រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន៦,២៥លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក សម្រាប់អនុវត្តកម្មវិធីសុខាភិបាល អប់រំ កសិកម្ម និងបរិស្ថាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពី ការបន្ថែមហិរញ្ញប្បទានក្នុងកិច្ចព្រមព្រៀងវិសោធនកម្មស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាលកម្ពុជានិងសហរដ្ឋអាមេរិក ដែលបានផ្សព្វផ្សាយកាលពីថ្ងៃម្សិលមិញ បានលើកឡើងថា ហិរញ្ញប្បទានថ្មីនេះគឺបន្ថែមទៅលើហិរញ្ញប្បទានប្រមាណជា៥៦លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ តាមរយៈ USAID ដើម្បីអនុវត្តកម្មវិធីនានាក្នុងវិស័យសុខភាព អប់រំ បរិស្ថាន និងកសិកម្ម។
សេចក្តីប្រកាសព័ត៌មានបន្តថា៖ «ក្នុងនោះរួមមានទឹកប្រាក់ចំនួន១លានដុល្លារអាមេរិក សម្រាប់កម្មវិធីសុខាភិបាលនិងអប់រំ និងចំនួន៥,២៥លានដុល្លារអាមេរិក សម្រាប់កម្មវិធីកសិកម្មនិងបរិស្ថាន»។
ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះ ត្រូវបានធ្វើឡើងតាមរយៈការចុះហត្ថលេខារវាងលោក ជិន ប៊ុនស៊ាន អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Veena Reddy ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID) កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនអាមេរិកដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាពនិងបរិយាប័ន្ន និងបានចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា៕