ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ប្រតិកម្ម​នឹង​ទណ្ឌ​កម្ម​អាមេរិក​លើ​ក្រុមហ៊ុន​ចិន UDG នៅ​ខេត្ត​កោះកុង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ រូបភាព៖ ជន ចាន់រ៉ែន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ប្រតិកម្មតបទៅនឹងការដាក់ទណ្ឌកម្ម​របស់​អាមេរិក​ទៅ​លើ​ក្រុមហ៊ុន​ចិន Union Development Group (UDG) ដែល​កំពុង​វិនិយោគ​លើ​គម្រោង​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដោយ​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​លើ​គម្រោង​អភិវឌ្ឍន៍។

ក្រុមហ៊ុន UGD ដែល​កំពុង​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍​តារា​សាគរ ស្ថិត​ក្នុង​ស្រុក​បុទុមសាគរ និង​ស្រុក​គិរីសាគរ ខេត្ត​កោះកុង ត្រូវ​បាន​ក្រសួង​រតនាគារ​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន។

រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​បែប​នេះ ដោយ​លើក​ឡើង​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ​កំពុង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស និង​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត។

ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និយាយថា ការចោទប្រកាន់ថា ក្រុមហ៊ុន UDG ជាកម្មសិទ្ធរបស់រដ្ឋាភិបាលចិន ដែល​ភាគហ៊ុនទាំងអស់កាន់កាប់ដោយក្រុមហ៊ុន Tianjin Union Development Group Co.,Ltd គឺ​ជាព័ត៌មានមិនពិត។

​ស្ថាប័ន​មួយ​នេះ អះ​អាង​ថា អ្វី​ដែល​រដ្ឋាភិបាល​លើក​ឡើង គឺ​ខុស​ពី​ឯកសារចុះបញ្ចីជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ដែល​បញ្ជាក់ថា ក្រុមហ៊ុន UDG គឺ​ជាក្រុមហ៊ុនឯកជន​ ដែលត្រូវ​បានបង្កើតឡើងកាល​ពី​ឆ្នាំ១៩៩៥ និងមានជំនាញខាង​វិនិយោគ​អចលទ្រព្យ។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និយាយ​ទៀតថា ក្រុមហ៊ុន UDG មិន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​កម្ពុជា​នោះ​ឡើយ ប៉ុន្តែ បាន​ជួល​ដី​ទំហំ​ជាង ១​ម៉ឺន​ហិកតា​ពី​រដ្ឋាភិបាល​កម្ពុជា ដែល​ CDC អះ​អាង​ថា ទំហំ​នេះ​មិន​ស្ថិត​ក្រោម​ច្បាប់​ណា​មួយ​របស់​កម្ពុជា​នោះ​ឡើយ។

ក្រុមបឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏​​បាន​ច្រាន​ចោល​ផង​ដែរ​នូវ​ការ​ចោទ​ប្រកាន់​ថា គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន UDG បាន​រំលោភ​បំពាន​លើ​ដីធ្លី​ប្រជា​ពលរដ្ឋ ប៉ះ​ពាល់​ដល់​បរិស្ថាន និង​ការចោទ​ថា គម្រោង​នឹង​ត្រូវ​ប្រើ​ប្រាស់​ធ្វើ​ជា​មូលដ្ឋាន​យោធា។

ក្រុមហ៊ុនចិន UDG​ ទទួល​​បាន​​ដី​សម្បទានពីរដ្ឋាភិបាល​កម្ពុជាទំហំ​ ៣៦ ០០០​​ហិ​ក​តា នៅខេត្ត​កោះ​កុង​​កាល​ពី​​ឆ្នាំ​២០០៨ ​សម្រាប់​កិច្ចសន្យា​ជួល​រយៈ​ពេល ​៩៩​​ឆ្នាំ​ ដើម្បី​អភិវឌ្ឍជា​​​មណ្ឌល​​កម្សាន្ត​​ទេស​ចរណ៍​​ធម្ម​ជាតិ​​​ ដោយ​វិនិយោគ​ទឹក​​ប្រាក់ ៣.៨​ពាន់​​លាន​​ដុល្លារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ