ជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់បានសម្លាប់ក្មេងស្រីម្នាក់

សកម្មភាពអាជ្ញាធរខេត្តព្រះសីហនុសង្គ្រោះពលរដ្ឋពីជំនន់ទឹកភ្លៀងនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០។ រូបពីរដ្ឋបាលខេត្តព្រះសីហនុ

យ៉ាងហោចណាស់ក្មេងស្រីអាយុជាងមួយខួបម្នាក់បានស្លាប់ ដោយសារជំនន់ទឹកភ្លៀងនៅក្នុងស្រុកព្រៃនប់ កាលពីថ្ងៃ១៨ ខែកញ្ញាម្សិលមិញនេះ ខណៈប្រជាពលរដ្ឋជិត២០០០នាក់ត្រូវជម្លៀសទៅរកទីតាំងមានសុវត្ថិភាព។​

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់វីអូឌីនៅថ្ងៃនេះថា តាមរបាយការណ៍បឋម ជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់ បណ្តាលប៉ះពាល់ឃុំចំនួន៤ ហើយលិចផ្ទះប្រជាពលរដ្ឋចំនួន៤៧២គ្រួសារ និងមនុស្សសរុប១៩៨៨នាក់។ លោកបន្តថា ជំនន់ទឹកភ្លៀងនេះ បានសម្លាប់ក្មេងស្រីអាយុ១ខូបកន្លះផងដែរ។

ឃុំដែលប៉ះពាល់នោះរួមមាន ឃុំព្រៃនប់ ឃុំទួលទទឹង ឃុំអណ្តូងថ្ម  និងឃុំសំរ៉ុង ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដោយឡែក  ឃុំសាមគ្គី ស្ថិតនៅស្រុកព្រៃនប់ ទឹកលិចផ្លូវលំអភិវឌ្ឍន៍បឹងរាំង ព្រែកក្រាញ់ ចំនួន៤កន្លែងប្រវែងជាង៥០០ម៉ែត្រ កម្ពស់ទឹកប្រហែល៧០សង់ទីម៉ែត្រ ហើយម៉ូតូមិនអាច​ធ្វើចរាចរណ៍បាននោះទេ។

អ្នកនាំពាក្យរូបនោះបញ្ជាក់ថា បច្ចុប្បន្ននេះ អភិបាលខេត្តលោក គួច ចំរើន បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបញ្ជូនកម្លាំង៣ រួមមាន កម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងកម្លាំងប្រតិបត្តិការសឹករងខេត្តព្រះសីហនុចុះជួយសង្គ្រោះ និងអន្តរាគមន៍នៅតាមគោលដៅទទួលប្រជាពលរដ្ឋរងគ្រោះនៅតាមឃុំនីមួយៗ។

ចំណែក ចំនួនប្រជាពលរដ្ឋដែលត្រូវសមត្ថកិច្ចជួយសង្គ្រោះបានចំនួនប៉ុន្មាននាក់ គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា វេលាម៉ោង១២ថ្ងៃត្រង់នេះ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ អះអាងថា សមត្ថកិច្ចកំពុងស្រង់ស្ថិតិ ហើយថានឹងជំរាបជូននៅពេលក្រោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ