រដ្ឋា​ភិបាល​​អំពាវ​នាវ​​ឱ្យ​​ចូល​រួម​​ទប់​ស្កាត់​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ក្នុង​​អំឡុង​​ភ្ជុំ​បិណ្ឌ​

រថយន្តឈ្នួល​តម្រៀបជួរ​គ្នា​រង់ចាំ​អ្នកដំណើរ​មក​ជួល​ជិះ​ដើម្បី​ធ្វើដំណើរ​ទៅ​ខេត្ត នារ​ដូវ​កាល​បុណ្យភ្ជុំបិណ្ឌ នៅ​បេនឡាន​ម៉ុង​ឌី​យ៉ា​ល់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ (អ៊ុយ សុធា​)

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បង្កើន​ការ​ប្រុងប្រយ័ត្ននិង​រក្សា​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ចរាចរណ៍​អំឡុង​បុណ្យភ្ជុំបិណ្ឌ។

សេចក្តី​អំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃអង្គារ​នេះ បាន​លើកឡើង​ថា ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ បាន​និង​កំពុងតែ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី៣ ដល់​ថ្ងៃទី១៨ ខែកញ្ញា ដែល​អំឡុង​ពេលនេះ ប្រជាពលរដ្ឋ​អាច​នឹង​មាន​សកម្មភាព​ធ្វើ​ចរាចរណ៍ទៅកាន់​ទីវត្ត​អារាម ស្រុកកំណើត និង​កន្លែង​កម្សាន្ត​នានា​យ៉ាង​មមាញឹក ហើយក៏​អាច​មាន​កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ។

ស្រប​ពេលនេះ គណៈកម្មាធិការ​ជាតិ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ យកចិត្ត​ទុកដាក់​រក្សា​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ដើម្បី​ចូលរួម​បង្ការនិង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក។ គណៈកម្មាធិការ​ជាតិ ក៏បាន​ណែនាំ​ដល់​រថយន្ត​ដឹក​អ្នកដំណើរឬរថយន្ត​ដឹកទំនិញ កុំ​ផ្ទុក​មនុស្សឬទំនិញ​លើស​ច្បាប់កំណត់ ជាពិសេស​រថយន្ត​ដឹក​អ្នកដំណើរ មិន​ត្រូវ​ផ្ទុក​មនុស្ស​នៅ​លើដំបូលនិង​កុំ​ដំឡើងថ្លៃ​សំបុត្រ​ធ្វើដំណើរ។

គណៈកម្មាធិការ​ជាតិ បន្ត​ណែនាំ​ដល់​អ្នកបើកបរ​យានយន្តនិង​អ្នក​រួម​ដំណើរ​ទាំងអស់ ត្រូវ​គោរពច្បាប់​ស្តី​ពីចរាចរណ៍​ផ្លូវគោក ដូចជា ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ពាក់មួក​សុវត្ថិភាព ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​របស់​ខ្លួន​មុន​ពេល​ធ្វើ​ចរាចរណ៍ និង​មិន​ត្រូវ​បើក​បរក្នុង​ស្ថានភាព​ស្រវឹង​ឬសារ​ធាតុ​ញៀន​ជា​ដើម។ 

គណៈកម្មាធិការ​ជាតិ បាន​បញ្ជាក់​ថា៖ «នៅពេល​បើកបរ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សុជីវធម៌ សីលធម៌ និង​ការយោគយល់​អធ្យាស្រ័យ​ទៅវិញទៅមក ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់ឬសម្រួល​ស្ថានភាព​កកស្ទះ​ចរាចរណ៍»។

បើ​តាម​សេចក្តី​អំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ ក្នុងរយៈពេល៨ខែ​ឆ្នាំនេះ ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ករណី​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​ចំនួន៦៦៧លើក ស្មើ២៤ភាគរយ អ្នក​ស្លាប់​ថយ​ចុះ​ចំនួន២១៥នាក់ ស្មើ១៦ភាគរយ និង​អ្នករបួស​ថយ​ចុះ​ចំនួន១០១០នាក់ ស្មើ២៤ភាគរយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ