កម្ពុជាកំពុងពិនិត្យនីតិវិធីទាមទារឲ្យវៀតណាមរុះរើសំណង់រឹងចេញពីតំបន់មិនទាន់ឯកភាពគ្នា

លោកស្រី កុយ ពិសី កាន់ប្រកាសនៅខាងឆ្វេង ជាអនុប្រធាននិង លោក វ៉ា គឹមហុង នៅខាងស្តាំជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ពេលចុះទៅសាកសួរពលរដ្ឋពីការបាត់ដីទៅវៀតណាម​នៅខេត្តត្បូងឃ្មុំនៅថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២០។ រូបពីហ្វេប៊ុក លោក ស្រី កុយ ពិសី

អភិបាលខេត្តកណ្តាល បានឲ្យដឹងថា កម្ពុជាកំពុងតែពិនិត្យលើនីតិវិធី ដើម្បីទាមទារឲ្យភាគីវៀតណាមរុះរើសំណង់រឹង ដែលសង់នៅតាមខ្សែបន្ទាត់​​ព្រំដែនចំនួន៦ទីតាំង។

អភិបាលខេត្តកណ្តាលលោក លោក ​គង់ សោ​ភ័​ណ្ឌ ប្រាប់វីអូឌីនៅថ្ងៃ១២ ខែកញ្ញានេះថា យោធាវៀតណាមបានសង់តង់ថ្មីជាសំណង់រឹង នៅតាមខ្សែបន្ទាត់ព្រំដែនជាប់កម្ពុជា ស្ថិតនៅក្នុង​ស្រុកលើ​កដែក ខត្តកណ្តាល ចំនួន៦ទីតាំង​ ដែលជាតំបន់មិនទាន់ឯកភាពគ្នា។ ករណីនេះ លោកថា ក្រុមការងារជំនាញកំពុងធ្វើការងារនេះតាមនីតិវិធីច្បាប់ ដើម្បីទាមទារឲ្យវៀតណាមរុះរើតង់ចេញពីតំបន់មិនទាន់ឯកភាពគ្នា។

សំណង់ដែលវៀតណាមសង់នោះ ធ្វើពីឈើ​សសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រគុណ​នឹង៤ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ដោយ​ឃ្លាតពី​ខ្សែបន្ទាត់​ព្រំដែន​រវាង​កម្ពុជា​-វៀតណាមដែល​មិនទាន់​ឯកភាព​គ្នា ចម្ងាយ​ប្រមាណ១២០ម៉ែត្រ ខណៈ​កន្លងមក មាន​កិច្ច​ព្រមព្រៀង​គ្នា​ថា ការសាងសង់​សំណង់​រឹង​ណាមួយតាម​បន្ទាត់​ព្រំដែន​គោក​ចាប់ពី១៥០ម៉ែត្រ​ទៅ ត្រូវ​មានការ​ឯកភាព​គ្នា។

បើ​ពិនិត្យ​លើ​ស្ថានភាព​ដែល​យោធា​វៀតណាម​បោះតង់​ចំនួន២៥៦កន្លែងតាំងពី​ដើមឆ្នាំ២០២០ នៅ​ក្បែរ​ព្រំដែន ដែល​ផ្ទុយពី​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ គឺ​ភាគី​កម្ពុជា​ក៏បាន​ធ្វើ​កិច្ចការ​ងារ​នេះ​ជាបន្តបន្ទាប់ រួម​ទាំង​ការ​ធ្វើ​កំណត់​ទូត កោះហៅ​ឯកអគ្គ​រដ្ឋទូត​វៀតណាម​ឱ្យ​បំភ្លឺ និងការ​ចុះទៅ​ទីតាំង​យោធា​វៀតណាម​ដោយ​ផ្ទាល់ ដើម្បី​ឱ្យ​វៀតណាម​រុះរើ​តង់ និង​សំណង់​រឹង​ទាំងនោះ​ចេញ។ ប៉ុន្តែ​ជា​លទ្ធផល​ វៀតណាមមិនបាន​រើចេញ​ទេ ហើយ​ថែមទាំង​ដូរ​ពី​តង់​ទៅជា​ការសាងសង់​សំណង់​រឹង​ថែមទៀត។

គិត​មក​ត្រឹម​ដើមខែ​កញ្ញា​នេះ សំណង់​រឹង​របស់​វៀតណាម​សាងសង់​ជាបន្តបន្ទាប់ កើន​ដល់៦កន្លែង​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ