វិភាគ​៖ មូល​ហេតុ​​យុវជន​​ថៃ​​ហ៊ាន​​ប្រឆាំង​​អំណាច​​ស្តេច​​និង​​រដ្ឋា​ភិបាល​​

ក្រុមបាតុករថៃធ្វើបាតុកម្មតវ៉ាទាមទារឱ្យលោក​នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចុះចេញពីតំណែង នៅមុនទីបញ្ជាការដ្ឋានកងទ័ពថៃ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។ (REUTERS/Jorge Silva)

ក្រុម​យុវជន​ថៃ​នៅ​តាម​សាកលវិទ្យាល័យនិង​នៅ​តាម​វិទ្យាល័យ​ កំពុងតែ​ធ្វើ​ចលនា​តវ៉ា​កក្រើក​ជាថ្មី​ទៀត ក្នុង​ការ​ប្រឆាំង​រដ្ឋាភិបាល​កើត​ចេញពី​ក្រុម​យោធានិងទាមទារ​ឱ្យ​កាត់បន្ថយ​អំណាច​ក្សត្រ បើ​ទោះជា​ពួក​គេ​ដឹង​ថា ការ​តវ៉ា​នេះ​អាច​ប្រឈម​ការ​បង្ក្រាប​និង​សម្លាប់ដូច​ហេតុការណ៍​នៅ​ឆ្នាំ១៩៧៦និង១៩៩២ក៏ដោយ។

ចលនា​របស់​សិស្ស​-និស្សិត​ថៃ​ងើប​តវ៉ា​ជាថ្មី​ចាប់ពី​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ២០២០នេះ ដើមហេតុ​ដំបូង​ត្រឹម​ក្រុម​និស្សិត​រាប់​រយ​នាក់​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​ ប្រា​យុទ្ធ ចាន់​អូ​ចា ចុះចេញ​ពី​តំណែង​ ហើយ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ដោយ​ពួក​គេ​ចោទ​ថា រដ្ឋាភិបាល​នេះ ឡើង​កាន់​តំណែង​ដោយ​ការបោះឆ្នោត​មិន​ត្រឹមត្រូវ និង​មិន​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ពិសេស​ក្នុងអំឡុងពេល​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩នេះ។

ក្រោយមក​ទៀត ទើប​មានការ​ទាមទារ​ឱ្យធ្វើ​កំណែទម្រង់​អំណាច​ក្សត្រ ដែល​ក្នុង​ច្បាប់កំណត់​ដាក់​ទោស​អ្នករិះគន់​ក្សត្រ​ ត្រូវ​ជាប់ពន្ធ​នា​គារ​រហូតដល់១៥ឆ្នាំ។ ថៃ​ជា​សង្គម​ដែល​សហគមន៍​អន្តរជាតិ​ដឹងឮ​ថា ពលរដ្ឋ​គោរព​ឱ្យ​តម្លៃ​ខ្ពស់​ដល់​ក្សត្រ ហើយ​អំណាច​ក្សត្រ​ថៃ​មាន​ឥទ្ធិពល​ខ្លាំង តែ​ពេលនេះ សិស្សនិស្សិត​ចេញ​តវ៉ា​ប្រឆាំង​ដោយ​បើកចំហ​ទៅវិញ។

ក្រោយ​ការ​ចេញ​តវ៉ា​របស់​និស្សិត​នៅ​តាម​សាកលវិទ្យាល័យ​មួយ​រយៈ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក Nataphol Teepsuwan ចេញ​សារ​ព្រមានដល់​សិស្ស​នៅ​តាម​វិទ្យាល័យ ​មិន​ឱ្យ​ប្រើប្រាស់​បណ្តាញ​សង្គមចូលរួម​សកម្មភាព​តវ៉ាឬរិះគន់​ក្សត្រ​នោះ​ទេ។

ក្រោយ​ចេញ​សារ​ព្រមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ហើយ​ភ្លាម ចលនា​សិស្ស​នៅ​តាម​វិទ្យាល័យ​ក៏​ផ្ទុះឡើង​ទៀត ដោយ​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​រូប​នេះចុះចេញ​ពី​តំណែង ហើយ​ពួក​គេ​ក៏​ធ្វើ​ចលនា​ទាមទារ​ដូច​និស្សិត​នៅ​តាម​សាកលវិទ្យាល័យ​ដែរ។

សិស្ស​ឈ្មោះ Supicha Chailom អាយុ១៨ឆ្នាំ ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ពេល​ចេញ​តវ៉ា​កាលពី​ថ្ងៃទី៥ ខែកញ្ញា​ថា ពួក​គេ​ត្រូវការ​សិទ្ធិ​សេរីភាព។

Supicha Chailom៖ «រដ្ឋមន្ត្រី​ក្រសួង​អប់រំ​កំពុងតែ​ធ្វើ​ឱ្យ​យើង​ក្លាយជាអាយ៉ង​ឬឧបករណ៍​ត្រូវ​គេ​ប្រើប្រាស់។ យើង​មិនមែន​ជា​ប្រព័ន្ធ​គ្រឿងម៉ាស៊ីន​ទេ។ យើង​ជា​យុវជន​ត្រូវការ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​គំនិត​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​ពួក​យើង»។

នេះ​មិនមែន​ជា​ចលនា​ថ្មី​ទេ​នៅក្នុង​ប្រទេស​ថៃ គឺ​ពីអ​តី​តកាល​មក ​សិស្ស​និស្សិត​ចេញមុខ​តវ៉ា​ជាបន្តបន្ទាប់។ ក្នុង​ការ​តវ៉ា​កន្លងមក​នោះ ព្រឹត្តិ​ការណ៍​ធំ២​ដែល​កងកម្លាំង​បាន​បង្ក្រាប​និង​សម្លាប់​លើ​ក្រុម​សិស្ស​និស្សិត​ក្នុង​ពេល​តវ៉ា​ គឺ​កើតឡើង​ក្នុង​ឆ្នាំ១៩៧៦និង១៩៩២។

នៅ​ឆ្នាំ១៩៧៦ និស្សិត​នៅ​សាកលវិទ្យាល័យ​ធម្ម​សាត ​(Thammasat​) បាន​រៀបចំ​ការ​តវ៉ា​ប្រឆាំង​លើ​ការសម្រេច​របស់​ក្សត្រ​ដែល​រៀបចំ​ឱ្យ​លោក Thanom Kittikachorn វិល​ចូលកាន់​តំណែង​ជានា​យក​រដ្ឋមន្ត្រី​វិញ។ និស្សិត​បញ្ញ​វន្ត​ថៃ​នៅពេល​នោះ​ចាត់ទុក​លោក Thanom Kittikachorn ធ្លាប់​ជា​ជន​ផ្តាច់​ការដែល​ពួក​គេ​មិន​អាច​ទទួលយក​បាន។

ហេតុការណ៍​បង្ក្រាប​នៅ​សាលា​ធម្ម​សាត​ នៅក្នុង​ខែតុលា ​ឆ្នាំ១៩៧៦ របាយការណ៍​រដ្ឋាភិបាល​បង្ហាញថា បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់៤៦នាក់ ប៉ុន្តែ​របាយការណ៍​អ្នកឃ្លាំមើល​ផ្សេងទៀត​ថា អ្នក​ស្លាប់​មានដល់​ជាង១០០នាក់។

ចំណែក​ចលនាមហាជន​នៅ​ឆ្នាំ១៩៩២ ប្រឆាំង​អំណាច​ឧត្តមសេនីយ៍ ដែល​ចូលរួម​ភាគច្រើន​ដោយក្រុម​និស្សិត​បញ្ញ​វន្ត​នៅពេល​នោះ ក៏​រង​ការ​បង្ក្រាប​និង​សម្លាប់រង្គាល​ដែរ។ របាយការណ៍​រដ្ឋាភិបាល​បញ្ជាក់​ថា មាន៥២នាក់​ស្លាប់ ប៉ុន្តែ​អ្នក​ឃ្លាំមើល​អះអាង​ថា សាកសព​និង​អ្នក​តវ៉ា​ផ្សេងទៀត​ត្រូវ​បាន​លើកដាក់​ក្នុង​រថយន្ត​ទ្រុង​ហើយ​ដឹក​ចេញពី​ទីក្រុង​បាងកក។

សួរ​ថា ​ព្រឹត្តិ​ការណ៍​បង្ក្រាប​និង​សម្លាប់​ទាំងនេះ សិស្ស​និស្សិត​ថៃ​បានដឹង​ទេ​? គឺប្រាកដជា​ដឹង​ហើយ​ពួក​គេ​ជា​ក្រុម​និស្សិត​បញ្ញវន្តដែល​មានការ​សិក្សា​ស្រាវជ្រាវ លើស​ពី​ដឹង ​ពួក​គេ​បាន​យក​ហេតុការណ៍​ទាំងនេះថ្លែង​ក្នុង​ពេល​ប្រមូល​ផ្តុំ​ទៀតផង។

មេដឹកនាំ​សិស្ស​មួយ​រូប​ឈ្មោះ Panusaya Sithijirawattanakul បាន​ឡើង​អាន​សេចក្តី​ថ្លែងការណ៍​ដែល​ពួក​គេ​ទាមទារ។ សារ​ដែល​អាន​នៅក្នុង​ហ្វូង​សិស្ស​ផ្សេងទៀត​នេះ ក៏បាន​បញ្ជាក់​ថា ពួក​គេ​ត្រូវការ​សិទ្ធិ​សេរីភាព​ បើ​ទោះជា​ដឹង​ថា ការ​តវ៉ា​នេះ​ប្រឈម​ជាមួយ​ហិង្សា​ឬការ​បង្ក្រាប​ដូច​ហេតុការណ៍​ឆ្នាំ១៩៧៦និង១៩៩២ក៏ដោយ។

តើមាន​មូលហេតុ​អ្វី​បានជា​សិស្សនិស្សិត​ទាំងនេះ មិន​ជ្រើសរើស​យក​ការ​សប្បាយ​នៅកន្លែង​កម្សាន្តឬសប្បាយ​ជាមួយ​គ្រឿងស្រវឹង​តាម​វ័យ​របស់​ពួក​គេ​? បែរជា​ហ៊ាន​ជ្រើសរើស​យក​ការ​ប្រឆាំង​ជាមួយ​អំណាច​ស្តេច​និងរដ្ឋាភិបាល​ដែល​អំណាច​មហិមា​ទៅវិញ​?

បញ្ហា​ជាតិ រឿង​ការ​រីកចម្រើន​របស់​ជាតិ​ គឺជា​បញ្ហា​ចម្បងដែល​ស្ថិតនៅ​ក្នុងចិត្ត​របស់​យុវជន​ថៃ​ដែល​ពួក​គេ​តាមដាន​ការងារ​របស់​រដ្ឋាភិបាល។ យុវជន​ថៃ​ក៏​បង្ហាញ​ការ​មិន​ពេញចិត្ត​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​របស់​ខ្លួន​ មិនបាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​លូតលាស់ ដោយ​ពួក​គេ​ប្រៀបធៀប​ជាមួយ​វៀតណាមដែល​សេដ្ឋកិច្ច​កំពុងតែ​មានការ​ស្ទុះ​រីកចម្រើន​លឿន។

បញ្ហា​ផ្ទាល់ខ្លួន បញ្ហា​ដែល​សេដ្ឋកិច្ច​មិន​រីកចម្រើន​លឿន បូក​ផ្សំ​ជាមួយ​បញ្ហា​សេដ្ឋកិច្ច​សកលលោក​ដែល​កំពុង​រង​ការវាយប្រហារ​ពី​មេរោគ​កូ​វីដ១៩ ក៏​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្រុម​គ្រួសារ​សិស្សនិស្សិត​ថៃ​ទាំងអស់​នេះ​ដែរ។ ចំណែក​បញ្ហា​ចំពោះមុខ​ពួក​គេ​តែម្តង​គឺ បញ្ហាឱកាសការងារនៅពេល​បញ្ចប់​ការសិក្សា។ នៅក្នុង​ហ្វូង​មនុស្ស​នៃ​ការ​តវ៉ា​ ក៏​មានការ​លើកឡើង​ពី​បញ្ហា​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំនេះ ប្រមាណ៥០០ ០០០នាក់ មិន​មានការ​ងារធ្វើ​គ្រប់គ្រាន់​ដែរ។

ដោយសារតែមានអ្នកគាំទ្រការគោរព​សិទ្ធិ​និង​គាំទ្រ​ចលនាសិស្សនិស្សិត​តវ៉ា​នេះ ដែលជាមូលហេតុ​ចម្បង​មួយ​ធ្វើ​ឱ្យ​ចលនា​ពួក​គេ​រលូន​ទៅមុខ​និង​មាន​ឥទ្ធិពល។ អ្នកគាំទ្រ​អាច​ពីក្រុម​គ្រួសារ មិត្ត​ភក្តិ និង​ជា​លក្ខណៈ​ស្ថាប័ន។

រដ្ឋាភិបាល​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ដោយសារតែ​មិន​អាច​ទប់​ចលនារបស់​សិស្សនិស្សិតដោយ​ផ្ទាល់​បាន ពួក​គេ​ក៏បាន​ណែនាំ​ទៅ​សាលារៀនឱ្យ​រក​វិធីសាស្ត្រ​ហាមឃាត់​កុំឱ្យ​សិស្សនិស្សិត​ទាំងនេះចេញ​ធ្វើសកម្មភាព​តវ៉ា។

ទោះ​សាលា​ស្ទើរ​ទាំងអស់​នៅ​ថៃ​ជា​សាលា​ដែល​ទទួលបានការ​គាំទ្រ​ពីរ​ដ្ឋ​ក៏ដោយ ក៏​ពួក​គេ​ទាមទារ​សិទ្ធិ​ឯករាជ្យ​ក្នុង​ការសម្រេច ដោយ​មិន​ធ្វើអ្វី​តាមតែ​ការសម្រេច​ចង់បាន​របស់​រដ្ឋាភិបាល​នោះ​ទេ។

លោក Anusorn Unno សាស្ដ្រាចារ្យ​នៅ​សាកល​វិទ្យាល័យ Thammasat ដែល​បាន​ចូលរួម​ជាមួយ​បណ្ឌិត្យសភា​ជាង១០០នាក់​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដែល​បញ្ជាក់​ជំហរ​គាំទ្រ​ដល់​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​សិស្សនិស្សិត ដែល​ថា ការ​ទាមទារ​បែបនេះ​មិន​មាន​អ្វី​ខុសឆ្គងប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​នោះ​ទេ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ ​លោក Anucha Burapachaisri ថ្លែង​ថា ជា​ជំហរ​របស់​រដ្ឋាភិបាល​មិនបាន​ព្យាយាម​រារាំង​សកម្មភាព​តវ៉ា​របស់​សិស្សនិស្សិត​នោះ​ទេ។ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​ប្រើប្រាស់​ច្បាប់ ដើម្បី​គ្រប់គ្រង​មិន​ឱ្យ​មានការ​រីក​រាល​ដាលនៃ​អំពើ​ហិង្សា​។

ទោះ​យ៉ាងណាក៏ដោយ​ តាម​ផែនការ​របស់​ក្រុម​សិស្សនិស្សិត​បញ្ជាក់​ថា បើ​មិន​មានការ​ឆ្លើយ​ឱ្យ​សមស្រប​ណាមួយ​តាម​ការ​ទាមទារ​របស់​ពួក​នោះ​ទេ ពួក​គេ​នឹង​រៀបចំ​ការ​ជួបជុំ​មួយ​នៅមុខ​វិមាន​នាយក​រដ្ឋមន្ត្រី​ នៅ​ថ្ងៃទី១៩ ខែកញ្ញា​ខាងមុខនេះ ដែល​មាន​អ្នកចូលរួម១០០ ០០០នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ