ស្ថាបនិកមាតាធម្មជាតិ បានអះអាងថា ហ្វេសប៊ុកផេក(Facebook Page) របស់ខ្លួន ត្រូវបានគេចូលលុកលុយ បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនសកម្មជនមាតាធម្មជាតិ ៣នាក់ កាលពីដើមខែនេះ ដោយក្នុងចំណោមពួកគេ មានម្នាក់ជាអ្នកគ្រប់គ្រងហ្វេសប៊ុកផេកនោះ។
យុវជនបរិស្ថានទាំង៣នាក់នេះ រួមមាន លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវអាជ្ញាធររាជធានីភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី៤ ខែកញ្ញា ដោយអាជ្ញាធរចោទប្រកាន់ថា ពួកគេបានផ្សព្វផ្សាយព័ត៌មានខុសច្បាប់ និង មានបំណងជួប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញក្តីកង្វល់ជុំវិញការលុបបឹងតាមោក។
លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson ) ដែលត្រូវបាននិរទេសចេញកាលពីឆ្នាំ២០១៥ និងត្រូវបានរារាំងមិនឱ្យចូលប្រទេសកម្ពុជាវិញនោះ បាននិយាយថា លោកបានដឹងថាហ្វេសប៊ុកផេករបស់មាតាធម្មជាតិ (Mother Nature Cambodia) ត្រូវបានគេលុកលុយចូលនៅថ្ងៃទី៤ ខែកញ្ញា ខណៈដែលលោកបានឃើញក្នុងអ៊ីម៉ែលពីការដករូបលោកចេញពីការគ្រប់គ្រងផេកមាតាធម្មជាតិនេះ។
សកម្មជនដែលមានមូលដ្ឋាននៅប្រទេសអេស្បាញរូបនេះ បាននិយាយថា លោកបានទទួលអ៊ីម៉ែល នៅម៉ោង ១:២០នាទីព្រឹក ម៉ោងក្រុងស្រុកដែលរស់នៅ ក្រោយមួយថ្ងៃដែលសកម្មជនមាតាធម្មជាតិ ៣នាក់ ត្រូវបានជាប់ខ្លួន ខណៈពួកគេថតវីដេអូឃ្លីបអំពាវនាវឱ្យមានការអភិរក្សបឹងតាមោក។
លោក អាឡិច បានដាក់ការសង្ស័យថា សកម្មជនទាំងនោះ ត្រូវបានអាជ្ញាធរគំរាមកំហែង ឬបង្ខំឱ្យផ្តល់លេខកូដសម្ងាត់ហ្វេសប៊ុកផេកមាតាធម្មជាតិដល់ពួកគេ។
លោកបន្តថា លោកបានដាក់សំណើរទៅកាន់ក្រុមហ៊ុនហ្វេសប៊ុក ដើម្បីបិទផេកមាតាធម្មជាតិ និងផេកផ្ទាល់ខ្លួនរបស់សកម្មជន៣នាក់នោះជាបណ្តោះអាសន្ន។
លោក អាឡិច ថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ២ទៅ៣សប្តាហ៍ទៀត ខ្ញុំអាចគ្រប់គ្រងផេកមាតាធម្មជាតិបានឡើងវិញហើយ»។
តាមរយៈអ្នកតំណាងទំនាក់ទំនងសាធារណៈនៅកម្ពុជា ក្រុមហ៊ុនហ្វេសប៊ុក បាននិយាយថា ខ្លួនទទួលបានការស្នើសុំពីតួអង្គសិទ្ធិមនុស្សរូបនោះហើយ ដើម្បីផ្អាកហ្វេសប៊ុកផេកមាតាធម្មជាតិ ជាបណ្តោះអាសន្ននេះ។ ក្រុមហ៊ុនហ្វេសប៊ុក បានបន្តថា ខ្លួនបានធានាសុវត្ថិភាពហ្វេសប៊ុកផេកមាតាធម្មជាតិ ទៅតាមនីតិវិធីដូចគ្នា ពេលដែលហ្វេសប៊ុកផេកមួយត្រូវបានគេលួចចូល។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា មានប្រសាសន៍ថា លោកមិនបានដឹងច្បាស់អំពីករណីមានការលួចចូលផេករបស់មាតាធម្មជាតិនេះទេ ប៉ុន្តែជាទូទៅ មន្ត្រីជំនាញនឹងរឹបអូសភ័ស្តុតាងទាំងអស់ ដែលពាក់ព័ន្ធបទល្មើស រួមទាំងផ្នែកបច្ចេកវិទ្យា ហើយតុលាការធ្វើការស៊ើបអង្កេតលើករណីនេះ។
វីអូឌី មិនទាន់អាចធ្វើការឆ្លើយតបពីប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ លោក ជា ពៅ បាននៅឡើយទេ។
ជាមួយគ្នានេះដែរ លោក អាឡិច ក៏បានកត់សម្កាល់ឃើញដែរថា បន្ទាប់ពីផេកផ្លូវការរបស់មាតាធម្មជាតិ ត្រូវបានគេលួចចូល ក៏មានហ្វេសប៊ុកផេកចំនួនពីរ ត្រូវបានគេបង្កើតឡើង ដើម្បីព្យាយាមបន្លំឈ្មោះផេកមាតាធម្មជាតិនេះដែរ រួមមាន ផេកឈ្មោះ បិតាធម្មជាតិកម្ពុជា (Father of Nature Cambodia) ដែលមានអ្នកតាមដានផេក(Follower)ចំនួន ១,៤៤៧នាក់ និងផេកមួយទៀតឈ្មោះ មាតានៃធម្មជាតិកម្ពុជា (Mother of Nature Cambodia) ដែលមានអ្នកតាមដានផេកចំនួន ៧០៨នាក់។
លោកបន្តថា ផេកក្លែងបន្លំទាំងពីរនេះ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៧ និងទី១៨ ខែមិថុនាដោយមានប្រូហ្វាល់ (Profile) ដូចរូបនិមត្តិសញ្ញា(Logo) របស់ផេកមាតាធម្មជាតិ។
លោក អាឡិច បានចាត់ទុកផេកក្លែងបន្លំទាំងពីរនេះ ថាជា «ប្រេងឆៅ» ដោយលោករំពឹងថា ក្រុមហ៊ុនហ្វេសប៊ុក នឹងលុបគណនីនោះចោល។
គណនីហ្វេសប៊ុកក្លែងបន្លំទាំងពីរនោះ បានបញ្ចេញសកម្មភាពថ្ងៃចន្ទ សប្តាហ៍មុន ប៉ុន្តែមិនមានផុសព័ត៌មានអ្វីទេ ចាប់តាំងពីថ្ងៃទី១ ខែកញ្ញាមក។
ផ្អែកលើតំណភ្ជាប់ក្នុងប្រព័ន្ធGoogle searches បានឱ្យដឹងថា ហ្វេសប៊ុកផេកពិតរបស់មាតាធម្មជាតិ មានអ្នកតាមដាន(follow)ជាង ៣៥៣ ០០០នាក់ ដោយ លោក អាឡិច បាននិយាយនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី០៥ ខែកញ្ញាថា វីដេអូរបស់ក្រុមមាតាធម្មជាតិបានផលិតកន្លងមក មានអ្នកចុចចូលមើលជាង ២០លានដងក្នុងរយៈពេល ៤ឆ្នាំកន្លងមក។
ក្នុងចំណោមយុទ្ធនាការរបស់ក្រុមសកម្មជនមាតាធម្មជាតិ នាពេលកន្លងមក ពួកគេបានធ្វើការរិះគន់ជាបន្តបន្ទាប់ដល់ក្រុមហ៊ុនបូមខ្សាច់ នៅខេត្តកោះកុង ចំពោះការនាំចេញមុនការសម្រេចចិត្តរបស់ប្រទេសកម្ពុជាក្នុងការហាមឃាត់ការនាំចេញខ្សាច់ដោយហេតុផលបរិស្ថាន៕
រាយការណ៍បន្ថែមដោយ Danielle Keeton-Olsen