អាជ្ញាធរ​ខេត្ត​បាត់ដំបង​ណែនាំ​ឲ្យ​រមណីយដ្ឋាន​តាម​ខ្សែ​ទឹក​ហូរ​ផ្អាក​ដំណើរការ​បណ្ដោះ​អាសន្ន

សេចក្តីជូនដំណឹង​ របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ កញ្ញា ២០២០ (រូបភាពពី ផេកមន្ទីរទេសចរណ៍ខេត្តបាត់ដំបង)

អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា រមណីយដ្ឋាន​ស្ថិត​តាម​ខ្សែ​ទឹក​ហូរ​នានា​នៅ​ក្នុង​ស្រុក​យ៉ាង​ហោច​ណាស់​ចំនួន ៣​នៅ​ក្នុង​ខេត្ត​នេះ ត្រូវ​បាន​ជូន​ដំណឹង​ឲ្យ​ផ្អាក​ដំណើរ​ការ​អាជីវកម្ម​ជា​បណ្ដោះ​អាសន្ន​ ខណៈ​មាន​ក្ដី​បារម្ភ​ពី​ការ​ហក់​ឡើង​យ៉ាង​លឿន​នៃ​ជំនន់​ទឹក​ភ្លៀង​នា​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។

ក្នុង​សេចក្តីជូនដំណឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង បាន​សម្រេច​ណែនាំ​​ទៅ​ម្ចាស់​រមណីយដ្ឋាន​នានា​ស្ថិត​នៅ​តាម​ជ្រោះ​ជ្រលង​ភ្នំ ដង​ស្ទឹង និង​បឹងបួរ ឲ្យ​ផ្អាក​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​ជា​បណ្ដោះ​អាសន្ន​ជា​បន្ទាន់​ចាប់​ថ្ងៃ​​ម្សិល​មិញ​នេះ។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​ដដែល អាជ្ញាធរ​ខេត្ត​នេះ​បាន​សម្រេច​បែប​នេះ បន្ទាប់​ពី​ប្រទេស​កម្ពុជា​ទទួល​រង​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ឥទ្ធិពល​នៃ​ព្យុះ​នូល (Noul) ដែល​មាន​ប្រភព​មក​ពី​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង លោក នូ ថា ប្រាប់​ថា រមណីយដ្ឋាន​ស្ថិត​នៅ​តាម​ភូមិសាស្ត្រ​ដែល​ប្រឈម​មុខ​នឹង​ជំនន់​ទឹក​ភ្លៀង​ហក់​ឡើង​ភ្លាមៗ ត្រូវ​បាន​ជូន​ដំណឹង​ឲ្យ​ផ្អាក​អាជីវកម្ម​របស់​ពួកគេ​ហើយ​ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។

លោក នូ ថា ប្រាប់​ថា​៖ «យើងថា ចាំមើលសភាពការណ៍ពីខាងលើមក​ថា ទឹកពីខាងលើមក វាលែងជន់ហើយ យើងនឹងឱ្យដំណើរការវិញ។ ខាងធនធានទឹក គេ​ព្យាករថា ត្រឹមថ្ងៃ២២។ អ៊ីចឹង យើងអាចត្រឹមថ្ងៃ២៣ ២៤អី បើថា មេឃស្រលះត្រឹមថ្ងៃ២២​ហ្នឹង​ទៅ យើងអាចឱ្យគាត់ដំណើរកាឡើងវិញបាន»

នាយក​រដ្ឋបាល​សាលា​ខេត្ត​បាត់ដំបង លោក សឿម ប៊ុនរិទ្ធ បាន​ឲ្យ​ដឹង​ថា កម្ពស់​ទឹក​នៅ​តាម​បណ្ដា​ស្ទឹង​នានា​ក្នុង​ខេត្ត​បាត់ដំបង បាន​កើន​ឡើង ប៉ុន្តែ លោក​ថា មិន​ស្ថិត​ក្នុង​កម្រិត​ប្រកាស​អាសន្ន​ដូច​បណ្ដា​ខេត្ត​ដទៃ​ទៀត​​ឡើយ។

មន្ត្រី​រូប​នេះ​ ឲ្យ​ដឹង​ទៀត​ថា រមណីយដ្ឋាន​នានា​ ដែល​ជា​កន្លែង​លេង​ទឹក​កម្សាន្ត​ស្ថិត​នៅ​តាម​ខ្សែ​ទឹក​ហូរ​នៅ​ក្នុង​ស្រុក​រតនមណ្ឌល រុក្ខគិរី និង​សំឡូត ត្រូវ​បាន​ជូន​ដំណឹង​ឲ្យ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ ដើម្បី​បង្ការ​គ្រោះ​ថ្នាក់​ចៃដន្យ​ណា​មួយ​កើត​ចេញ​ពី​ជំនន់​ទឹក​ភ្លៀង​ហក់​ឡើង​ភ្លាមៗ។

លោក សឿម ប៊ុនរិទ្ធ ប្រាប់​ថា​៖ «[អភិបាល​ខេត្ត​]​លោក​បាន​ណែនាំ​ទៅ​មន្ទីរ​ទេសចរណ៍ ត្រូវ​តែ​ផ្អាក​សិន ព្រោះ​យើង​មិន​ទុក​ចិត្ត​ទេ ព្រោះ​អាកាស​ធាតុ​ខាង​លើ​​ហ្នឹង យើង​ឃើញ​អ៊ីចឹង​មែន តែ​បើ​ភ្លៀង​ធ្លាក់​មក ទឹក​វា​ឡើង​លឿន។ ភូមិសាស្ត្រ​ព្រៃ​ភ្នំ យើង​ឃើញ​អត់​ភ្លៀងៗ​អ៊ីចឹង​ទេ ប៉ុន្តែ ហ៊ាន​តែ​ភ្លៀង​ងងឹត​បន្តិច​ ទឹក​ពេញ​ស្ទឹង​ភ្លាម​ឥឡូវ​ហើយ»

ប៉ុន្តែ លោក​ ប៊ុនរិទ្ធ បញ្ជាក់​ថា រមណីយដ្ឋាន​ទេសចរណ៍​ដទៃ​ទៀត ដែល​មិន​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ជ្រោះ​ជ្រលង​ភ្នំ ដង​ស្ទឹង និង​បឹង​បួរ នៅ​តែ​អាច​បើក​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​ដដែល។

បើ​តាម​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ប្រទេស​កម្ពុជា​ត្រូវ​ទទួល​រង​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម​ទៅ​ច្រើន​នៅ​ចន្លោះ​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​កញ្ញា ដែល​ជា​​ឥទ្ធិពល​នៃ​ព្យុះ​នូល​មាន​ប្រភព​មក​ពី​សមុទ្រ​ប៉ាស៊ីហ្វិក។

ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​បាត់ដំបង លោក ឡុង ផល្គុន បាន​ឲ្យ​ដឹង​ថា ខេត្ត​នេះ​មិន​ប្រឈម​មុខ​នឹង​ទឹក​ជំនន់​ដូច​បណ្ដា​ខេត្ត​ដទៃ​ទៀត​នោះ​ឡើយ។

ប្រធាន​សហគមន៍​ទេសចរណ៍​អូរជាំ​ លោក គឹម សុង បាន​ឲ្យ​ដឹង​ថា រមណីយដ្ឋាន​របស់​លោក​ដែល​ស្ថិត​ក្នុង​ស្រុក​សំឡូត បានសម្រេចផ្អាក​ជា​បណ្ដោះ​អាសន្ន​ទៅ​តាម​សេចក្ដី​ណែនាំ​របស់​រដ្ឋបាល​ខេត្ត ប៉ុន្តែ លោក​ថា អាកាស​ធាតុ បាន​ល្អ​ប្រសើរ​វិញ​ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

លោក គឹម សុង រំពឹង​ថា រមណីយដ្ឋាន​របស់​នឹង​បើក​ដំណើរការ​ឡើង​វិញ​នៅ​ចុង​សប្ដាហ៍​នេះ ក្រោយ​ពី​សង្កេត​ឃើញ​ស្ថានភាព​អាកាស​កាន់​តែ​ល្អ​ប្រសើរ​ឡើង​វិញនោះ។

របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​​នៅ​ដើម​ឆ្នាំ​នេះ បង្ហាញ​ថា ខេត្ត​នេះ​មាន​គោលដៅ​ទេសចរណ៍​សរុប ៥២​កន្លែង​នៅ​ទូទាំង​ខេត្ត​ ក្នុង​នោះ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ដល់​ទៅ ១៧​កន្លែង ហើយ​ខេត្ត​នេះ​​ទាក់​ទាញ​បាន​ភ្ញៀវ​ទេសចរ​សរុប​ជាង ៦៨​ម៉ឺន​នាក់​កាល​ពី​ឆ្នាំ​២០១៩​កន្លង​មក ក្នុង​នោះ​មាន​ភ្ញៀវ​​បរទេស​ជាង ១០​ម៉ឺន​នាក់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ