​តាមដាននិង​ស្រាវជ្រាវ​បន្ថែម​ទៀត ទៅ​លើអ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​កូ​វីដ១៩ ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​នេះ​នៅក្នុង​សហគមន៍។ លោកស្រី ឱ វណ្ណ​ឌីន បន្ត​ថា បើ​ក្នុងករណី​ណា​ដែល​រក​ឃើញ​អ្នក​ផ្ទុក​កូ​វីដ១៩ភ្លាម នោះ​ក្រសួង​ត្រូវ​បញ្ជូន​ពួក​គេ​ទៅ​ដាក់​ក្នុង​មណ្ឌល​ដាច់ដោយឡែក ដោយ​មិន​ទុក​ពេល​យូរ​នោះ​ទេ។ 

លោកស្រីថ្លែង​ថា៖ «យើង​ត្រូវ​អនុវត្ត​ឱ្យ​លឿន​បំផុត​នូវ​ការអនុវត្ត​វិធានការ ការពារ​ប្រសើរ​ជាង​ព្យាបាល នេះ​គឺថាឱ្យ​លឿន​មុន​នូវ​បុគ្គល​ណាមួយ​នោះមានការ​ចម្លង​វីរុស​កូ​វីដ១៩។ ការ​ការពារ​នូវ​វីរុស​កូ​វីដ១៩គឺ​ពិតជា​សំខាន់ ព្រោះ​បច្ចុប្បន្ន​នេះ​យើង​នៅតែ​អនុវត្ត​វិធានការ​នេះ​ដដែល ហើយ​សូម​ឱ្យ​មានការ​ការពារ​ជានិច្ច​តាម​គោលការណ៍​ណែនាំ​របស់ក្រ​សួង​សុខាភិបាល»។

បើ​តាម​សេចក្តី​ប្រកាស​របស់ក្រ​សួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី១១ ខែកញ្ញា​នេះ អ្នកជំងឺ​កូ​វីដ១៩ចំនួន២៧៤នាក់ដែល​បាន​រក​ឃើញ​នៅ​កម្ពុជា បាន​ជា​សះ​ស្បើយ​ទាំងអស់​ហើយ និង​មិន​មាន​ករណី​វិជ្ជមាន​ណាមួយ​រក​ឃើញ​ទៀត​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ