ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌកាន់តែខិតចូលមកដល់នោះ សេវាដឹកជញ្ជូននៅឆ្នាំនេះត្រូវបានដំឡើងតម្លៃដូចទៅនឹងឆ្នាំមុនៗដែរ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពលរដ្ឋនៅឆ្នាំនេះរងផលប៉ះពាល់បណ្ដាលមកពីការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាក្ដី។
កម្មការិនីរោងចក្រកាត់ដេរមួយកន្លែងនៅរាជធានីភ្នំពេញ អ្នកស្រី ចាន់ សុគន្ធី បានធ្វើដំណើរតាមរថយន្តឈ្នួលមួយគ្រឿងដែលផ្ទុកទៅដោយអ្នកដំណើរសរុប១៧នាក់ ធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់អ្នកស្រីស្ថិតនៅក្នុងខេត្តពោធិ៍សាត់នៅថ្ងៃនេះ ពីរថ្ងៃមុនថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌដែលចាប់ផ្ដើមពីថ្ងៃពុធរហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ។
ការធ្វើដំណើររួមគ្នាជាមួយអ្នកដំណើរផ្សេងបែបនេះ មិនបានទុកឱ្យមានគម្លាតនៅក្នុងរថយន្តនោះឡើយ ហើយជាហានិភ័យនៃការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា ដែលកម្ពុជាបានរកឃើញមនុស្ស២៧៥នាក់បានឆ្លងវីរុសកូរ៉ូណាក្ដី ប៉ុន្តែត្រូវបានព្យាបាលជាសះស្បើយ២៧៤នាក់ហើយ។
បើទោះជាមានក្ដីបារម្ភពីការឆ្លងរីករាលដាលនៃវីរុសក្ដី ប៉ុន្តែអ្នកស្រី សុគន្ធី នៅតែសម្រេចចិត្តជិះក្នុងរថយន្តឈ្នួលនោះ ហើយធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតនារដូវបុណ្យទានជួបជុំសាច់ញាតិនេះដែរ។
កម្មការិនីរូបនេះបានលៃលកធ្វើដំណើរទៅដល់ស្រុកកំណើត បើទោះបីប្រាប់ថា តម្លៃរថយន្តឈ្នួលពីរាជធានីភ្នំពេញទៅខេត្តពោធិ៍សាត់ ត្រូវបានដំឡើងពី១៥ ០០០រៀលនៅថ្ងៃធម្មតា មកដល់តម្លៃ២០ ០០០រៀលនៅប៉ុន្មានថ្ងៃមុនពិធីបុណ្យភ្ជុំបិណ្ឌនេះ។
ស្ត្រីវ័យ៣១ឆ្នាំរូបនេះ ប្រាប់ថា អ្នកស្រីបានសុំម្ចាស់រថយន្តឈ្នួលដែលជាអ្នកភូមិជាមួយគ្នាឱ្យយកតម្លៃសេវាដឹកជញ្ជូនដូចថ្ងៃធម្មតា ដោយសារតែអ្នកស្រីបានប្រាប់ទៅអ្នកបើកបរថា រោងចក្រដែលអ្នកស្រីធ្វើការមិនបានបើកប្រាក់ឈ្នួលឱ្យនោះឡើយ ព្រោះតែវិបត្តិសុខភាពសកលដែលប៉ះពាល់ដល់ចង្វាក់ផលិតកម្មរោងចក្រ។
អ្នកស្រី ចាន់ សុគន្ធី និយាយថា៖ «ខ្ញុំជិះឡានមកហ្នឹង គាត់អត់យកថ្លៃទេ ព្រោះអីថ្ងៃធម្មតាក៏គាត់ជិះប៉ុណ្ណឹងដែរ ព្រោះអីខ្ញុំប្រាប់គាត់ថា ខ្ញុំអត់មានលុយជិះឡានមក ព្រោះអីរោងចក្រគេអត់បើកលុយឱ្យ អ៊ីចឹងហ្អាស៎បង! ខ្ញុំប្រាប់គាត់តាមដំណើរ»។
ជារៀងរាល់ឆ្នាំ ពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់តែងតែធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ ដើម្បីជួបជុំសាច់ញាតិក្រុមគ្រួសារអំឡុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ហើយតម្លៃសេវាដឹកជញ្ជូនក៏ត្រូវបានដំឡើងថ្លៃអំឡុងពេលមានតម្រូវការធ្វើដំណើរដ៏មមាញឹកនេះផងដែរ។
បុរសវ័យ៣២ឆ្នាំដែលជាអ្នកបើកបររថយន្តឈ្នួលពីភ្នំពេញទៅកំពង់ចាម បានប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកបានដំឡើងតម្លៃដឹកជញ្ជូនតាមរថយន្តឈ្នួលទំហំ១២កៅអីរបស់លោក ចន្លោះពី១៨ ០០០ទៅ២០ ០០០រៀល លើសពីថ្ងៃធម្មតាដែលលោកយកត្រឹមតែ១៥ ០០០រៀលប៉ុណ្ណោះ។
អ្នកបើកបររថយន្តឈ្នួលរូបនេះ ប្រាប់ថា លោកដំឡើងតម្លៃខ្ពស់ជាងថ្ងៃធម្មតាបែបនេះ ព្រោះលោកត្រូវចំណាយប្រាក់ខ្លះទៅដល់នគរបាលចរាចរណ៍ ខណៈដែលលោកដឹកជញ្ជូនមនុស្សលើសចំនួនកំណត់ពី៣ឬ៤នាក់។
អ្នកបើកបររថយន្តឈ្នួលនិយាយថា៖ «យើងធ្វើការអ្វីមួយ យើងតែងតែចង់បានប្រាក់ចំណេញខ្លួនឯងខ្លះហើយ។ អ៊ីចឹង យើងចង់រស់ គេក៏ចង់រស់ដែរ»។
មិនមែនតែរថយន្តឈ្នួលលក្ខណៈផ្ទាល់ខ្លួនទេដែលដំឡើងតម្លៃអំឡុងពេលមមាញឹកបែបនេះ ក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនមួយចំនួនក៏សម្រេចដំឡើងថ្លៃសេវាដឹកជញ្ជូនរបស់ខ្លួនផងដែរ។
ជានិស្សិតកំពុងសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ឃិន សីហា បានឱ្យដឹងថា កញ្ញាត្រូវធ្វើដំណើរវិលត្រឡប់ទៅជួបជុំក្រុមគ្រួសាររបស់កញ្ញាស្ថិតនៅក្នុងខេត្តបាត់ដំបងនៅថ្ងៃស្អែកនេះ ហើយកញ្ញាបានកក់សំបុត្ររថយន្តក្រុងពីក្រុមហ៊ុនដឹកជញ្ជូនមួយនៅថ្ងៃនេះ។
យុវតីរូបនេះបានប្រាប់ថា តម្លៃសំបុតរថយន្តក្រុងដែលត្រូវបានលក់នៅពីរថ្ងៃមុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានដំឡើង១០ ០០០រៀលបន្ថែមទៀត លើសពីតម្លៃសំបុត្រដែលត្រូវបានដាក់លក់ត្រឹមតែ២៥ ០០០រៀលនៅថ្ងៃធម្មតា។
កញ្ញា សីហា និយាយថា៖ «ក្រុមហ៊ុនឡានក្រុងមួយចំនួនហ្នឹង ខ្ញុំគិតថា ឡើងថ្លៃតិចតួចបានហើយ អានេះឡើងថ្លៃរាងច្រើនដែរ»។
កញ្ញាក៏និយាយផងដែរថា ប្រសិនបើសេវាដឹកជញ្ជូនសាធារណៈរបស់រដ្ឋ ត្រូវបានដាក់ឱ្យដំណើរការដឹកជញ្ជូនពលរដ្ឋដោយឥតគិតថ្លៃដូចរាល់ឆ្នាំនោះ វានឹងជួយកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ ហើយក៏អាចជួយពលរដ្ឋរក្សាគម្លាតសុវត្ថិភាពផងដែរ។
សេវាដឹកជញ្ជូនតាមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ មិនទាន់ត្រូវបានបើកឱ្យដំណើរការឡើងវិញឡើយ ចាប់តាំងពីវាត្រូវបានផ្អាកលែងឱ្យដំណើរការជាបណ្ដោះអាសន្នចាប់តាំងពីថ្ងៃទី២៦ ខែមីនាមក ព្រោះតែការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់វីអូឌីថា សាលារាជធានីភ្នំពេញ មិនមានគម្រោងបញ្ចេញរថយន្តក្រុងសម្រាប់ផ្ដល់ការដឹកជញ្ជូនឥតគិតថ្លៃដូចរាល់ឆ្នាំនោះឡើយ ដោយហេតុថា គោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការរក្សាសុវត្ថិភាពពីជំងឺកូវីដ១៩ ហើយបើបញ្ចេញរថយន្តក្រុងទាំងនោះ វានឹងកាន់តែធ្វើឱ្យកើតមាននូវការប្រមូលផ្ដុំដែលជាហេតុនាំឱ្យកើតមានការឆ្លងជំងឺកូវីដ១៩៕