រដ្ឋបាលខេត្តព្រះសីហនុណែនាំមន្ត្រីជាន់ខ្ពស់មួយរូបឱ្យឈប់ទន្ទ្រានដីរដ្ឋ

អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន ថ្លែងក្នុងសន្និសីទ​កាសែត​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នា២០២០។ (សូត សុខប្រាថ្នា)

រដ្ឋបាលខេត្តព្រះសីហនុបានបដិសេធការស្នើរបស់មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងមហាផ្ទៃក្នុងការកំណត់ព្រំដីទំហំ១២ហិកតានៅក្នុងស្រុកព្រៃនប់ ហើយណែនាំឱ្យមន្ត្រីរូបនោះបញ្ឈប់បន្ទាន់នូវសកម្មភាពទន្ទ្រានកាន់កាប់ដីសាធារណៈរបស់រដ្ឋ។​

ក្នុងលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះហត្ថលេខាដោយលោក គួច ចំរើន កាលពីខែកុម្ភះឆ្នាំ២០២០ ហើយទើបផ្សព្វផ្សាយនៅខែកញ្ញានេះ បានបញ្ជាក់ថា  កាលពីខែសីហាឆ្នាំ២០១៩ លោក អេង គឹមហៃ បានស្នើទៅសាលាខេត្តដើម្បីកំណត់ព្រំ និងធ្វើរបងលើដីទំហំជាង១២ហិកតា នៅភូមិពូធឿង  ឃុំបិតត្រាំង ស្រុកព្រៃនប់។​

សំណើនេះ ត្រូវសាលាខេត្តបដិសេធ ហើយណែនាំឱ្យលោក អេង គឹមហៃ បញ្ឈប់ការទន្ទ្រានកាន់កាប់ដីសាធារណៈរបស់រដ្ឋ។​

លិខិត៖«រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំលោក ត្រូវតែបញ្ឈប់សកម្មភាពទន្ទ្រានកាន់កាប់ដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់ និងចាកចេញពីទីតាំង ព្រមតាំងទុកទីតាំងខាងលើនេះ ជូនខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុជាគ្រប់គ្រងបន្តចាប់ពីថ្ងៃជូនដំណឹង»

លោក អេង គឹមហៃ ជាមន្ត្រីផ្កាយ៣កាន់តួនាទីជាអគ្គនាយករងភស្តុភានៃក្រសួងមហាផ្ទៃ។​

សាលាខេត្តព្រះសីហនុបញ្ជាក់មូលហេតុដែលបដិសេធសំណើលោក អេង គឹមហៃ ព្រោះថាដីនៅតំបន់នោះដាក់ជាតំបន់គម្របផ្ទៃឈើត្រូវអភិរក្សតាំងពីឆ្នាំ២០០២៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ