សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​បុរស​៤​នាក់​​ទៅ​​សាក​សួរ ពាក់​ព័ន្ធ​​នឹង​​ការ​​ផលិ​ត​ឡេ​​ក្លែង​ក្លាយ​​

សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ នៃ​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌដង្កោ​ កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០២០​ បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត​ឡេ​ក្លែងក្លាយ​មួយ​កន្លែង​ ស្ថិត​នៅ​មុខ​វិទ្យាល័យ​ទួល​អំពិល​ ផ្លូវ​លេខ​២១៧​ ឬ​ផ្លូវ​ចំការ​ដូង​ ភូមិ​បុរី​កម្មករ​ សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​។​ (អគ្គស្នងការដ្ឋានគរបាលជាតិ)

សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​មនុស្ស៤នាក់ដើម្បី​យក​ទៅ​ធ្វើការ​សាកសួរ បន្ទាប់ពី​ចុះ​បង្ក្រាប​ទីតាំង​ផលិ​តឡេ​ក្លែងក្លាយ​មួយ​កន្លែង ស្ថិតនៅ​មុខ​វិទ្យាល័យ​ទួលអំពិល ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ។ 

គេហទំព័រ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ ចុះផ្សាយ​កាលពី​ថ្ងៃអាទិត្យ ឱ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ ដោយមាន​ការសម្រប​សម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិ​តឡេ​ក្លែងក្លាយ​មួយ​កន្លែងកាលពី​ម្សិលមិញ ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន៤នាក់ដើម្បី​សាកសួរ ខណៈ​ម្ចាស់​ទីតាំង​ឈ្មោះ វីង ជី​ហេង បាន​រត់គេច​ខ្លួនមុន​សមត្ថកិច្ច​ចុះ​បង្ក្រាប។

អគ្គស្នងការ​ដ្ឋាន​បន្ត​ថា សមត្ថកិច្ច​បាន​បិទ​ទីតាំង​នោះ​ជា​បណ្តោះអាសន្ន ដើម្បី​រង់​ចាំបន្ត​នី​តិ​វិធី។

វី​អូ​ឌី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ស្នងការ​រង​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក ពិត បញ្ញា បានទេ ដោយ​ទូរសព្ទ​ចូល​គ្មាន​អ្នកទទួល។ 

ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក មៀច សុ​ផាន់​ណា មានប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​មិនទាន់​ទទួល​បាន​របាយការណ៍​លម្អិត​ពី​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​ករណីនេះ​នៅឡើយ។

លោក​ថា៖ «គេ​កំពុង​សាកសួរ​ព័ត៌មាន​ដំណើរការ​តាម​នីតិវិធី​ច្បាប់​ឱ្យ​គ្រប់គ្រាន់​សិន ប្រមូល​សំណុំរឿង ប្រមូល​ភស្តុតាង​សិន ខ្ញុំ​មិនទាន់​ដឹង​ដែរ [បុរស៤នាក់​] ខ្ញុំ​មិនទាន់​ទទួល​បាន​ព័ត៌មាន​ចុងក្រោយ​ទេ ព្រោះ​គេ​កំពុង​ដំណើរការ​ស៊ើបអង្កេត។ អ៊ីចឹង​ខ្ញុំ​ក៏​មិនទាន់​ដឹង​ដែរ ទាល់តែ​របាយការណ៍​គេ​ធ្វើ​ចប់​សព្វគ្រប់ បាន​គេ​បញ្ជូន​មក​ឱ្យ​ខ្ញុំ​ថាត្រូវ​ធ្វើ​ម៉េច បញ្ជូន​ទៅ​តុលាការ​ឬរបៀប​ម៉េច»។ 

បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ២០១៨ សមត្ថកិច្ច​បាន​រឹបអូស​ទំនិញ​ក្លែងក្លាយហើយ​ដុត​បំផ្លាញ​ចោល​បន្តបន្ទាប់​ដែល​មាន​ជាង២០០តោន ខណៈ​នៅដើមឆ្នាំ២០១៩នេះ សមត្ថកិច្ច​ក៏បាន​ចុះ​បង្រ្កាប​បាន​ទំនិញ​ក្លែងក្លាយ​រាប់​រយ​តោន​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ