UN​ទាមទារ​​ឱ្យ​​កម្ពុជា​​បង្ហាញ​​ដំណើរ​​វិវត្តន៍​​នៃ​​ការ​ស៊ើប​អង្កេត​​ករណី​​បាត់​ខ្លួន​​សកម្ម​ជន​​ថៃ​

សកម្មជន​ម្នាក់​កាន់​រូបថត​លោក វ៉ាន​ចា​ឡឺម សាត់​សក្តិ​សីទ (Wanchalearm Satsaksit​) ទាមទារ​ឱ្យ​មានការ​ស៊ើបអង្កេត​ករណី​បាត់ខ្លួន​លោក វ៉ាន​ចា​ឡឺម នៅ​ក្រុងភ្នំពេញ​អំឡុង​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ដោយ​ស្ត្រី​នោះ​ឈរ​តវ៉ា​នៅ​ក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។ (REUTERS​/Athit Perawongmetha​)

​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បន្ត​ទាមទារ​ឱ្យ​កម្ពុជា​បង្ហាញ​ពី​ដំណើរ​វិវត្តន៍​នៃ​ការស៊ើបអង្កេត​ករណី​បាត់ខ្លួន​សកម្មជន​ថៃ​នៅ​លើទឹក​ដី​កម្ពុជា។

សកម្មជន​នយោបាយ​ប្រឆាំង​ថៃ លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធិ ត្រូវ​បាន​សេចក្ដីរាយការណ៍​នានា​ចុះផ្សាយ​ថា បាន​បាត់ខ្លួនបន្ទាប់ពី​មានការ​ចាប់​ពង្រាត់​ពី​កន្លែង​លោក​ស្នាក់នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ កាលពី​ថ្ងៃទី៤ ខែមិថុនា​កន្លងមក​នេះ។

អស់​រយៈពេល​ជាង៤ខែក្រោយ​ពី​ការ​បាត់ខ្លួន​សកម្មជន​ថៃ​រូប​នេះ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​ផ្ញើ​លិខិត​រួម​មួយ​ទៅ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុ​ខុន។

ក្រុមការងារ​ទទួលបន្ទុក​ផ្នែក​បាត់ខ្លួន​ដោយបង្ខំ ឬគ្មាន​ការ​ស្ម័គ្រចិត្ត​របស់​អង្គការសហប្រជាជាតិ បាន​ប្រាប់​ទៅ​ប្រមុខ​ការទូត​កម្ពុជា​ថា ពួក​គេ​ព្រួយបារម្ភ​អំពី​កង្វះ​វឌ្ឍនភាព​ក្នុង​ការស៊ើបអង្កេត​លើ​ករណីនេះ។

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ បាន​លើកឡើង​ផង​ដែរ​អំពី​កាតព្វកិច្ច​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ដោយ​ពេញលេញ​ចំពោះ​បុគ្គល​ស្របច្បាប់ និង​សិទ្ធិ​របស់​គ្រួសារ​ក្នុង​ការ​ទទួល​បានការ​ពិត និង​ការកំណត់​អត្តសញ្ញាណ​របស់​ជនល្មើស។

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស UN និយាយ​ថា៖ «ស្នើសុំ​ឱ្យ​កម្ពុជា​ផ្តល់​ព័ត៌មាន​អំពី​វឌ្ឍនភាព​នៃ​ការស៊ើបអង្កេតកន្លែង​រស់នៅ​បច្ចុប្បន្ន​របស់​លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធិ និង​ជំហាន​នានា​ដើម្បី​ស្វែងរក​ជន​ប្រព្រឹត្ត»។

នេះ​ជា​លើក​ទី២ហើយដែល​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ទាមទារ​មក​កម្ពុជា​ឱ្យ​ឆ្លើយតបទៅនឹង​ការ​ចាប់​ពង្រាត់និង​ការ​បាត់ខ្លួន​លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធិ ជាសកម្ម​ជន​ថៃ​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​រណសិរ្ស​រួបរួម​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ប្រឆាំង​នឹង​របបផ្ដាច់ការ​ (UDD​) ឬក្រុម​អាវ​ក្រហម​ថៃ។

នៅពេល​ត្រូវ​បាន​ស្នើសុំ​ឱ្យ​បកស្រាយ​បន្ថែម​នោះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​ជំរុញ​ឱ្យ​សាកសួរ​ទៅ​ក្រសួងមហាផ្ទៃ ដោយ​ថា កន្លងទៅ នគរបាល​ជំនាញ​ធ្លាប់​បាន​បញ្ជាក់​ថា «កំពុងធ្វើការ​ស្រាវជ្រាវ​ករណីនេះ»។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុ​ភ័គ មិន​អាច​ទាក់ទង​បាន ប៉ុន្តែអ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន និយាយ​ថា ករណីនេះ ស្ថិតនៅ​ក្នុង​ភាព​បិទមុខ​នៅឡើយ​សម្រាប់​ការស៊ើបអង្កេត។

លោក ឆាយ គឹម​ខឿន ប្រាប់​ថា៖ «ជា​ទស្សនៈ យើង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ដែល​យើង​មាន ព្រោះ​រឿង​ទាំងនេះ វា​ដូចជា​រឿង​បិទមុខ​មួយដែល​ធ្វើ​ឱ្យ​យើង​ល្វីងមុខ​ណាស់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ស៊ើបអង្កេត ហើយ​យើង​កំពុងតែ​ស្វែងរក​ព័ត៌មាន​បន្ថែម​ទៀត​តាមដែល​អាច​ធ្វើ​ទៅ​បាន»។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក​បណ្ឌិត ប៉ា ចន្ទ​រឿន និយាយ​ថា ការ​វែកមុខ​ជនល្មើស​ដែល​បាន​ចាប់​ពង្រាត់​សកម្មជន​នយោបាយ​ប្រឆាំង​ថៃ យក​ទៅ​ផ្តន្ទា​ទោស​តាមច្បាប់ ជាមុខមាត់​របស់​កម្ពុជា​នៅ​លើឆាកអន្តរជាតិ ក្នុង​នាម​ប្រទេស​ដែល​បាន​ចុះ​កិ​ច្ច​ព្រម​ព្រៀ​ងជាមួយ​អង្គការសហប្រជាជាតិ ដើម្បី​ធានា​សិទ្ធិពល​រដ្ឋនិង​សិទ្ធិ​នយោបាយ។

លោក ប៉ា ចន្ទ​រឿន និយាយ​ថា៖ «ប៉ុន្តែនៅពេល​ដែល​ប្រទេស​មួយ​មិន​អាច​បំពេញ​តាម​ខ្លួន​សន្យា​បាន នៅពេល​នោះ​ប្រទេស​យើង​នឹង​ត្រូវ​គេ​ចាត់​ក្នុង​ប្រទេស​រំលោភបំពាន​សិទ្ធិ​មូលដ្ឋាន ដែល​វា​អាច​ប៉ះពាល់​ទាំង​មុខមាត់​កម្ពុជា​លើឆាកអន្តរជាតិ ក៏​ដូច​ជាអាច​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ប្រទេស​ក្នុង​ការ​រកស៊ី​ជួញដូរ ក៏​ដូច​ការ​វិនិយោគ​ក្នុង​ប្រទេសនិង​ពាណិជ្ជកម្ម​ក្រៅប្រទេស​ផង​ដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ