រដ្ឋបាល​​ខេត្ត​​ព្រះ​សីហនុ​​ថា​ មាន​​ជន​ជាតិ​​ចិន​​ប្រមាណ​៥០០០​នាក់​ទៅ​កាន់​​ខេត្ត​​នេះ​

ពលរដ្ឋធ្វើដំណើរលើផ្លូវមួយខ្សែពីមុខសំណង់អគារដែលកំពុងតែសាងសង់ ស្ថិតនៅក្នុងក្រុងព្រះសីហនុ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ (ហង់ សុខហុង)

​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឱ្យ​ដឹង​ថា ក្នុង​ខែសីហា មាន​ជនជាតិ​ចិនប្រមាណ​ជាង៥០០០នាក់ ដែល​បាន​ហោះហើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើជំនួញ។

លោក ឃាង ភា​រម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មានប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ចេញចូល​របស់​អ្នកជំនួញ​ចិនមកកាន់​កម្ពុជា ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ​នេះ ជា​សញ្ញា​វិជ្ជមាន​សម្រាប់​កំណើន​សេដ្ឋកិច្ច​ក្នុង​ខេត្តអំឡុងពេល​ពិភពលោក​ជួប​វិបត្តិ​ជំងឺ​កូ​វីដ១៩។

លោក​បាន​ថ្លែង​ថា៖ «យ៉ាងហោចណាស់ គាត់​ចូល​មក​ក៏​បី​ជើង ​[ជើងហោះហើរ​ក្នុង​មួយ​សប្តាហ៍] វា​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែរ ដែល​ពួក​គេ​ចេញចូល​មករ​កស៊ី​នៅ ​[ខេត្ត​យើង​] ហើយ​ពួក​គេ​មក​បន្ត​ការ​រកស៊ីឬធ្វើ​កិច្ចការ​របស់​ខ្លួន»។

ទោះជាយ៉ាងណា លោក ឃាង ភា​រម្យ បាន​លើកឡើង​ដែរ​ថា ស្រប​ពេល​ដែល​មាន​កំណើន​ជនបរទេស​មកកាន់​ខេត្ត​នេះ បទល្មើស​ក៏​មានការ​កើនឡើង​ផង​ដែរ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បាន​ខិតខំ​ក្នុង​ការទប់ស្កាត់និង​បង្ក្រាប​បាន​ជាបន្តបន្ទាប់។

លោក​បាន​បញ្ជាក់​ថា៖ «មានការ​កើនឡើង​ឬថយ​ចុះទៅ​តាម​ស្ថានភាព​កំណើន​នៃ​ជនបរទេស ដូចជា អ្នករក​ស៊ី​មួយចំនួនដែល​ចេញ​ចូល​ៗ។ បទល្មើស​មួយចំនួនគឺ​ប្រព្រឹត្ត​ដោយ​ជនបរទេស ហើយ​សមត្ថកិច្ច​ក្រោម​ថ្នាក់ដឹកនាំ​បញ្ជាការ​ឯកភាព​ខេត្ត ក៏​យើង​បង្ក្រាប​បាន​ជាបន្តបន្ទាប់ អ៊ីចឹង​បាន​ដាក់​ផែនការ​ក្នុង​ការការពារ​សន្តិសុខសណ្តាប់​ធ្នាប់​ជូន​ប្រជាជន​។ យើង​ឃើញ​ហើយ​ថ្មី​ៗមាន​បទល្មើស​ច្រើន តែ​យើង​គ្រប់គ្រង​បាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ