លោក ​សម រង្ស៊ី ប្តេជ្ញាជាថ្មីថានឹងវិលមកកម្ពុជាវិញដើម្បីផ្លាស់ប្តូរមេដឹកនាំថ្មី

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ

អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ប្រកាសជាថ្មីទៀតថា នឹងវិលត្រឡប់មកកម្ពុជាវិញ នាពេល     ឆាប់ៗខាងមុខនេះ ដើម្បីកែនកម្លាំងអ្នកគាំទ្របក្សប្រឆាំងផ្តួលរំលំលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

លោក សម រង្ស៊ី ថ្លែងបែបនេះ ក្នុងវីដេអូខ្លីបជិត៥នាទីថា លោកប្តេជ្ញា​ចិត្តថានឹងធ្វើមាតុភូមិនិវត្តមកកម្ពុជាវិញនាពេលឆាប់នេះ ប៉ុន្តែលោកអំពាវនាវទៅប្រជាពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិ នាំគ្នាប្រមូលផ្តុំផ្តួលរំលំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលោកចោទលោកនាយករដ្ឋមន្ត្រីបច្ចុប្បន្នថា «ជាជនក្បត់ជាតិ»។

លោកថ្លែងបែបនេះថា៖ «ខ្ញុំនឹងត្រឡប់ទៅប្រទេសកម្ពុជានៅពេលឆាប់ៗខាងមុខនេះ ប៉ុន្តែខ្ញុំមិនប្រាប់ទេ ទៅដល់គឺទៅដល់តែម្តង ហើយសុំបងប្អូនត្រៀមខ្លួន ខ្ញុំទៅដល់ពេលណាសូមបងប្អូនរួមកម្លាំងជាធ្លុងមួយឲ្យបានធំៗឡើង ដើម្បីកម្ចាត់របបក្បត់ជាតិ ហ៊ុន សែន ត្រូវកម្ចាត់ឲ្យបាន យើងមិនបណ្តោយឲ្យលោក សែន បំផ្លាញជាតិយើងទេ»

លោក សម រង្ស៊ី ក៏បានរំលឹកពីព្រឹត្តិការណ៍កាលពីមុនថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកបានទិញសំបុត្រយន្តហោះធ្វើដំណើរមកកម្ពុជានៅថ្ងៃ៩វិច្ឆិកាដែរ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន បាន​បញ្ជាទៅក្រុមហ៊ុនអាកាសចរណ៍កុំដឹកលោក សម រង្ស៊ី ចូលមកកម្ពុជាតាមជើងហោះហើរនោះ។ ព្រមទាំងប្រាប់លោកនាយករដ្ឋមន្ត្រីថៃ មិនឲ្យលោក សម រង្សី ឆ្លងកាត់ទឹកដីគោក ពីប្រទេសថៃចូលមកកម្ពុជាជាដើម។

ករណីនេះ លោក សម រង្ស៊ី អះអាងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខ្លាចរូបលោក វិលចូលស្រុកវិញ ហើយមាន កម្លាំងប្រជារាស្ត្រគាំទ្រច្រើនជាងលោក ហ៊ុន សែន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនជឿថាលោក សម រង្ស៊ី ត្រឡប់មកកម្ពុជាវិញនោះទេ។ លោកបន្តថា បើសិនជាលោក សម រង្ស៊ី វិលត្រឡប់មកសមត្ថកិច្ចនឹងចាប់ខ្លួនដាក់ពន្ធនាគារតាមដីការបស់តុលាការ។

លោកមានប្រសាសន៍ថា៖«បើសិនជាមកជាន់ទឹកដីកម្ពុជាមានតែខ្នោះទេ ស្វាគមន៍គាត់ យកដាក់ពន្ធនាគារណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះជននេះមានសាលដីកាចាប់ខ្លួនរួចហើយ»

អ្នកនាំពាក្យនាំពាក្យអាកាសចរស៊ីវិលកម្ពុជា លោក ជា អូន កាលពីថ្ងៃទី១វិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរចំនួន៤៧ ត្រូវបានរងការព្រមានថា អាចមានទោសទណ្ឌបើហ៊ានដឹកលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដ៏ទៃទៀតចូលមកស្រុកខ្មែរ នៅថ្ងៃទី៩វិច្ឆិកា      ឆ្នាំដដែលនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ