អាមេរិក​​ថា​ កំពុង​​បង្កើន​​ការ​​គាំ​ទ្រ​​ប្រទេស​​តំបន់​​ទន្លេ​មេគង្គ​​ដើម្បី​​ដោះ​ស្រាយ​​«បញ្ហា​​ប្រឈម​​​បន្ទាន់»

អ្នកនេសាទអង្គុយលើទូកធ្វើសកម្មភាពការងារប្រចាំថ្ងៃ នៅលើដងទន្លេមេគង្គក្នុងខេត្ត Nakhon Phanom ប្រទេសថៃ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ (REUTERS/Soe Zeya Tun)

សហរដ្ឋអាមេរិក លើកឡើង​ថា ខ្លួន​បាន​បង្កើន​ការ​គាំទ្រ​ដល់​ប្រទេស​ជា​ដៃគូ​ក្នុង​តំបន់​ទន្លេមេគង្គ ក្នុង​នោះ​មាន​ទាំង​កម្ពុជា​ផង​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​បន្ទាន់ ខណៈ​ប្រទេស​ក្នុង​តំបន់​នេះ​ប្រឈម​បញ្ហា​មួយចំនួន​រួម​ទាំង​បញ្ហា​ទឹក។

លើ​គេហទំព័រ​របស់​ខ្លួន ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​លើកឡើង​កាលពី​ថ្ងៃអាទិត្យ​ថា សហរដ្ឋអាមេរិក​កំពុង​បង្កើន​ការ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាម ដោយ​ថា ប្រទេស៥នេះជា​ដៃគូ​របស់​ខ្លួន​នៅ​តំបន់​ទន្លេមេគង្គ។

អាមេរិក​ថា៖ «យើង​កំពុងធ្វើការ​សហការ​គ្នា ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​បន្ទាន់ តាមរយៈ​ភាពជា​ដៃគូ​រវាង​តំបន់​ទន្លេមេគង្គនិង​សហរដ្ឋអាមេរិក»។

ប៉ុន្តែស្ថាន​ទូ​តអាមេរិក​ពុំ​បាន​លម្អិត​អំពី​បញ្ហា​ប្រឈម​ជាក់លាក់​ដែល​រដ្ឋាភិបាល​អាមេរិក​មើលឃើញ​កំពុង​កើតឡើង​នៅក្នុង​តំបន់​នេះ​ទេ និង​របៀប​ដែល​រដ្ឋាភិបាល​អាមេរិក​នឹង​ជួយ​ដល់​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​ទន្លេមេគង្គ​នោះ​ឡើយ។

ទោះជាយ៉ាងណា ការ​ធ្លាក់ចុះ​នៃ​កម្រិត​ទឹកទន្លេ​មេគង្គ​រយៈពេល​ពីរបី​ឆ្នាំ​ចុងក្រោយ​នេះ គឺជា​ចំណោទ​រួម​របស់​រដ្ឋាភិបាល​បណ្ដា​ប្រទេស​នៅ​តាម​ដងទន្លេ​មេគង្គ ក្នុង​នោះ​រួម​ទាំង​កម្ពុជា​ផង​ដែរ។

គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ​(MRC​) កាលពី​ខែមករា​ឆ្នាំនេះ បាន​ចេញ​របាយ​ការណ៍ស្រាវជ្រាវ​មួយ លើកឡើង​ពី​កង្វល់​ជុំវិញ​ការ​អភិវឌ្ឍ​ធនធានទឹក​នៃ​ទន្លេមេគង្គ ដែល​ថា វា​បាន​បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​មក​លើ​បរិស្ថាននិង​សង្គម «ជាពិសេស​ផល​ប៉ះពាល់​ឆ្លងដែន ដែល​ត្រូវ​គិតគូរ​ដោះស្រាយ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ»។

ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​មួយ​នេះ និយាយ​ថា វារីអគ្គិសនីគឺជា​បញ្ហា​ប្រឈម​មួយ​នៅក្នុងចំណោម​បញ្ហា​ប្រឈម​ដទៃទៀត ដូចជា បម្រែបម្រួល​អាកាសធាតុ គ្រោះមហន្តរាយ​ធម្មជាតិ កំណើនប្រជាជន​ជាដើម ខណៈ​បច្ចុប្បន្ន​ចិន​បាន​សាងសង់​ទំ​បន់​វារី​អគ្គិស​នី​នេះ​ចំនួន១១ដែល​ទំនប់​ទាំងនោះ​កំពុង​ដំណើរការ។

មួយវិញទៀត ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី៣មេគង្គ​-ឡាន​ឆាង​តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ កាលពី​ថ្ងៃទី២៤ ខែសីហា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ការ​ស្រុះស្រួល​គ្នា​រក​ដំណោះស្រាយ​ទឹកទន្លេ​មេគង្គ ដែល​លោក​ហៅថា «ទឹក​ឆ្លងដែន» គឺជា​ជោគជ័យ​ដ៏​សំខាន់​បំផុត​មួយទៀត​នៃ​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ​-ឡាន​ឆាង។

ក្នុង​កិច្ចប្រជុំ​នោះ នាយក​រដ្ឋមន្ត្រី​ចិន លោក លី ឃឹ​ឈាង បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ថា៖ «ចិន​នឹង​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​បញ្ចេញ​ទឹក​ក្នុង​រដូវប្រាំង​ដល់​អ្នក​នៅ​ខាងក្រោម​ទន្លេមេគង្គ ដើម្បី​ដោះស្រាយ​បញ្ហា​រាំងស្ងួត ដោយ​យក​វិស័យ​ធនធានទឹក​ធ្វើជា​យន្តការ​ស្នូល​សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ជាស​មា​ជិ​ក»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ