ប្រជាជន​​ភូមា​​ដាក់​​របាំង​​បិទ​ផ្លូវ​​មួយ​ចំនួន​​ចំ​​ពេល​​ករណី​​ឆ្លង​​វីរុស​​កូ​រ៉ូ​ណា​​កើន​ឡើង​​ខ្ពស់​​ថ្មី​ៗ​នេះ​

រនាំងការពារដែលត្រូវបានសាងសង់ឡើងពីសំណាក់ពលរដ្ឋរស់នៅតំបន់មួយក្នុងក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។ (REUTERS)

​ប្រជាជន​មួយចំនួន​នៃ​ទី​ក្រុ​ងយ៉ាំងហ្គោន ដែល​ជាទី​ក្រុង​ធំ​បំផុត​របស់​មីយ៉ាន់ម៉ា បាន​ប្រើ​បំណែក​ឈើនិង​ដែកថែប​ដើម្បី​ធ្វើជា​របាំង​នៅ​ជុំវិញ​សង្កាត់​របស់​ពួក​គេ​កាលពី​ល្ងាច​ថ្ងៃសុក្រ​សប្ដាហ៍​មុន ដើម្បី​ការពារ​ខ្លួន​របស់​ពួក​គេ​ពី​ការ​ឆ្លង​នៃ​ជំងឺ​កូ​វីដ១៩ ខណៈ​ប្រទេស​នេះ​កំពុង​ទទួលរង​នូវ​ការ​ឆ្លង​រីក​រាលដាល។

ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​ចំនួន២,៦២៥ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន១៥នាក់។ ចំនួន​នៃ​ការ​ឆ្លង​បាន​កើនឡើង​បួន​ដង​ចាប់តាំងពី​ពាក់កណ្តាល​ខែសីហា នៅពេល​ដែល​វីរុស​នេះ​បាន​រាតត្បាត​នៅ​ភាគ​ខាងលិច​រដ្ឋ​រ៉ា​ក់​ឃីន បន្ទាប់ពី​គ្មាន​ករណី​ជំងឺឆ្លង​ក្នុង​ស្រុក​ប៉ុន្មាន​សប្តាហ៍​មក។

ភាគច្រើន​នៃ​ករ​ណី​ថ្មី​ៗនេះ បាន​កើតឡើង​នៅក្នុង​ទី​ក្រុ​ងយ៉ាំងហ្គោ​នដែល​ជារ​ដ្ឋ​ធានី​ពាណិជ្ជកម្មនិង​ជាទី​ក្រុង​ធំ​បំផុត​របស់​ប្រទេស​ភូមា។ អ្នកស្រុក​បាន​ចាប់ផ្តើម​ដាក់​របាំង​បិទផ្លូវ​បណ្តោះអាសន្ន ដើម្បី​បញ្ឈប់​ប្រជាជន​ចេញចូល​ស្រុក​របស់​ពួក​គេ​ដោយសេរី។

កាលពី​សប្តាហ៍​មុន មន្រ្តី​អាជ្ញាធរ​បាន​ចេញ​បទបញ្ជា​ឱ្យ​ប្រជាជន​ទាំងអស់​ធ្វើការ​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ហើយ​ក្រុមហ៊ុន​អាកាសចរណ៍និង​ឡានក្រុង បាន​ផ្អាក​សេវាកម្ម​របស់​ខ្លួន​ក្នុងនិង​ក្រៅ​ទីក្រុង។

លោក អ៊ួង ចាវ​មិន (Aung Zaw Min​) ប្រធាន​សង្កាត់​មួយ​ក្នុង​សង្កាត់ Kyimyidaing ដែល​កំពុង​យាម​របាំង​មួយ​ក្នុងចំណោម​របាំង​ទាំងនោះ បាន​និយាយ​ថា អ្នកស្រុក​មិនបាន​យកចិត្ត​ទុកដាក់​ក្នុង​ការ​ការពារ​វីរុស​នេះ​ឱ្យ​បាន​ល្អ​ទេ បន្ទាប់ពី​មាន​អត្រា​ឆ្លង​ទាប​កាលពីមុន។

លោក អ៊ួង ចាវ​មិន បាន​និយាយ​ថា៖ «ឥលូវនេះយើង​ត្រូវតែ​ដឹង​ថា​ យើង​មិន​អាច​មើលស្រាល​ចំពោះ​ការ​ឆ្លង​មេរោគ​ដ៏​ធំ​ដែល​បង្កឡើង​ដោយ​រដ្ឋ Sittwe»។

លោក​សំដៅ​ដល់​រដ្ឋធានី​រ៉ា​ក់​ឃី​នដែល​ជា​កន្លែង​ដែល​មេរោគ​ឆ្លង​ត្រូវ​បាន​រក​ឃើញ​នា​ពេល​ថ្មី​ៗនេះ។

របាំង​ទាំងអស់​នោះត្រូវ​បាន​សាងសង់​ឡើង​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ដោយ​បច្ចុប្បន្ន​របាំង​ធំៗ​មួយចំនួន​ត្រូវ​បាន​បញ្ជា​ឱ្យ​រុះរើ​ចេញ​វិញ ខណៈ​របាំង​មួយចំនួន​ទៀត​ត្រូវ​បាន​រក្សាទុក​ដដែល​កាលពី​ថ្ងៃសៅរ៍​កន្លងមក​នេះ។ 

អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយចំនួន បាន​សើចចំអក​ការ​ដាក់​របាំង​ការពារ​នេះ ដោយ​លេងសើច​ថា អ្នកស្រុក​ដែល​រស់នៅ​ទីនោះបាន​ប្រែក្លាយ​សង្កាត់​ទីក្រុង​របស់​ខ្លួន​ទៅជា «សាធារណរដ្ឋ​តូច»។

លោក លូ ចាវ​អ៊ូ (Luo Zaw Oo​) បាន​និយាយ​ដោយ​ឈរ​នៅ​លើ​ផ្លូវមួយ​ដែល​ត្រូវ​បាន​បិទ​កាលពី​ថ្ងៃសៅរ៍​ថា៖ «វា​ដូចជា​ច្រកព្រំដែន​រវាង​កូរ៉េ​ខាងត្បូងនិង​កូរ៉េខាងជើង។ របាំង​ទាំងនេះ​ដូចជា​មិន​មាន​ភាព​ចាំបាច់​ទេ»។

ក្រសួងសុខាភិបាល​ភូមា​បាន​និយាយ​ថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី១៨០ករណីដែល​ត្រូវ​បាន​រាយការណ៍​កាលពី​ថ្ងៃសៅរ៍​កន្លងមក​នេះ អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា១២៤ករណីត្រូវ​បាន​រក​ឃើញ​នៅ​ទី​ក្រុ​ងយ៉ាំងហ្គោន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ