ក្រសួង​​ណែនាំ​​អាជ្ញាធរ​​រាជ​ធានី​​-​ខេត្ត​​ពង្រឹង​​វិធាន​ការ​​ទប់​ស្កាត់​​ជំងឺ​​ផ្តាសាយ​​ធំ​

ក្រុមគ្រូពេទ្យនិងអ្នកជំនាញចុះទៅពិនិត្យនិងយកសំណាកពីព្រះសង្ឃគង់នៅ​វត្ត​ស្វាយដង្គំ ស្រុក​ឯកភ្នំ ដែលមានអាការក្ដៅខ្លួន ក្អក និងហៀរសំបោរ យកទៅពិនិត្យ កាលពីយប់ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង Battambang Provincial Health Department)

ក្រសួងសុខាភិបាល ណែនាំ​ដល់​អាជ្ញាធរ​រាជធានី​-ខេត្ត ពង្រឹង​វិធានការ​សុខាភិបាល ទប់ស្កាត់​ការ​ចម្លងជំងឺ​ផ្តាសាយ​ធំនិង​វី​រុ​សផ្សេង​ៗ ជាពិសេស​ក្នុង​អំឡុង​ពេលបុណ្យ​កាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ។

ក្នុង​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុ​នហេង ផ្ញើ​ទៅ​អភិបាល​រាជធានី​-ខេត្ត​ទាំងអស់ កាលពី​ថ្ងៃទី១៤ ខែកញ្ញា បាន​លើកឡើង​ថា កន្លងមក មានការ​ចម្លងជំងឺ​ផ្តាសាយ​ធំ​នៅ​តាម​វត្ត​អារាម ដូចជា នៅ​ខេត្តតាកែវ ត្បូងឃ្មុំ និង​ខេត្តបាត់ដំបង ដែល​មាន​ព្រះសង្ឃ​ជាច្រើន​អង្គ​ មាន​អាពាធ​ដោយមាន​រោគសញ្ញាក្តៅ​ព្រះ​កាយ​លើស​ពី៣៧,៥អង្សា ក្អក និង​ហៀរសំបោរ​ជាដើម។ 

ករណីនេះ លោក​រដ្ឋមន្ត្រី បាន​ក្រើនរំឭក​ជាថ្មីប្រគេន​ដល់​ព្រះសង្ឃ គណៈកម្មការ​វត្ត និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្ត​ទុកដាក់​ពង្រឹង​វិធានការ​អនាម័យ ដើម្បី​ការពារ​ព្រះ​កាយ ការពារ​ខ្លួន និង​ក្រុម​គ្រួសារ ពី​ការ​ចម្លង​វីរុស​កូ​វីដ១៩ ការ​ចម្លង​គ្រុនផ្តាសាយ​ធំ និង​ការ​ចម្លង​ជំ​ងឺ​ផ្សេង​ៗទៀត។

ក្នុង​លិខិត​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុ​នហេង បាន​ណែនាំ​នូវ​វិធាន​កា​រសាម​ញ្ញៗ​មួយចំនួន ដើម្បី​ការពារ​ការ​ចម្លងជំងឺ​ផ្តាសាយ​ធំនិង​វី​រុ​សផ្សេង​ៗ ដូចជា រក្សា​អនាម័យ​ដៃ​ស្អាត​ជានិច្ច និង​អនាម័យ​ចំណីអាហារ​ ពាក់​ម៉ាស់​ក្នុងករណី​ចាំបាច់ ជាពិសេស​ពេល​ចូល​ទៅកាន់​វត្តអារាម​ដែល​មាន​មនុស្ស​ច្រើន និង​រក្សា​គម្លាត​សុវត្ថិភាព។

លោក​បាន​គូសបញ្ជាក់​ថា៖ «ព្រះសង្ឃ​អាពាធឬបុគ្គល​ឈឺ មា​ន​រោគសញ្ញា​ផ្តាសាយឬមិន​ស្រួលខ្លួន ត្រូវ​សម្រាក​នៅក្នុង​កុដិ​ឬនៅ​ក្នុង​ទីក​ន្លែង​ដាច់ដោយឡែក ដោយ​មិន​ត្រូវ​ចូលរួម​ក្នុង​ពិធី​ជួបជុំ​ក្នុង​សាលាឆាន់ឬទទួល​ទេយ្យវត្ថុ​នៅក្នុង​ទីកន្លែង​ណាមួយ​នៃ​វត្តអារាម ដែល​អាច​បង្ក​ឱ្យ​មានការ​ចម្លង​បន្តគ្នា​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​ទៀត»។

ស្រប​ពេល​គ្នា​នេះ​ដែរ នៅ​ខេត្ត​បន្ទាយមានជ័យ ក៏​មាន​ករណី​ព្រះសង្ឃ​ជាង២០អង្គ គង់នៅ​វត្ត​បឹង​ប្រស់ ឃុំ​ភ្នំតូច ស្រុក​អង្គរបុរី មាន​អាពាធ ដោយមាន​រោគសញ្ញា​គ្រុនក្តៅ ឈឺក្បាល វិលមុខ និង​ពិបាក​ដកដង្ហើម ចាប់តាំងពី​ថ្ងៃទី១៣ ខែកញ្ញា ផង​ដែរ។ 

អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី មានប្រសាសន៍​នៅ​ថ្ងៃអង្គារ​នេះ​ថា តាម​ការពិនិត្យ​របស់​ក្រុម​គ្រូពេទ្យ ព្រះសង្ឃ​ទាំងនោះមាន​អាពាធ​គ្រុនផ្តាសាយ​ធម្មតា​ប៉ុណ្ណោះ។

តែ​យ៉ាងណា លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្តនឹង​បន្ត​អនុវត្ត​តាម​ការណែនាំ​របស់ក្រ​សួង ក្នុង​ការចូលរួម​ទប់ស្កាត់​ការ​ចម្លងជំងឺ​ផ្តាសាយ​ធំនិង​ជំងឺឆ្លង​ផ្សេងទៀត។

លោក​ថា៖ «យើង​បាន​រៀបចំ​ហើយ យើង​ចុះទៅ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ពួក​គាត់​ហើយ ផ្តល់​មុង អាល់កុល មាន​ជែល មាន​សាប៊ូ ហើយក៏​ថ្នាំ​បាញ់​ [សម្លាប់​មេរោគ​] ជូន​គាត់​ហើយ»។

ចំណែកអនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង លោក អ៊ុ​ក វិទ្យា មានប្រសាសន៍​នៅ​ថ្ងៃអង្គារ​នេះ​ថា ព្រះសង្ឃ​ទាំង៤៦អង្គដែល​មាន​អាពាធ​ដោយមាន​រោគសញ្ញាក្តៅ​ព្រះ​កាយ​លើស​ពី៣៧,៥អង្សា ក្អក និង​ហៀរសំបោរ​នោះ មាន​ភាព​ធូរស្រាល​ឡើងវិញ ហើយ​បើ​តាម​លទ្ធផល​វិភាគ​ពី​មន្ទីរពិសោធន៍​បង្ហាញថា ជា​ជំងឺ​ផ្តាសាយ​ធំ មិនមែន​ជា​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩នោះ​ទេ។

លោក​បន្ត​ថា តាមរយៈ​ការណែនាំ​របស់ក្រ​សួង​នេះ អាជ្ញាធរ​ខេត្តនឹង​ពង្រឹង​វិធានការ​សុខាភិបាល​បន្ថែម​ទៀត ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ចម្លងជំងឺ​ផ្តាសាយ​ធំនិង​ជំ​ងឺ​ផ្សេង​ៗ។ 

លោក​បាន​ថ្លែង​ថា៖ «យើង​អនុវត្ត​អ្វីក៏ដោយគឺ​តាម​ការណែនាំ​របស់ក្រ​សួង ត្រូវ​រក្សា​គម្លាត ប្រកាន់​ខ្ជាប់​នូវ​អនាម័យ លាងដៃ​នឹង​សាប៊ូ​និង​ទឹក ព្រោះ​យើង​ដឹង​ថា ជំងឺ​ផ្តាសាយមានការ​ចម្លង​លឿន​ណាស់»។

កាលពីដើម​ខែកញ្ញា​នេះ អ្នកជាប់ឃុំ​ចំនួន១៤៧នាក់នៅក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ មាន​អាការ​ក្តៅ​ខ្លួន​ខ្លាំង ក្អក និង​ហៀរសំបោរផង​ដែរ ហើយ​ករណីនេះ ត្រូវ​បាន​មន្ត្រី​សុខាភិបាលបញ្ជាក់​ថា ពួក​គេ​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​ធំ (Influenza A)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ