កម្ពុជា​​ប្រកាស​​ពី​​ការ​​ព្យាបាល​​អ្នក​​ឆ្លង​​វីរុស​​កូ​រ៉ូ​ណា​​ជា​សះ​ស្បើយ​​ទាំង​អស់​​ត្រឹម​​ថ្ងៃ​នេះ​​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

កម្ពុជា​បាន​ប្រកាស​ពី​ការ​ព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ១៩ទាំងអស់​នៅ​ថ្ងៃនេះ ខណៈ​ដែល​ប្រទេស​នេះ​ពុំ​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​អស់​រយៈពេល​ជិត​កន្លះ​ខែ​មក​ហើយ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា អ្នកជំងឺ​កូ​វីដ១៩ដែល​ស្ថិត​ក្រោម​ការ​ព្យាបាល​ចុងក្រោយ​គេ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ហើយ ដែល​នាំឱ្យ​ប្រទេស​នេះ​ព្យាបាល​អ្នកជំងឺ​ជាសះស្បើយ​ទាំងស្រុង១០០ភាគរយ។

បើ​តាម​ក្រសួងសុខាភិបាល អ្នកជំងឺ​កូ​វីដ១៩ដែល​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ចុងក្រោយ​គេ​កាលពី​ថ្ងៃម្សិលមិញ​នេះ គឺជា​បុរស​ជន​ជា​តិ​ឥណ្ឌូ​នេ​ស៊ី​ អាយុ១៨ឆ្នាំ ដែល​បាន​ធ្វើដំណើរ​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ឆ្លងកាត់​ម៉ាឡេស៊ី​មុ​ននឹង​មកដល់​កម្ពុជា​ នៅ​ថ្ងៃទី៣០ ខែកក្កដា​កន្លងមក​នេះ។

បុ​រស​ឥណ្ឌូ​នេ​ស៊ី​រូប​នេះ ស្នាក់នៅ​ភូមិ២ សង្កាត់​មិត្តភាព ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ធ្វើតេស្តនិង​រក​ឃើញ​ឆ្លង​វីរុស​កូ​រ៉ូ​ណាមួយ​ថ្ងៃក្រោយ​ពី​វិលត្រឡប់​មកដល់​កម្ពុជា។

មនុស្ស​ដល់ទៅ២៧៤នាក់ ត្រូវ​បាន​ធ្វើតេស្តនិង​រក​ឃើញ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​ទូទាំង​ប្រទេស ប៉ុន្តែក្រសួងសុខាភិបាល​បាន​ប្រកាស​ថា ពួក​គេ​បាន​ជាសះស្បើយ​ទាំងស្រុងនិង​ត្រូវ​បាន​អនុញ្ញាត​ឱ្យចាកចេញ​ពី​មន្ទីរពេទ្យ​ហើយ។

ក្រសួងសុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​មិនឃើញ​ករណី​ឆ្លង​ថ្មី​អស់​រយៈពេល១១ថ្ងៃ​មក​ហើយ ចាប់តាំងពី​ថ្ងៃទី៣១ ខែសីហា ជា​ថ្ងៃ​ដែល​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ចុងក្រោយ​គេ។

អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ទាំងអស់ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​អស់​ម្ដង​រួចមក​ហើយ​កាលពី​ថ្ងៃទី១៥ ខែឧសភា នៅពេល​ស្ត្រី​កម្ពុជា​ម្នាក់ ​វ័យ៣៦ឆ្នាំ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ចុងក្រោយ​គេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ