នាយករដ្ឋមន្ត្រីអំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុង​​ប្រយ័ត្ន​​ភ្លើង​​ទៀន​និង​ធូប​​ក្នុង​​​ថ្ងៃ​​​​ភ្ជុំ​បិណ្ឌ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បាន​ក្រើន​រំលឹក​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់ ប្រុង​ប្រយ័ត្ន​​​​ចំពោះគ្រោះអគ្គិភ័យ ដែល​អាច​បណ្តាលមកពីការអុជទៀន ធូប ក្នុង​ពិធី​កាន់​បិណ្ឌ និង​​ភ្ជុំ​បិណ្ឌនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានលើកឡើងក្នុងហ្វេសហ៊ុករបស់លោកថា ថ្ងៃ​នេះ​ជា​ថ្ងៃ​​កាន់​បិណ្ឌ​​​ទី១៤ និង​ថ្ងៃស្អែក​ជា​ថ្ងៃ​បុណ្យភ្ជុំធំ ដែល​ករណី​នេះ លោក​អំពាវ​នាវ​​ដល់​ប្រជាពលរដ្ឋ​​មាន​​ការ​​​ប្រុង​ប្រយ័ត្នខ្ពស់​ចំពោះ​អគ្គិភ័យ ដែល​អាច​បណ្តាល​មក​ពី​ការ​ដុត​ធូប ទៀន នៅ​តាម​ទី​កន្លែង​សក្ការៈ​បូជា​ផ្សេងៗ។

លោកក៏បានបន្តណែនាំដល់​អាជ្ញាធរ​នៅ​តាម​បណ្តា​ខេត្ត​នានា​ ជួយ​សម្រួល​ចរា​ចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ឱ្យ​​បាន​ល្អ ដើម្បី​បង្ក​ភាព​កាន់​តែ​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ និង​អ្នក​​ទេសចរ​បាន​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។

ជាមួយគ្នានេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ក៏បានអំពាវនាវ​ដល់ប្រជាពលរដ្ឋ បន្ត​យក​ចិត្ត​ទុក​ដាក់​​ការ​ពារ​ខ្លួន​ពីការ​ចម្លង​ជំងឺ​កូវីដ​១៩ ដោ​យការ​រក្សាអនាម័យ​ខ្លួន​ប្រាណ និងការ​​បន្ត​ពាក់​ម៉ាស់​ការ​ពារ ជាពិសេស​ក្នុង​ពិធី​បុណ្យ​ដែល​មាន​មនុស្ស​ចូ​ល​រួម​ច្រើន។

ការក្រើនរំលឹករបស់លោកនាយករដ្ឋមន្ត្រី បានធ្វើ​ឡើងស្រប​ពេល​ដែលមានករណី​គ្រោះ​​អគ្គិ​ភ័យ​មួយ​បានកើតឡើង លើសាលាឆាន់​មួយ នៅវត្ត​ក្រាំង​ស្លា ស្ថិត​ក្នុង​ភូមិ​វល្លិ​យាវ ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង កាលពី​ម៉ោង​ប្រមាណ ៣:៣០នាទី​ទាប​ភ្លឺ​ ថ្ងៃទី​១៦ ខែ​កញ្ញា​នេះ។

នាយកដ្ឋាននគរបាល​បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​​ជាតិ បានឱ្យដឹង​ក្នុងទំព័រ​ហ្វេស​ហ៊ុកថា ករណី​អគ្គិភ័យឆេះសាលា​ឆាន់នេះ បង្ក​ដោយ​សារ​​ភ្លើង​ទាន បណ្តាល​ឱ្យ​ឆេះ​ធុង​សម្រាប់​ដាក់​លុយ​ពិសាខ​បូជា ចំនួន​ ០៤​​ធុង អង្ករ​ចំនួន ១០​តៅ និង​សម្ភារៈ​មួយចំនួនទៀត ដោយ​ពុំបង្ក​ឱ្យ​មាន​មនុស្ស​រង​គ្រោះ​ក្នុងហេតុ​ការណ៍នេះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ